មែនឬទេ ដែលពាក្យចាស់លោកថា ម្តាយជ្រុះសក់ក្រោយពេលឆ្លងទន្លេរួច ព្រោះតែកូនចាំមុខម្តាយបានហើយ?

ស្រ្តីកូនខ្ចីស្ទើរតែគ្រប់រូបតែងជួបនឹងបញ្ហា​ សក់ជ្រុះក្រោយពេលឆ្លងទន្លេរួច តែនឹងជ្រុះច្រើនឬតិចនោះ អាស្រ័យលើបច្ច័យផ្សេងៗរបស់រាងកាយ ឬក៏កើតឡើងដោយសារតែទារកចំណាំមុខម្តាយបានហើយ ទើបធ្វើឱ្យសក់ជ្រុះដូចដែលចាស់បុរាណបាននិយាយ?។ ភាពមិនច្បាស់លាស់ និងក្តីសង្ស័យមួយនេះអាចនិយាយបានថាមានគ្រប់យុគគ្រប់សម័យ ព្រោះអំឡុងពេលដែលសក់ក្បាលរបស់អ្នកម្តាយជ្រុះគឺស្ថិតក្នុងអំឡុងពេលប្រមាណជា 3 – 4 ខែក្រោយប្រសូត ចំពេលដែលកូនតូចអាចនឹងចំណាំមុខម្តាយបានហើយ ហ្នឹងឯង អ៊ើ…តើវាជារឿងចៃដន្យ ឬជារឿងពិត យើងនាំគ្នាមកអានបន្តទាំងអស់គ្នា។

ក្នុងផ្នែកវេជ្ជសាស្ត្រ សក់ជ្រុះក្រោយពេលឆ្លងទន្លេរួចបណ្តាលមកពីកម្រឹតអ័រម៉ូនអេសត្រូជេនដែលថយចុះក្រោយពីសម្រាលបុត្ររួច ហុចផលឱ្យបរិមាណនៃការហូរវិលរបស់លោហិតថយចុះដែរ ឈាមដែលទៅចិញ្ចឹមស្បែកក្បាលក៏ថយចុះទៅតាមនោះដែរ ទើបធ្វើឱ្យសរសៃសក់ដែលធ្លាប់តែខ្មៅក្រាស់តាំងពីពេលតាំងគភ៌នោះរបូតជ្រុះមកច្រើនជាងប្រក្រតី។

ការពិតទៅ ជាប្រក្រតីមនុស្សយើងនឹងជ្រុះសក់ក្នុងមួយថ្ងៃប្រមាណជា10 សរសៃ តែក្នុងអំឡុងពេលជ្រុះសក់ក្រោយពេលសម្រាលបុត្ររួចនេះអាចនឹងកើនឡើងដល់ 40 – 50 សរសៃក្នុងមួយថ្ងៃ តែមិនបានជ្រុះច្រើនបែបនេះរហូតនោះទេ ព្រោះនៅពេលអ័រម៉ូនចាប់ផ្តើមដំណើរការស្រួលបួលឡើងវិញ(រយៈពេលប្រមាណជា 6 – 12 ខែ) គ្រប់យ៉ាងនឹងវិលទៅរកសភាពប្រក្រតីវិញមិនខាន។ សក់របស់អ្នកនឹងបន្ថយការជ្រុះ ហើយសក់ថ្មីនឹងដុះឡើងជំនួសវិញ តែទាំងអស់នេះអាស្រ័យលើសភាពរាងកាយរបស់ស្រ្តីជាម្តាយម្នាក់ៗដែរ មិនកំណត់ថា ត្រូវតែ 6 – 12 ខែនោះទេ អ្នកខ្លះជ្រុះតែមួយខែហើយឈប់ជ្រុះទៀតក៏មានដែរ។

សម្រាប់ជំនឿដែលថា ជ្រុះសក់ដោយសារតែកូនចាំមុខម្តាយបានហើយនោះ ប្រហែលជាវាចៃដន្យទៅត្រូវគ្នានឹងអំឡុងពេលដែលវិវឌ្ឍនាការតាមវ័យរបស់ទារកដែលចាប់ផ្តើមចេះចំណាំផ្ទៃមុខម្តាយ ឬអ្នកនៅជិតដិតបានហើយ និងចំពេលដែលម្តាយស្ថិតក្នុងអំឡុងពេលសក់ជ្រុះក្រោយពេលឆ្លងទន្លេរួចដែរ ទើបក្លាយជាប្រភពនៃជំនឿដែលថា ជ្រុះសក់ក្រោយពេលសម្រាលកូនរួច ព្រោះតែកូនចំណាំមុខម្តាយបានហើយហ្នឹងឯង។

មើលថែទាំអាការជ្រុះសក់ក្រោយពេលសម្រាលកូនរួចយ៉ាងណាស្រួល?

1 – អ្នកម្តាយមួយចំនួនប្តូរម៉ូដសក់ថ្មី កែសម្រួលលក្ខណៈផ្ទាល់ខ្លួនទៅជាអ្នកម្តាយស្រស់ស្អាតក៏ល្អម្យ៉ាងដែរ ព្រោះម៉ូដសក់ខ្លីងាយស្រួលមើលថែទាំ និងធ្វើឱ្យមើលមកឃើញសក់រាងក្រាស់ទៀតផង។

2 – ការមើលថែទាំសរសៃសក់ដែលសំខាន់គឺ ជ្រើសរើសប្រើផលិតផលបែបធម្មជាតិដើម្បីថ្នមសរសៃសក់ ចៀសវាងការធ្វើម៉ាស្សាស្បែកក្បាល ឬសិតសក់ខ្លាំងៗ។ ក្រោយពេលកក់សក់រួច ត្រូវជូតសក់ក្បាលយ៉ាងថ្នមដៃ ព្រោះសក់ដែលកំពុងទទឹកសើមមានឱកាសជ្រុះបានងាយណាស់ ការធ្វើបែបនេះនឹងជួយថ្នមសរសៃសក់បានកាន់តែល្អឡើង។

3 – ទទួលទានអាហារដែលជួយបំប៉នសរសៃសក់ ដែលមានដូចជា ៈ

-ស៊ុត មានចំណែកជួយបំប៉នសរសៃសក់ឱ្យភ្លឺរលោង ព្រោះក្នុងស៊ុតមានសារធាតុបៃអូឌីន និងវីតាមីន B។

-មើមការ៉ុត មានវីតាមីន A កាត់បន្ថយការជ្រុះរបស់សរសៃសក់ និងបំប៉នស្បែកក្បាល។

-បន្លែស្លឹកបៃតង សម្បូរទៅដោយវីតាមីន A និងC ដូចជា ស្លឹកផ្ទី ប្រូខូលី ស្ពៃក្តោប ជួយបំប៉នសរសៃសក់ និងស្បែកក្បាល។

-សាច់ត្រី ជាពិសេសត្រីសាល់ម៉ុន ជាប្រភពប្រូតេអ៊ីន និងវីតាមីនD និងថែមទាំងមានសារធាតុអាស៊ីតខ្លាញ់អូមេហ្កា3ដែលជួយបំប៉នស្បែកក្បាល កាត់បន្ថយការកើតអង្គែបានទៀតផង៕

Advertisement