Wenger ត្រៀម​ជួប​រដូវ​កាល​ដ៏​តានតឹង​បំផុត ចាប់ពី Arsenal ជួប Leicester នា​យប់​នេះ​ទៅ

លោក Arsene Wenger បាន​រំពឹងទុក​ថា ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​នឹង​ក្លាយជា​យុទ្ធនាការ​ដ៏​លំបាក​បំផុត​ដែល​លោក​ត្រូវ​ជួបប្រទះ​ក្នុងអំឡុងពេល​នៃ​ការដឹកនាំ​របស់លោក​ក្នុង​ក្រុម Arsenal តាមរយៈ​ការបញ្ជា​ក់ថា ការចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​គូប្រកួត​ដូចជា Manchester City បានធ្វើ​ឲ្យ​ការ​ប្រជែង​ដណ្តើមពាន​កាន់​តែមាន​ភាពស្វិតស្វាញ និង​តឹងតែង​ជាង​មុន។

ក្រុម Arsenal នឹង​ចាប់ផ្តើម​យុទ្ធនាការ​ជា​លើក​ទី21 របស់លោក Wenger តាមរយៈ​ការចាប់ផ្តើម​ការប្រកួត​នៅក្នុង​ផ្ទះ​ខ្លួនឯង​ជាមួយនឹង​ក្រុម Leicester City នៅ​រាត្រី​នេះ ហើយ​ការដណ្តើម​ឲ្យ​បាន​លទ្ធផល​ដ៏​ល្អ​មួយ ពិតជា​រឿង​មួយ​សំខាន់​ណាស់  ក្រោយពី​ពួកគេ​បាន​ខកខាន​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​រដូវ​កាល​មុន។

ក្រុម Manchester City បាន​ឈានមុខ​គេ​ចំពោះ​ការចំណាយ​ប្រាក់​ទិញ​ចូល​កីឡាករ​ថ្មី​នៅ​រដូវក្តៅ​នេះ ក្រោយពី​បាន​ចំណាយ​អស់​ដល់​ទៅ217លាន​ផោន (ស្មើនឹង281លាន​ដុល្លារ​អាមេរិក) លើ​កីឡាករថ្មីៗ ហើយ​លោក Wenger ជឿជាក់ថា មាន​ក្រុម​រហូតដល់​ទៅ7ក្រុម​ដែល​អាចមាន​សមត្ថភាព​ក្នុងការ​ប្រជែង​ដណ្តើមពាន។ ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​កត់សម្គាល់ថា គូប្រជែង​របស់​ក្រុម Arsenal ជាពិសេស Chelsea និង Tottenham Hotspurs ក៏​នឹង​ផ្តល់នូវ​បញ្ហា​ផងដែរ។ នៅពេលដែល​ត្រូវបាន​ចោទ​សួរថា តើ​ទាំងអស់នេះ​នឹង​ក្លាយជា​រដូវ​កាល​ដ៏​លំបាក​បំផុត​ឬ​យ៉ាងណា?

លោក Wenger បាន​ឆ្លើយថា៖ «ពិតមែន​ហើយ! ពីព្រោះ​បើ​យើង​ក្រឡេកមើល​ពីអ្វី​ដែល​ក្រុម Man City បានធ្វើ។ ពួកគេ​មាន​សកម្មភាព​យ៉ាង​ពិសេស​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ខណៈដែល Manchester United ក៏​មមាញឹក​ផងដែរ។ វា​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ខណៈដែល Chelsea បាន​ទិញ Alvaro Morata និង​មិនទាន់​បាត់បង់ Diego Costa នៅឡើយ​នោះ ហើយ​ពួកគេ​នឹង​ទិញ​ចូល​កីឡាករ​ថ្មី​បន្ថែមទៀត។ នៅពេលនេះ ក្រុម​ដែលមាន​ភាព​មមាញឹក​បំ​ផុត​លើ​ទីផ្សារ​ដោះដូរ​កីឡាករ​គឺ​ក្រុម Man United, Man City និង Liverpool»។ ការប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពពី៖ The Guardian

Advertisement