ននោងជ្រុង មានឈ្មោះខាងវិទ្យាសាស្រ្តថា Luffa acutangula Roxb. ជារុក្ខជាតិវល្លិ៍វារតោង មានអាយុកាលខ្លី អាចទ្រាំទ្រនឹងធាតុអាកាសក្ដៅស្ងួត ភ្លៀងផ្គរ គ្មានរោគបៀតបៀន និងសត្វល្អិតរំខានឡើយ មានដៃ ឬប្រមោយចាប់តោងជួយយឹតយោងដើម។ ននោងជ្រុងខុសពីននោងប្រភេទផ្សេងទៀតត្រង់ដែលផ្លែមានលក្ខណៈជាទ្រនុងជ្រុងច្រើនជ្រុង វែងតាំងពីទងរហូតដល់ចុងផ្លែ សម្បករាងគ្រើម មានពណ៌បៃតងចាស់ មានផ្កាពណ៌លឿងស្រស់ និងរីកនៅពេលល្ងាច។ សម្រាប់ពូជដែលដាំដុះនៅមិនទាន់មានការបែងចែកលម្អិតច្បាស់លាស់នៅឡើយ ភាគច្រើនជាពូជតាមតំបន់ អាចលូតលាស់ធំធាត់បានល្អគ្រប់រដូវកាល សីតុណ្ហភាពដែលស័ក្តិសមល្អ គឺប្រមាណ 20 -30អង្សា និងត្រូវការពន្លឺថ្ងៃចំរហូតពេញមួយរយៈពេលដាំដុះ(ដាំនៅកណ្ដាលវាល)។
– ការដាំដុះ
. ការត្រៀមដី ៈ ននោងជ្រុងមានប្រព័ន្ធចាក់ឫសជ្រៅកម្រិតមធ្យម ដូច្នេះចូរភ្ជួរដីជម្រៅប្រមាណ 20 – 25សង់ទីម៉ែត្រ។ ហាលដីទុកចោល 7ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុស រួចរាស់ច្របល់ដីឱ្យចូលគ្នា។ បើជាដីស្អិត និងដីខ្សាច់ គួរបន្ថែមចំនួនការដាក់ជីឱ្យបានច្រើនជាងដីប្រភេទផ្សេង និងបើរកឃើញថា ដីមានសភាពជាអាស៊ីតច្រើន ចូរដាក់កំបោរ-សដើម្បីជួយសម្រួលសភាពដី បន្ទាប់ពីនោះសឹមរាស់ដីកិនឱ្យម៉ដ្ឋល្អិតមុននឹងធ្វើការបណ្ដុះដាំ។
. វិធីការដាំ ៈ ជីករណ្ដៅជម្រៅប្រមាណ 2 – 4សង់ទីម៉ែត្រ ដោយទុកចម្ងាយឆ្ងាយពីគ្នា 1.5ម៉ែត្រ ចម្ងាយពីមួយជួរទៅមួយជួរ 1ម៉ែត្រ។ ទ្រាប់បាតរណ្ដៅដោយជីកំប៉ុសសរីរាង្គប្រមាណ 1 – 2គីឡូក្រាមក្នុង 1រណ្ដៅ រួចទម្លាក់គ្រាប់ពូជចូលទៅ 4 – 5គ្រាប់ ក្នុង 1រណ្ដៅ(ករណីមិនចាំបាច់បណ្ដុះកូនជាមុន) ឬយកកូនននោងមកដាក់ដាំក្នុង 1រណ្ដៅ 1ដើម បន្ទាប់មកលុបពីលើដោយដីលាយជាមួយលាមកគោបន្តិច មុននឹងយកចំបើងស្ងួតមកគ្របពីលើមួយជាន់ទៀត។ ក្នុងករណីដាក់ដាំដោយគ្រាប់ បន្ទាប់ពីដាំបាន 10 – 15ថ្ងៃ គួរដកកូនននោងចេញខ្លះ ដោយទុកឱ្យនៅសល់តែមួយដើមបានហើយ។
ការធ្វើទ្រើង ពេលចូលដល់អំឡុងថ្ងៃទី15 – 20 ក្រោយការដាំ គួរធ្វើទ្រើងទុកឱ្យកូនននោងវារឡើង ដោយដោតឈើទ្រើងវែងៗប្រមាណ 2 – 2.5ម៉ែត្រ ដាក់ឱ្យមែកទ្រើងប៉ះគ្នា រួចចងផ្នែកខាងចុងទ្រើងចូលគ្នា។
– វិធីការមើលថែទាំរក្សា
. ការស្រោចទឹក ៈ គួរស្រោចទឹកយ៉ាងជាប់លាប់រៀងរាល់ថ្ងៃ 1ថ្ងៃ 1ដង ឬព្រឹក – ល្ងាចក្នុងរដូវក្ដៅ។ ការបង្ហូរទឹកតាមចន្លោះរងគឺជារឿងដែលល្អបំផុត ព្រោះមិនគួរឱ្យដើមននោងខ្វះទឹកក្នុងអំឡុងពេលចេញផ្កា និងក្ដិបជាដាច់ខាត។
. ការដាក់ជី ៈ នៅពេលដើមននោងអាយុបាន 25 – 30ថ្ងៃ ចូរជ្រំដីជុំវិញឆ្ងាយពីដើម 10សង់ទីម៉ែត្រ រួចដាក់ជីកំប៉ុសប្រមាណ 1ក្ដាប់ដៃក្នុង 1រណ្ដៅ មុននឹងលុបដីទៅវិញ បន្ទាប់ពីនោះចូរដាក់ជីកំប៉ុសសរីរាង្គជុំវិញគល់តាមប្រក្រតីរៀងរាល់ 10 – 15ថ្ងៃម្ដង។
. ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ គួរបាញ់ទឹកថ្នាំឱសថបុរាណដែលត្រាំពីសម្បកស្ដៅ ដើមស្បៃរឿងរៀងរាល់ 7ថ្ងៃម្ដង ដើម្បីកម្ចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំ។
– វិធីប្រមូលផល
អាយុការប្រមូលផលស្ថិតក្នុងអំឡុងពេលប្រមាណជា 50 – 60ថ្ងៃបន្ទាប់ពីទម្លាក់គ្រាប់ពូជដាក់ដាំ។ គួរជ្រើសរើសប្រមូលផលនៅពេលដែលផ្លែននោងជ្រុងនៅខ្ចី មានប្រវែងប្រមាណជា 15 – 20សង់ទីម៉ែត្រ ដើម្បីឱ្យសាច់ផ្លែននោងនៅសខ្ចី ទន់ល្មមបរិភោគ។ មិនគួរទុកឱ្យផ្លែចាស់នៅលើដើមឡើយ ព្រោះនឹងកើតមានការដណ្ដើមជីវជាតិអាហាររវាងផ្លែផ្សេងទៀត ធ្វើឱ្យទទួលបានបរិមាណតិច និងផ្លែមិនសូវវែងរលូនល្អ តែក្នុងករណីទុកផ្លែធ្វើពូជ អាចបណ្ដោយទុកឱ្យទុំនៅលើដើមបាន មុននឹងបេះយកមកប្រឡេះយកគ្រាប់ពូជទៅហាលថ្ងៃរហូតស្ងួត និងរក្សាទុកសម្រាប់ដាំដុះជាបន្ត៕