Li Ka-shing នៅតែជាអ្នកមានជាងគេនៅហុងកុង ដោយសារតែZoom

ភាគហ៊ុននៅក្នុង Zoom ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយកំពុងទទួលបានជោគជ័យនាឆ្នាំនេះ បច្ចុប្បន្នស្មើនឹង1/3នៃទ្រព្យសរុប32.6ពាន់លានដុល្លាររបស់លោក Li Ka-shing ដែលជាកំពូលអ្នកមានលំដាប់ទី1នៅទីក្រុងហុងកុង។

ការរកស៊ីរបស់លោក Li Ka-shing ប្រហែលជាកំពុងជួបការលំបាកខ្លាំង ប៉ុន្តែ លោកនៅតែរក្សាបានតំណែងជាអ្នកមានជាងគេបង្អស់របស់ហុងកុង។ ប្រការនេះ ភាគច្រើនគឺដោយសារការវិនិយោគយ៉ាងឆាប់រហ័សទៅលើក្រុមហ៊ុន Zoom និង Solina Chau ដែលជាមិត្តយូរឆ្នាំ និងជាសហស្ថាបនិករបស់ Horizons Ventures ជាអ្នកគ្រប់គ្រងការវិនិយោគឱ្យលោក Li Ka-shing។

Li Ka-shing បានវិនិយោគទៅលើកម្មវិធីប្រជុំតាមរយៈវីដេអូអនឡាញ (Zoom) ចាប់ពីឆ្នាំ2013។ មហាសេដ្ឋីវ័យ92ឆ្នាំរូបនេះ កំពុងកាន់កាប់ភាគហ៊ុនចំនួន8.5% នៅក្នុងក្រុមហ៊ុន Zoom ដែលភាគហ៊ុននេះមានតម្លៃ11ពាន់លានដុល្លារអាមេរិក ស្មើនឹង1/3នៃទ្រព្យសរុបរបស់លោក។

ក្រុមហ៊ុន Zoom ទទួលបានជោគជ័យក្នុងឆ្នាំនេះ នៅពេល COVID-19 ធ្វើឱ្យគ្រប់គ្នាត្រូវប្រជុំ ឬសិក្សាតាមអនឡាញ។ កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុននេះបានប្រកាសថា ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង355% ក្នុងអំឡុងចាប់ពីខែឧសភាដល់ខែកក្កដា។ នេះគឺជាក្រុមហ៊ុនដែលមានលទ្ធផលនៃការរកស៊ីល្អជាងគេលំដាប់ទី2 នៅក្នុងក្រុម Nasdaq 100 Index កាលពីត្រីមានកន្លង។

មូលបត្ររបស់ Zoom បានកើនឡើង41% នៅក្នុងការជួញដូរកាលពីម្សិលមិញ (2កញ្ញា) ដែលប្រការនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់លោក Li Ka-shing កើនឡើង3.2ពាន់លានដុល្លារបន្ថែមទៀត ដោយប្រើពេលត្រឹមតែ1ថ្ងៃប៉ុណ្ណោះ។

យោងតាម Bloomberg Billionaires Index លោក Li Ka-shing កំពុងកាន់កាប់ទ្រព្យសម្បត្តិដែលមានតម្លៃ32.6ពាន់លានដុល្លារអាមេរិក។ កាលពីឆ្នាំទៅ នៅពេលដែល Zoom ទើបតែចូលរួមក្នុងផ្សារហ៊ុន (IPO) ភាគហ៊ុនរបស់កំពូលមហាសេដ្ឋីហុងកុងនៅក្នុងក្រុមហ៊ុននេះ មានតម្លៃត្រឹមតែ850លានដុល្លារអាមេរិកប៉ុណ្ណោះ។

ផ្ទុយពីនេះ បណ្ដាក្រុមហ៊ុនផ្សេងៗរបស់លោក Li Ka-shing ដូចជា CK Hutchison Holding និង CK Asset Holdings កំពុងតែជួបការលំបាកខ្លាំងដោយសារតែCOVID-19 និងបាតុកម្មនៅហុងកុង។ មូលបត្ររបស់ក្រុមហ៊ុនទាំង2ខាងលើ បានថយចុះជាង25%នៅក្នុងឆ្នាំនេះ ខណៈដែលលោក Li Ka-shing កំពុងរកវិធីដើម្បីកាត់បន្ថយទំហំ ក៏ដូចជាកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន។

ក្រោយពីបានប្រកាសថា ទទួលបានចំណេញ29%កាលពីពាក់កណ្ដាលដើមឆ្នាំ CK Hutchison ក៏បានប្រមានថា ប្រាក់ចំណូលនឹងអាចបន្តធ្លាក់ចុះសម្រាប់វិស័យសំខាន់ៗរបស់ក្រុមហ៊ុន មានដូចជាកំពង់ផែសមុទ្រ និងការលក់រាយជាដើម នៅក្នុងឆមាសចុងក្រោយនៃឆ្នាំនេះ។ ចំណែកប្រាក់ចំណូលរបស់ CK Asset វិញ បានថយចុះ58% នៅក្នុងពាក់កណ្ដាលដើមឆ្នាំ2020នេះផងដែរ៕

ប្រភព៖ Bloomberg

Advertisement