បាក់ទូក ជាវិទ្យាល័យរដ្ឋដំបូងបំផុតដែលក្រសួងអប់រំត្រូវបើកឱ្យសិក្សាឡើងវិញសម្រាប់ថ្នាក់ទី9 និងថ្នាក់ទី12

ក្រោយពេល​ស្ថានភាព​ជំងឺ Covid-19 នៅ​កម្ពុជា​ស្ងប់ស្ងាត់​បន្តិច ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​អនុញ្ញាតឱ្យ​សាលារៀន​រដ្ឋ និង​ឯកជន​នានា​ចាប់ផ្តើម​ដំណើរការ​សាលារៀន​ឡើងវិញ​ទៅតាម​ដំណាក់កាល និង​ប្រុងប្រយ័ត្ន​បំផុត។

ក្រសួង​ធ្លាប់បាន​បញ្ជាក់ថា នឹង​អនុញ្ញាតឱ្យ​សាលារៀន​សាធារណៈ​បើក​បង្រៀន​ឡើងវិញ​សម្រាប់​ថ្នាក់​ទី9 និង​ថ្នាក់​ទី12 មុនគេ ព្រោះ​ជា​ថ្នាក់​ប្រឡង ជាពិសេស​គឺ​សិស្ស​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។ ថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា វិទ្យាល័យ​បាក់​ទូក ត្រូវបាន​ជ្រើសរើស​ជា​សាលា​រដ្ឋ​ដំបូង​បំផុត​ដែល​ត្រូវ​បើក​ឡើងវិញ​សម្រាប់​កម្រិត​ថ្នាក់​ទី 9 និង​ថ្នាក់​ទី12។

ឯកឧត្តម រឿន ប៊ុន​ណាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា វិទ្យាល័យ​បាក់​ទូក ត្រូវបាន​ជ្រើសរើស​ជា​សាលារៀន​ដំបូង​ដែល​ត្រូវ​បើក​ឡើងវិញ ដោយសារ​មាន​ចំនួន​សិស្ស​ថ្នាក់​ទី12 ច្រើនជាងគេ​ទូទាំងប្រទេស។ លទ្ធភាព​នៃ​ការបើក​សាលារៀន​ឡើងវិញ បាន​សិក្សា​ទៅលើ​ការសិក្សា​ក្នុង​ថ្នាក់រៀន​ដោយផ្ទាល់ និង​ការសិក្សា​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ហើយ​មាន​ចំនួន​សិស្ស​ចន្លោះ​ពី15 ទៅ20នាក់​ក្នុង​មួយ​ថ្នាក់ ការរៀបចំ​កាលវិភាគ​សិក្សា ការសិក្សា​លើ​ធនធាន​ដែល​វិទ្យាល័យ​មាន​ស្រាប់​ដូចជា បន្ទប់​សិក្សា​ចំនួន​គ្រូបង្រៀន និង​វិធានការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

គួរ​បញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នៅក្នុង​ខែធ្នូ ដោយ​ការរៀបចំ​នឹងត្រូវ​ធ្វើឡើង​ដោយ​ហ្មត់ចត់ និង​តឹងតែង​ដូចជា​រៀងរាល់ឆ្នាំ​បើទោះបី​ជាមាន​បញ្ហា Covid-19 ក៏ដោយ៕

Advertisement