ឈប់​យក​លេស​ថា រវល់ ហើយ​ចាប់ផ្តើម​អាន​ជាមួយ​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព

មនុស្ស​ជាច្រើន​នៅ​កម្ពុជា​កំពុង​រអ៊ូ​ពី​ភាព​រវល់​របស់ខ្លួន ហើយ​មិន​ព្រម​ចាប់ផ្តើម​អាន បើទោះបីជា​ដឹងថា ការអាន​មាន​សារៈសំខាន់​សម្រាប់​ជីវិត​ក៏ដោយ។ មាន​អ្នកខ្លះ ចាយ​ពេលទំនេរ​ជាច្រើន​នៅក្នុង​ចន្លោះពេល​រវល់​ដោយ​ឥតប្រយោជន៍ ហើយ​មិន​ព្រម​អាន ខណៈ​អ្នក​ខ្លះទៀត​មិនដឹង​ជាមាន​វិធី​អ្វី​អាចឱ្យ​ខ្លួន​អាច​អាន​បាន​នៅពេលដែល​ការងារ​មមាញឹក​រាល់ថ្ងៃ។

ខាងក្រោម​នេះ ជា​វិធីសាស្ត្រងាយៗមួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​សម្រាប់​អ្នក​រវល់​ឱ្យ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ទទួលបាន​ចំណេះដឹង និង​ប្រភព​នៃ​ព័ត៌មានថ្មីៗសម្រាប់​ជីវិត​តាមរយៈ​ការអាន។

1.យក​សៀវភៅ​តាម​ខ្លួន

មនុស្ស​មួយចំនួន​គិតថា វា​ជា​រឿង​ដែល​គួរឱ្យ​ខ្មាស​គេ​នៅពេលដែល​អង្គុយ​អាន​តែម្នាក់ឯង​នៅ​កន្លែង​រង់ចាំ​ឡានក្រុង នៅពេល​រង់ចាំ​អ្នកណាម្នាក់​ក្នុង​ហាង​កាហ្វេ នៅមុខ​ការិយាល័យ នៅក្នុង​ឡាន ឬ​នៅតាម​ទីសាធារណៈ​មួយចំនួន។ តាមពិត​បញ្ហា​នេះ​នឹង​លែង​កើតជា​បញ្ហាសំខាន់​ទៀតហើយ​ប្រសិនបើ​យើងទាំងអស់គ្នា​ដាក់ចិត្ត​ថា​ធ្វើ​វា បើទោះបីជា​នៅ​កម្ពុជា​មិនសូវមាន​អ្នកអាន​ច្រើន​ក៏ដោយ។ អ្នក​ទាំងអស់គ្នា​អាច​សាកល្បង​គិត​ទៅ​មើលថា តើ​ក្នុង​មួយ​សប្តាហ៍​យើង​អាច​អាន​បាន​ប៉ុន្មាន​ទំព័រ​ដោយ​គ្រាន់តែ​ចំណាយពេល​ប្រមាណ​ជា 20នាទី ឬ​ច្រើនជាង​នេះ​នៅពេល​រង់ចាំ​នោះ។

ប្រសិនបើ​អ្នក​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការអាន​សៀវភៅ​ដោយ​មិន​ប្រកាន់​ពេលវេលា​នោះ អ្នកនឹង​ទទួលបាន​នូវ​ការ​សម្រាក​យ៉ាង​ល្អ ព្រោះ​អ្នកទទួលបាន​ព័ត៌មានថ្មីៗរៀងរាល់ថ្ងៃ​ដោយ​ការអាន​បន្ត​ភាគ មួយថ្ងៃបន្តិចៗរហូតដល់​ចប់ និង​បន្តទៅ​ឯកសារ​សំខាន់ផ្សេងៗទៀត។

