Lukaku បំពេញចិត្ត​លោក Mourinho នៅ​ថ្ងៃ​បង្ហាញខ្លួន​ជា​លើកដំបូង​ឲ្យ Man Utd

ខ្សែប្រយុទ្ធ Romelu Lukaku បាន​ឆ្លើយតប​ចំពោះ​ការទាមទារ​របស់លោក Jose Mourinho ដែលថា រូបគេ​គួរតែ​ក្លាយជា​អ្នកដឹកនាំ​របស់​ក្រុម Manchester United នោះ​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​នៅ​ថ្ងៃ​នៃ​ការបង្ហាញ​ខ្លួន​ក្នុង​ក្របខ័ណ្ឌ Premier League ជា​លើកដំបូង​របស់គេ​ក្នុងនាម​ជា​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម West Ham United យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-០ នៅ​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃអាទិត្យ។

Lukaku បា​នរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី33 មុនពេល​បន្ថែម​ការនាំ​មុខ​ឱ្យ​ក្រុម Man Unitedមួយ​គ្រាប់​ទៀត​នៅ​នាទី​ទី8នៃ​តង់​ទី2។ ការរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បន្ថែមទៀត​ពី​សំណាក់​ខ្សែប្រយុទ្ធ Anthony Martial និង​ខ្សែបម្រើ Paul Pogba នៅ​នាទី​ទី87 និង9០ បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Mourinho ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង ដោយសារ​តែមាន​គ្រាប់​បាល់​ច្រើនជាងគេ។ បន្ទាប់មក Lukaku ដែល​បាន​ផ្ទេរ​មកពី​ក្លិប Everton ក្នុងតម្លៃ​ខ្លួន75លាន​ផោន (ស្មើនឹង96លាន​ដុល្លារ​អាមេរិក) នោះបាន​ប្រកាសថា រូបគេ​កំពុងតែ​ឆ្លើយតប​ទៅនឹង​ការទទួលខុសត្រូវ និង​បន្ទុកផ្សេងៗដែល​លោក Mourinho បានដាក់​លើ​ស្មា​របស់គេ។ ខ្សែប្រយុទ្ធ​វ័យ24ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «អ្នកចាត់ការ​ទូទៅ​ចង់​ឲ្យ​ខ្ញុំ​ក្លាយជា​អ្នកដឹកនាំ​ម្នាក់​សម្រាប់​ក្រុម​នេះ និង​បង្កើត​ភាព​អស្ចារ្យ​ឲ្យ​បាន​ច្រើន​តាម​ដែល​ខ្ញុំ​អាច»។ Lukaku បាន​ប្រាប់​បន្តថា៖ «យើង​បានធ្វើ​ការងារ​ដ៏​លំបាក​ក្នុងពេល​ហ្វឹកហាត់ ហើយ​វាទ​ទួលបាន​ផល​តបស្នង​មកវិញ។ នៅពេលដែល​អ្នកលេង​ឲ្យ​ក្រុម Manchester United អ្នកមាន​ការងារ​មួយ​ក្នុង​ការធ្វើ ហើយ​ការងារ​របស់ខ្ញុំ​គឺ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បាន​ច្រើន​បំផុត»។

Lukaku បាន​បន្ថែមទៀតថា៖ «វា​គឺជា​ពាក្យសន្យា  អ្នកគាំទ្រ​ចង់ឃើញ​ការប្រកួត​បាល់ទាត់​ដ៏​គួរ​ឲ្យ​ទាក់ទាញ ហើយ​យើង​ត្រូវតែ​រក្សា និង​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​បែប​នោះ។ ពួកគេ​នឹង​រីករាយ​នៅថ្ងៃនេះ។ នេះ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ។ យើង​ត្រូវតែ​រក្សា​ការធ្វើការ​តាម​គម្រោង​របស់​អ្នកចាត់ការ​ទូទៅ»៕

ប្រភពពី៖ The Guardian

Advertisement