ក្លិប Dortmund ច្រានចោល​សំណើ100លាន​អឺរ៉ូ​របស់ Barcelona ដែល​ចង់បាន Dembele

ក្លិប Borussia Dortmund បាន​ច្រានចោល​សំណើ​បើកឆាក​របស់​ក្លិប Barcelona សម្រាប់​តារា​ឆ្នើម Ousmane Dembele និង​បានដាក់​ពិន័យ​ព្យួរ​ទៅលើ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ ក្រោយពី​រូបគេ​បាន​អវត្តមាន​ក្នុង​វគ្គ​ហ្វឹកហាត់​ដោយ​មិន​ប្រាប់​ឲ្យ​ដឹង​មុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ក្លិប Dortmund បាន​បញ្ជាក់ថា កីឡាករ​វ័យក្មេង​សញ្ជាតិ​បារាំង​រូបនេះ ប្រហែលជា​មិនអាច​ផ្ទេរ​ទៅកាន់​អេ​ស្ប៉ា​ញ​ឡើយ ប្រសិនបើ​ក្លិប Barcelona មិន​បង្កើន​តម្លៃ​ខ្លួន​ទៅលើ​សំណើ​របស់​ពួកគេ​ទេនោះ បើទោះបីជា​បណ្តាញសារព័ត៌មាន​ជាច្រើន​ក្នុងប្រទេស​បារាំង និង​អាល្លឺម៉ង់ បានចេញ​ផ្សាយ​ថា ខ្សែប្រយុទ្ធ​វ័យ20ឆ្នាំ​រូបនេះ​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Barcelona ក៏ដោយ។ សេចក្តីប្រកាស​មួយ​ពី​ក្លិប Dortmund របស់​អាល្លឺម៉ង់​បាន​អះអាងថា សំណើ​មួយ​ដែល​ត្រូវបាន​គេ​យល់ឃើញថា បានផ្តល់​តម្លៃ​ខ្លួន100លាន​អឺរ៉ូ (ស្មើនឹង117លាន​ដុល្លារ​អាមេរិក) ត្រូវបាន​ច្រានចោល។ Dortmund បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា៖ «មានការ​ពិភាក្សាគ្នា​ជាច្រើន​ជាមួយនឹង​ក្លិប Barcelona ទាក់ទង​នឹង​ការផ្ទេរ​របស់​កីឡាករ Ousmane Dembele»។

ក្លិប Dortmund បាន​បន្ថែមទៀតថា៖ «ក្នុងការ​ពិភាក្សា​ទាំងនេះ ក្លិប Barcelona បានផ្តល់​នូវ​សំណើ​មួយ​ដែល​មិន​ស័ក្តិសម​ទៅនឹង​កម្រិត​នៃ​ភាព​អស្ចារ្យ​ក្នុង​កីឡាបាល់ទាត់ និង​កម្រិត​ការលេង​របស់​កីឡាករ​បាល់ទាត់​រូបនេះ​ឡើយ ហើយក៏​មិន​ស្រប​នឹង​កម្រិត​ទីផ្សារ​ដោះដូរ​កីឡាករ​នាពេល​បច្ចុប្បន្ន​នេះដែរ  ដូច្នេះ​ក្លិប BVB បានធ្វើការ​ច្រានចោល​សំណើ​មួយ​នេះ»។ ក្រោយមក​ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប Dortmund បាន​បញ្ជាក់ថា Dembele នឹងត្រូវ​រង​ពិន័យ និង​រង​ការព្យួរ​សម្រាប់​ការប្រកួត​បន្ទាប់ ក្រោយពី​រូបគេ​បាន​អវត្តមាន​ក្នុង​វគ្គ​ហ្វឹកហាត់​ដោយ​មិនបាន​បញ្ជាក់​ឲ្យ​ដឹង​មុន។

ការពិភាក្សាផ្សេងៗបាន​បន្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ខណៈដែល Dortmund បាន​បញ្ជាក់ថា ពួកគេ​នឹងមិន​ទទួល​សំណើ​ណា​ដែលមាន​តម្លៃ​ខ្លួន​តិចជាង១៥០លាន​អឺរ៉ូ សម្រាប់​កីឡាក​រូបនេះ​ឡើយ៕

ប្រភពពី៖ The Guardian

Advertisement