  1. យក​ការអាន​ដើម្បី​ធ្វើ​ជាការ​សម្រាក​មុននឹង​បន្តការងារ​ថ្មី

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកធ្វើការ​ការិយាល័យ​បាន​កើនឡើង ហើយ​ទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ក៏មាន​ការផ្លាស់ប្តូរ ដោយ​រស់នៅក្នុង​ភាព​ស៊ី​វិ​ល័យ តែ​មមាញឹក​កាន់តែខ្លាំង​ជាមួយនឹង​ការងារ​នៅក្នុង​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ។ ការ​មមាញឹក​ខ្លាំង​ធ្វើឱ្យ​មនុស្ស​ភាគច្រើន​កាត់ផ្តាច់​ខ្លួនឯង​កាន់តែ​ឆ្ងាយ​ពី​ការអាន​ដោយ​សំអាង​លើ​ហេតុផល​ថា “គ្មាន​ពេល​អាន‟ តែ​តាមពិតទៅ​នៅ​ចន្លោះពេល​ដកឃ្លា​ពី​ការងារ ការអាន​ជា​វិធី​ល្អ​បំផុត​សម្រាប់​បង្កើន​ថាមពល​ការងារ។ សម្រាប់​អ្នកធ្វើការ​រវល់​អ្នក​អាច​ឆ្លៀតពេលខ្លះៗក្នុងពេល​ការងារ​ដើម្បី​អាន​មុននឹង​ចាប់ផ្តើម​ការងារ​បន្ត ចៀសវាង​ធ្វើឱ្យ​ខ្លួនឯង​ស្មុគស្មាញ​ជាមួយនឹង​រឿង​ដែល​មិន​នាំ​ប្រយោជន៍​ដល់​ខ្លួនឯង។ នៅពេលដែល​មនុស្ស​ម្នាក់​ធ្វើ​ការងារ​ច្រើន​ម៉ោង ខួរក្បាល​ប្រាកដជា​មាន​ភាព​នឿយហត់ ហេតុនេះ​អ្នក​អាច​ដកឃ្លា​ពី​ការងារ​ប្រមាណ​ជា15នាទី​ដើម្បី​អាន ហើយ​ទើប​ចាប់ផ្តើម​ការងារ​ថ្មី​បន្តបន្ទាប់​ទៀត នោះ​អ្នកនឹង​ឃើញ​ពី​ប្រសិទ្ធភាព​ជាក់​ជាមិនខាន។ ការធ្វើ​បែបនេះ​គឺជា​ការប្រើប្រាស់​អស់​លទ្ធភាព​ដែល​ខ្លួន​មាន​ដើម្បី​ធ្វើ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព វា​មិន​ខុសពី​យើង​យួរ​របស់របរ​ដៃ​ឆ្វេង​អស់កម្លាំង​យើង​ក៏​ផ្លាស់ប្តូរ​មក​យួរ​នៅ​ដៃស្តាំ​មួយរយៈ​មុននឹង​ផ្លាស់​ទៅ​ដៃ​ឆ្វេង​វិញ។

  1. បង្កើត​ទម្លាប់​អានខ្លីៗនៅពេល​ល្ងាច

វា​ជា​រឿង​ពិបាក​មួយ​ដែល​ពេល​សម្រាក​ពី​ការងារ ហើយ​ទៅដល់​ផ្ទះ​ត្រូវ​អាន​សៀវភៅ តែ​ប្រសិនបើ​អ្នកជា​អ្នក​ចូលចិត្ត​អាន អ្នកនឹង​ដឹងថា ការអាន​សៀវភៅ​ជាការ​សម្រាក​យ៉ាង​មាន​សេចក្តីសុខ​សម្រាប់​ជីវិត។ ប្រសិនបើ​អ្នក​បាន​ចំណាយពេល​តិចតួច​សម្រាប់​ខ្លួនឯង​ដើម្បី​អាន​មុននឹង​ប្រើ​ពេលនោះ​សម្រាប់​គ្រួសារ អ្នកនឹង​អាច​ទទួល​សុភមង្គល​ជាច្រើន​សម្រាប់​ជីវិត។ ដើម្បី​សម្រេច​ជោគជ័យ​លើ​វិធី​នេះ​អ្នក​ត្រូវតែ​បង្កើត​ទម្លាប់​នៃ​ការអាន​ជាមុនសិន​ព្រោះ​ប្រសិនបើ​អ្នក​មិនមាន​ទម្លាប់​នៃ​ការអាន​ទេ អ្នកនឹង​ទៅជា​ងងុយដេក ហើយ​ធុញ​លើស​ដើម។

ដើម្បី​បង្កើត​ទម្លាប់​នៃ​ការអាន​ឱ្យ​ជោគជ័យ អ្នក​អាច​សាកល្បង​ចាយ​ពេល​ត្រឹមតែ 15 ទៅ 20 នាទី​រៀងរាល់ថ្ងៃ ហើយ​ឱ្យ​ទៀងទាត់​ដើម្បី​អាន​នូវ​អ្វីដែល​អ្នក​ចូលចិត្ត​បំផុត​រាល់ថ្ងៃ។ ពេលនោះ​អ្នក​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​ជាមួយ​នឹង​ការ​សម្រាក​ដែល​ខ្លួន​ពេញចិត្ត ហើយ​បន្ត​ទៅជា​អត់​អាន​មិនបាន និង​អាច​អភិវឌ្ឍ​ទៅជា​អ្នកអាន​សៀវភៅ​រាប់រយ រាប់ពាន់​ក្បាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ដោយ​ចាយ​ពេលវេលា​តិចតួច​តែប៉ុណ្ណោះ។ ការមិន​មើលរំលង​រឿង​តូច ហើយ​ចាប់ផ្តើម​ធ្វើការ​សន្សំ​ចំណេះដឹង​ម្តងបន្តិចៗ និង​ធ្វើឱ្យ​អ្នក​ចំណេញ​ច្រើន​រហូត​ស្មាន​មិន​ដល់៕

Advertisement