NASA ប្រកាស​អំពី​ផែនការ​លម្អិត​សម្រាប់​បេសកកម្ម​ឡើង​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ជាថ្មី

NASA ប្រកាស​អំពី​ផែនការ​លម្អិត​សម្រាប់​បេសកកម្ម​ឡើង​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ជាថ្មី

ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) កាលពី​ថ្ងៃទី 7ធ្នូ បានប្រកាស​ឱ្យដឹង​អំពី​របាយការណ៍​បឋម​មួយ​ដែល​និយាយ​លម្អិត​អំពី​គោលដៅ​អាទិភាព​សម្រាប់​ក្រុម​អវកាស​ចរ​នៅក្នុង​បេសកកម្ម Artemis នាពេលខាងមុខ។

មួយ​ក្នុងចំណោម​គោលដៅ​នានា​របស់​បេសកកម្ម​ខាងលើ នឹង​នាំយក​សំណាក​ដី​ដែលមាន​ទម្ងន់ 85 គីឡូក្រាម ដែល​រួមមាន​ទាំង​សំណាក​នៅលើ​ផ្ទៃ​ខាងលើ និង​ខាងក្រោម​ដី​របស់​ឋាន​ព្រះ​ចន្ទ ត្រលប់​មកកាន់​ផែនដី ដែល​នេះ​គឺជា​បរិមាណ​ដ៏​ច្រើន បើ​ធៀប​នឹង​ទម្ងន់​មធ្យម 64 គីឡូក្រាម​ដែល​អវកាស​ចរ​ក្នុង​បេសកកម្ម Apollo បាន​នាំមក​កាន់​ផែនដី ចាប់ពី​ឆ្នាំ 1969 ដល់​ឆ្នាំ 1972។

«ព្រះ​ចន្ទ​មាន​សក្ដានុពល​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​ធំធេង ហើយ​ក្រុម​អវកាស​ចរ​នឹង​ជួយ​ឱ្យ​យើង​ស្រាវជ្រាវ​ទៅលើ​វា» អនុប្រធាន​របស់​គណៈ​កម្ម​ការ​នៃ​បេសកកម្ម​វិទ្យាសាស្ត្រ​របស់ NASA លោក Thomas Zurbuchen និយាយ​ដូច្នេះ។

របាយការណ៍​ដែលមាន​កម្រាស់ 188 ទំព័រ បាន​គូសវាស​នូវ​គោលដៅ​វិទ្យាសាស្ត្រ​អាទិភាព​ជាច្រើន​សម្រាប់​បេសកកម្ម Artemis ដែល​នឹង​ត្រូវបាន​ដំណើរការ​ចាប់ពី​ឆ្នាំ 2021។

ក្នុងនោះដែរ បេសកកម្ម Artemis I នឹងមាន​ការសាកល្បង​ប្រព័ន្ធ​បាញ់​បង្ហោះ​ក្នុង​ទី​អវកាស និង​យាន Orion គ្មាន​មនុស្ស​បើក ដែល​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ 2021។ ពីរ​ឆ្នាំ​បន្ទាប់ NASA នឹង​ដំណើរការ​បេសកកម្ម Artemis II ជាមួយនឹង​ការសាកល្បង​លើ​យានអវកាស​មាន​មនុស្ស​បើក ដែល​នឹង​ហោះ​ទៅកាន់​គន្លង​គោចរ​ផែនដី ប៉ុន្តែ​មិន​ទាក់ទង​នឹង​ការចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ។ ភារកិច្ច​សំខាន់​ជាងគេ នោះ​គឺ បេសកកម្ម Artemis III ដែល​នឹង​នាំ​មនុស្ស​ឡើងទៅ​ជាន់​ភព​រណប​ធម្មជាតិ​រប​ស់​ផែនដី​នេះ នៅក្នុង​ឆ្នាំ 2024 ក្នុងនោះ​ក៏​នឹងមាន​អវកាស​ចរ​ជា​ស្ត្រី​មួយរូប​ដំបូង​គេ​ផងដែរ។

ក្រុម​អវកាស​ចរ​នឹងត្រូវ​ចំណាយពេល​ត្រឹមតែ 6ថ្ងៃ​កន្លះ នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ប្រមូល​សំណាក​ដី និង​ថ្ម និង​ស្វែងយល់​បន្ថែម​អំពី​ទីឋាន​នេះ។ គោលដៅ​ចុងក្រោយ​របស់ NASA គឺ​ការសាងសង់​មូលដ្ឋាន Artemis នៅលើ​ឋាន​ព្រះ​ចន្ទ​ឱ្យបាន​មុន​ដំណាច់​ទសវត្សរ៍ 2030 ដែល​នេះ​គឺជា​មហិច្ឆតា​ដ៏​ធំ​សម្បើម​មួយ​ទាមទារ​ឱ្យមាន​ជំនួយ​រាប់ម៉ឺន​លាន​ដុល្លារ និង​ត្រូវការ​ការយល់ព្រម​ពី​ប្រធានាធិបតី ក៏ដូចជា​សភា​អាមេរិកាំង។

NASA ប្រកាសអំពីផែនការលម្អិតសម្រាប់បេសកកម្មឡើងជាន់ដីឋានព្រះចន្ទជាថ្មី
គោលដៅចុងក្រោយរបស់ NASA គឺការសាងសង់មូលដ្ឋាន Artemis នៅលើឋានព្រះចន្ទឱ្យបានមុនដំណាច់ទសវត្សរ៍ 2030

នៅក្នុង​បេសកកម្ម Artemis III ក្រុម​អ្នកជំនាញ​មាន​គម្រោង​បង្កើត​បណ្ដាញ​វីដេអូ និង​ទិន្នន័យ​ក្នុងពេល​តែមួយ​ដែល​ភ្ជាប់​ពី​ក្រុម​អ្នក​អវកាស​នៅលើ​ឋាន​ព្រះ​ចន្ទ​ទៅកាន់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅលើ​ផែនដី។ ពួកគេ​ក៏​ស្នើឱ្យ​បង្កើត​ឧបករណ៍​ដែលមាន​ទម្ងន់​ស្រាល​ជាង​មុន និង​អាចបំពេញ​ភារកិច្ច​បាន​ច្រើនជាង​មុន។

ក្រៅពីនេះ NASA ក៏​នឹង​ពិនិត្យ​ទៅលើ​ការដំឡើង​ជាមុន​នូវ​ឧបករណ៍​វិទ្យាសាស្ត្រ​នៅក្នុង​តំបន់​ក្បែរ​ខាង​នៃ​ទីតាំង​ចុះចត Artemis III ក្នុងនោះ​មានដូចជា ឃ្លាំង​ផ្ទុក​សម្ភារ​សម្រាប់​ក្រុម​អវកាស​ចរ​ប្រើប្រាស់​ពេល​ឡើងដល់​ឋាន​ព្រះ​ចន្ទ រួម​នឹង​រ៉ូ​បូត​ស្រាវជ្រាវ​មួយគ្រឿង ឬ​ច្រើន​គ្រឿង ដើម្បី​តាមដាន​បរិស្ថាន​នៅ​ជុំវិញ៕

ប្រភព៖ AFP

Advertisement