ធនាគារ​ជាតិ​នៃ​កម្ពុជា ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​លើអក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូទាត់​ប្រាក់​សកល Visa បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​មួយ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែលអាច​​ជា​បច្ច័យ​មួយ​នាំ​ឱ្យ​មាន​ការ​សេចក្តី​សម្រេច​ចិត្ត​បាន​ល្អិតល្អន់​ជាង​មុន។

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេក​ទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯក​ជន ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​។ ធនាគារ​ជាតិ​នៃ​កម្ពុជា​តែង​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ថា​នៅពេល​ដែល​​ប្រជាពល​រដ្ឋ​មាន​ចំណេះ​ដឹង​ផ្នែក​នេះ​ច្រើន​​វា​នឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​មានភាព​រឹង​មាំ​ប្រកប​ដោយ​ចីរភាព។ ការ​ជួយ​គាំទ្រ​របស់​ក្រុមហ៊ុន Visa ចំពោះ​យុទ្ធនាការ​“តោះ!​ និយាយ​ពី​លុយ” និង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត គឺ​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន។

លោកជំទាវ បាន​ថ្លែង​ថា៖“វា​ជា​ចំណុច​ល្អ​ដែល​យើង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​​​ចំពោះ​ក្មេងៗ​តាំង​ពី​នៅ​តូច​។ ទាំង​នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឱ្យ​ពួក​គេ​មាន​ចំណេះ​ដឹង​ និង​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នាពេល​អនាគត”។

លោក​ជំទាវ​បាន​បន្ដ​ថា អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ គឺ​ជា​ប្រព័ន្ធ​ការពារ​ដំបូង​សម្រាប់​អតិថិជន​ ពី​ព្រោះ​នៅ​ពេល​ដែល​អតិថិ​ជន​អាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​បាន​ល្អិតល្អន់​ ពួក​គាត់​អាច​ការពារ​ខ្លួន​ដោយ​ចៀស​ផុត​ពី​ការ​កេង​បន្លំ និង​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ តាម​រយៈ​ការ​ជ្រើស​រើស និង​ប្រើ​ប្រាស់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ។

ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​នេះ ក្រុម​ហ៊ុន Visa បាន​គាំទ្រ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ផលិត​សៀវភៅ​អក្ខរកម្ម​ហិរញ្ញវត្ថុ “តោះ! និយាយ​ពី​លុយ” ចំនួន​30,000​ក្បាល​ដែល​នឹង​ត្រូវ​ចែកចាយ​នៅ​តាម​សាលារៀន​នានា​សម្រាប់​រយៈពេល ​3​ឆ្នាំ និង​ជួយ​អភិវឌ្ឍន៍​ផែនការ​អក្ខរកម្ម​ហិរញ្ញវត្ថុ​រយៈ​ពេល ​5​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា។ កម្មវិធី​សិក្សា​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ នឹងធ្វើ​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​នៅ​តាម​សាលារៀន​ដើម្បី​ឱ្យ​ពួកគាត់​អាច​ចែក​រំលែក​ជំនាញ​អក្ខរកម្ម​ហិរញ្ញវត្ថុ​ជា​មួយ​សិស្ស​របស់​ខ្លួន។

លោក Sean Preston នាយក​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​ បាន​ប្រាប់​ថា លោក​ជឿ​ថា​ ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏​
សំខាន់​បំផុត​សម្រាប់​អភិវឌ្ឍ​បុគ្គល និង​សេដ្ឋកិច្ច​នោះ គឺ​ចំណេះ​ដឹង។ ដូច្នេះ​ហើយ​បាន​ជា Visa ធ្វើ​ការ​សហការ​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​វា​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​​ទូទាំងប្រទេស។

អស់​រយៈពេល​ជាង​20​ឆ្នាំ ក្រុមហ៊ុន Visa បាន​សហការ​ជាមួយ​រដ្ឋាភិបាល សាលារៀន ធនាគារ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​បង្រៀន​បុគ្គល​ពី​របៀប​ចំណាយការ​សន្សំ និង​រៀបចំ​ថវិកា​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។ កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Visa មាន​លក្ខណៈ​ងាយ​ស្រួល និង​ទូលំ​ទូលាយ​ទូទាំង​ពិភពលោក។ បញ្ហា​ប្រឈម​ផ្នែក​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ គឺ​មាន​ភាព​ខុសៗ​គ្នា ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន Visa បាន​បង្កើត​មាតិកា​ដែល​បំពេញ​តាម​តម្រូវការ​វប្បធម៌ ភាសា និង​ភាព​ស្មុគ​ស្មាញ​ខុសៗ​គ្នាដោយ​មិន​គិត​ពី​អាយុ ការអប់រំ ឬ​ភូមិសាស្ត្រ​ឡើយ៕

Advertisement