តារាសិល្បៈជាច្រើនដួង រួមគ្នាជាមួយកញ្ញា Pak Bom ខ្មែរ ចែកអំណោយដល់កុមារកំព្រានៅស្រុកកណ្ដាលស្ទឹង

នៅពេលថ្មីៗនេះ តារាសិល្បករជាច្រើនដួងពីក្រុមគ្រួសារតារាកម្ពុជា រួមគ្នាជាមួយតារា Facebook អ្នកនាង រៃ សោភា ដែលគេស្គាល់ថាជាម្ចាស់ហាង Sophea Skincare និងត្រូវបានគេឱ្យរហ័សនាមថា កញ្ញា Pak Bom ខ្មែរ នោះបានដឹកនាំជំនួយជាអង្ករ ជាថវិការ និង សម្ភារៈជាច្រើន ជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែងនៅស្រុក កណ្ដាលស្ទឹង ។ ម្នាក់ៗសុទ្ធតែបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលពេលរៀបរាប់ពីជីវិតតស៊ូចែករំលែកបទពិសោធន៍ ដល់កុមារទាំងនោះ។

ការប្រគល់ជំនួយអង្កររហូតដល់ 1 តោនកន្លះ ស្មើរនឹង 30 បេនេះ គឺជាជំនួយដោយផ្ទាល់របស់ម្ចាស់ហាង Sophea Skincare រួមទាំងតំណាងចែកចាយ ដោយអ្នកស្រីបានយកទៅប្រគល់ដោយផ្ទាល់នៅទីតាំងមណ្ឌល ដោយមានតំណាងចែកចាយជាច្រើនរូបចូលរួម។ នេះគឺជាជំនួបសួរសុខទុក្ខកុមារកំព្រាទ្រង់ទ្រាយធំមួយ ដែលមានការសហការណ៍ពី គ្រួសារតារាកម្ពុជា ខណៈដែលសិល្បៈករដែលបង្ហាញវត្តមាននៅទីនោះមិនត្រឹមតែបរិច្ចាគពេលវេលា និងសំណេះសំណាលលើកទឹកចិត្តដល់ក្មេងកំព្រាប៉ុណ្ណោះនោះទេ តែក៏មានការបរិច្ចាគជាថវិការរៀងៗខ្លួន ដោយសរុបជាថវិការ និងជំនួយ ក៏ច្រើនគួរសមផងដែរ។

អ្នកនាង លី ម៉ារីណា ថាក្នុងនាមអ្នកនាងដែលបានចូលរួមដោយផ្ទាល់ អ្នកនាងក៏បានបរិច្ចាគនូវថវិការផ្ទាល់ខ្លួនមួយចំនួនផងដែរ ដើម្បីរួមចំណែកជាមួយម្ចាស់ហាង Sophea Skincare អ្នកនាងចង់ឃើញសកម្មភាពសប្បុរសធម៌បែបនេះកើតមានកាន់តែច្រើន ដើម្បីជាការបំផុសនូវអំពើល្អក្នុងសង្គម។

អ្នកនាង ម៉ៅ ស៊ីណាត និង កញ្ញា សូ ដានីតា ក៏បង្ហាញការចាប់អារម្មណ៍ស្រដៀងគ្នាផងដែរថា សកម្មភាពសប្បុរសធម៌របស់អ្នកស្រី រៃ សោភា គឺជាអ្វីដែលអ្នកសិល្បៈដូចជារូបអ្នកនាងគាំទ្រយ៉ាងពេញទំហឹង។ អ្នកទាំងពីរក៏ទទូចឱ្យសប្បុរសជនដ៏ទៃទៀត រួមចំណែកជួយដល់សមាគមកុមារកំព្រាមួយនេះឱ្យអស់ពីលទ្ធភាពបន្តទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ក្មេងៗដែលប្រឈមនឹងការលំបាកជាច្រើននៅក្នុងសមាគម។

អ្នកស្រី ប៉ូ ស្រីគង់ ប្រធានសមាគម ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារកម្ពុជា បានអះអាងថា មណ្ឌលរបស់អ្នកស្រីចិញ្ចឹមក្មេងកំព្រាប្រមាណជា 7 ឆ្នាំមកហើយ ដោយមកដល់បច្ចុប្បន្នមានក្មេងៗសរុបចំនួន 69 នាក់។ អ្នកស្រីថាបើទោះបីជាមានការជួយជ្រោមជ្រែងពីសំណាក់សប្បុរសជនខ្លះ ក៏កង្វះខាតនៅតែកើតមាន ពិសេសការចំណាយលើម្ហូបប្រចាំថ្ងៃ និងខ្វះកន្លែងស្នាក់នៅរបស់ក្មេងតែម្ដង។

Advertisement