បើចង់បានឆ្នាំងសាក Wireless ប្រើជាមួយ iPhone 12 Series មានតម្លៃ 39ដុល្លារ

ក្នុង​កម្មវិធី​ប្រចាំឆ្នាំ Hi,Speed របស់ Apple ដែល​ទើបនឹង​បញ្ចប់ទៅថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ ក៏បាន​ប្រកាស​ចេញលក់ ឆ្នាំង​សាក Wireless  2ម៉ូ​ដែល​ផងដែរ គឺ MagSafe និង MagSafe Duo សម្រាប់​ប្រើប្រាស់​ជាមួយ iPhone 12 Series ។

យោងតាម​ប្រភពពី Apple បានឱ្យដឹងថា តម្លៃ​របស់​ឆ្នាំង​សាក​ឥត​ខ្សែ​នោះ ចាប់ផ្តើម​ពី 39ដុល្លារ សម្រាប់​ម៉ូ​ដែល MagSafe  រីឯ​ម៉ូ​ដែល MagSafe Duo ប្រភព​មិនបាន​បញ្ចេញ​តម្លៃ​ឱ្យដឹង​នោះទេ។

ឆ្នាំង​សាក​ទាំង2 អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម ឥត​ខ្សែ កម្លាំង 15W ចំពោះ​សមត្ថ​ភាពខ្លាំង និង​កម្លាំង​សាក​របស់​វា គឺ​ខុសគ្នា ដោយ MagSafe ទុក​ប្រើ​សម្រាប់​សាក​ថាមពល​ថ្ម​ទៅឱ្យ iPhone ឬ AirPods ខណៈដែល MagSafe Duo ទុក​ប្រើពេល​សាក​ថ្ម​ទៅឱ្យ iPhone និង Apple Watch ក្នុងពេល​តែមួយ។

ទោះជា ឆ្នាំង​សាក​ឥត​ខ្សែ MagSafe និង MagSafe Duo ទាំង2នេះ ត្រូវបាន​ផលិតឡើង​ជាពិសេស​សម្រាប់​តែ iPhone 12 Series ក៏ដោយ តែ​វា​ក៏បាន​បំពាក់​បច្ចេកវិទ្យា Qi Wireless ផងដែរ ដូច្នេះ អ្នក​ក៏​អាច​ប្រើ​ជាមួយ iPhone និង​ឧបករណ៍​ដែល​បន្ទះ​ខ្នង អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ឥត​ខ្សែ​ផងដែរ គ្រាន់តែ​ពួកវា​អាច​សាក​បញ្ចូល​ថាមពល​ថ្ម បាន​ត្រឹម​កម្លាំង 7.5Wប៉ុណ្ណោះ។

Apple ក៏បាន​បង្ហាញ​ពីមុខ​ងារ​ពិសេស របស់​វា ដែល​ខុសពី​ឆ្នាំង​សាក​ឥត​ខ្សែ​ដទៃទៀត​ផងដែរ គឺ ពួកវា​ត្រូវបាន​ផលិត​ចេញមក ព្រមជាមួយ​បន្ទះ​ដែក​ឆក់ ប្រើ​សម្រាប់​ទប់ មិនឱ្យ​វា​រអិល​ចេញពី​ទីតាំង​ផ្តល់​ថាមពល ដើម្បី​ធានាថា ឧបករណ៍​ដែល​កំពុង​សាក​ថ្ម ទទួល​ថាមពល​ថ្ម​បាន​ថេរ និង​មាន​ល្បឿន​លឿន។

ហេតុនេះហើយ បើសិនជា​អ្នក​ចង់​ប្រើប្រាស់ iPhone 12 Series ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​បាន​កម្លាំង 15W អ្នក​ត្រូវតែ​ទិញ​ឆ្នាំង​សាក​ឥត​ខ្សែ MagSafe / MagSafe Duo ប្រភេទ​ឆក​ទាំង2នេះ ដែលជា​ផលិតផល​ផ្លូវការ អាជ្ញាប័ណ្ណ​ពី Apple ផ្ទាល់​តែម្តង៕

Advertisement