ទៅលេង​សៀមរាប​លែង​បារម្ភ​ថា អត់​អី​ជិះ​ទៀតហើយ​ បើ​ស្គាល់​កន្លែង​ជួល​កង់​អគ្គិសនី​មួយ​នេះ

សម្រាប់​អ្នក​ដែល​ចង់​ទៅលេង​ខេត្តសៀមរាប​នឹង​អស់​បារម្ភ​ពី​រឿង​ថា ពិបាក​រក​កន្លែង​ជួល​យានជំនិះ​សម្រាប់​ជិះ​កម្សាន្តជិតៗក្នុង​តំបន់​ប្រាសាទបុរាណ​នានា​ទៀតហើយ ព្រោះ​ពេលនេះ លោកអ្នក​អាច​រក​ជួល​កង់​អគ្គិសនី​ជិះ​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​តម្លៃ​សមរម្យ និង​លក្ខខណ្ឌ​ដ៏​ងាយ​បំផុត។

ម្ចាស់​ហាង Ovelocity e-Bike Rental បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យដឹងថា សម្រាប់​លោកអ្នក​ដែល​មកលេង​ខេត្តសៀមរាប​ហើយ​ចង់​ជួល​កង់​ជិះ​កម្សាន្ត​ជុំវិញ​ខេត្ត អាច​មករក​សេវា​ជួល​កង់​អគ្គិសនី​ជិះ​យ៉ាង​ស្រួល​នៅទីនេះ​បាន​ជាមួយនឹង​តម្លៃ​ធូរ​ថ្លៃ ងាយស្រួល និង​មិន​ពិបាក​កក់​លុយ​អ្វី​ទាំងអស់។ លោក​បន្ដថា ចំពោះ​សេវា​ខាង​លោក​មាន​គិត​ជា​ម៉ោង​ដោយ​ត្រឹម​មួយ​ម៉ោង3ដុល្លារ 6ម៉ោង​តម្លៃ 8ដុល្លារ 24ម៉ោង​ឬមួយ​ថ្ងៃ​តម្លៃ10ដុល្លារ និង​ការជួល​ជិះ​ជា​លក្ខណៈ​ក្រុមការងារ​មានតម្លៃ​ចាប់ពី 30ដុល្លារ​ឡើងទៅ។

ម្ចាស់​ហាង​ខាងលើ​បញ្ជាក់ថា៖ «ពីមុន អ្នក​មកលេង​សៀមរាប​ភាគច្រើន​ពិបាក​រក​កន្លែង​ជួល​កង់​ម៉ូតូ​ជិះ​ណាស់ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​សម្រេច​បើក​សេវាកម្ម​មួយ​នេះ​ឡើង ដោយ​មិនចាំបាច់​កក់​លុយ ឬ​បញ្ចាំ​របស់​អ្វី​ទេ ត្រឹមតែ​ទុក​អត្ត​ស​ញ្ញណ​ប័ណ្ណ ឬ​លិខិតឆ្លងដែន​ជាការ​ស្រេច»។

លោក​បន្ថែម​ឱ្យដឹងទៀតថា កង់​អគ្គិសនី​អាច​ជិះ​បាន​ពី30 ទៅ 45Km ក្រោយពេល​សាក​ពេញម្ដងៗ ហេតុនេះ​ភ្ញៀវ ឬ​អ្នក​មកលេង​តំបន់​ប្រាសាទបុរាណ ទៅ​អង្គរវត្ត អង្គរធំ បារាយណ៍​ខាងកើត និង​ជិះ​ត្រឡប់មក​ហាង​វិញ​ដោយ​គ្មានអ្វី​គួរឱ្យ​បារម្ភ​ទេ​ជាមួយនឹង​ល្បឿន 25Km/h ។ មួយវិញទៀត ខាង​ហាង​ក៏បាន​បង្កើត​មាន​ស្ថានីយ​សម្រាប់​សាក​បញ្ចូល​ថាមពល​ថ្ម​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តសៀមរាប​ដោយ​ឥត​ថ្លៃ​ទៀតផង។ សម្រាប់​កង់​អាគុយ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ​ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​ដោយ​ប្រិយមិត្ត​អាច​ជួល​ម្នាក់ឯង ឬ​ជា​ក្រុម​បាន ខណៈ​ហាង​មាន​កង់​រហូតដល់70គ្រឿង​ឯណោះ​សម្រាប់​ឱ្យ​ជួល៕

Advertisement