Neymar បង្កើត​ភាព​អស្ចារ្យ​នៅ​ថ្ងៃ​បង្ហាញខ្លួន​លើកដំបូង​ឲ្យ PSG

ខ្សែប្រយុទ្ធ Neymar មិនបាន​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​បង្កើត​ភាព​អស្ចារ្យភ្លាមៗនៅលើ​ទីលាន​សម្រាប់​ក្រុម Paris Saint-Germain ឡើយ ក្រោយពី​រូបគេ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 3-0 នៅលើ​ទឹកដី​ក្រុម Guingamp កាលពី​ថ្ងៃអាទិត្យ និង​បាន​បញ្ជាក់ថា រូបគេ​មាន​អារម្មណ៍​ថា ហាក់​មាន​ភាពរស់រវើក​ជាង​មុន។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង ដោយ​លោកគ្រូ​បង្វឹក Unai Emery សម្រាប់​ការប្រកួត​នៅ​ទីក្រុង Brittany ក្នុង​រយៈពេល2ថ្ងៃ ក្រោយពី​បានទទួល​លិខិត​ឲ្យ​ធ្វើ​ការងារ​សម្រាប់​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​របស់គេ​ក្នុង​ទឹកប្រាក់​ចំនួន 222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Barcelona រួចមក។ តារា​ឆ្នើម​វ័យ 25ឆ្នាំ​រូបនេះ​ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​លឿង​របស់​ក្រុម PSG នោះបាន​លេង​ក្នុងតួនាទី​ដ៏​សំខាន់​ក្នុងពេល​កីឡាករ Jordan Ikoko បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​ដើមតង់​ទី2។

បន្ទាប់មក រូបគេ​បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ Edinson Cavani រកបាន​គ្រាប់​បាល់​ទី2សម្រាប់​ក្រុម​ខ្លួន តាមរយៈ​ការ​អូស​បាល់​ផុត​ខ្សែការពារ​របស់​ក្រុម Guingamp រួច​បញ្ជូន​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​មុនពេល​បំពេញ​ជ័យជម្នះ​ដ៏​កក់ក្តៅ​មួយ​សម្រាប់​ក្រុម​ថ្មី​របស់ខ្លួន​ជាមួយនឹង​គ្រាប់​បាល់​ទី3នៃ​ក្រុម​របស់គេ​នៅ​ជិត​បញ្ចប់​ការប្រកួត ខណៈដែល PSG បាន​កត់ត្រា​ជ័យជម្នះ2លើក​ពី​ការប្រកួត​ទាំង2លើកដំបូង​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ​របស់​បារាំង។ Neymar បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «មនុស្ស​ជាច្រើន​គិតថា ការចាកចេញ​ពី​ក្លិប Barca នឹងធ្វើ​ឲ្យ​ស្លាប់ ប៉ុន្តែ​មិនមែន​ទេ វា​ផ្ទុយស្រឡះ​ពី​ការគិត​បែប​នោះ។ ខ្ញុំ​មាន​ភាពរស់រវើក​ជាង​មុន។ ខ្ញុំ​អាច​លេង ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់។ កីឡាបាល់ទាត់​មាន​លក្ខណៈ​ដូចគ្នា ប៉ុន្តែ​មានតែ​ប្រទេស ទីក្រុង និង​ក្រុម​នេះ​ប៉ុណ្ណោះ​ដែល​អាច​ផ្លាស់ប្តូរ»៕

ប្រភពពី៖ Sky Sport

Advertisement