កម្មវិធី TikTok ប្រើភាពចន្លោះប្រហោងរបស់ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីទាញយក MAC address

កម្មវិធី TikTok ដែលជា​កម្មវិធី​កំពុង​តែមាន​ភាពចម្រូងចម្រាស​មួយចំនួន​នៅក្នុង​បណ្ដា​ប្រទេសធំៗដូចជា ប្រទេស​ឥណ្ឌា និង សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការព្រួយបារម្ភ​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ដែល​ត្រូវបាន​គេ​រកឃើញ​មាន​បញ្ហា​មួយចំនួនទៀត។ បន្ថែម​លើ​ក្តីបារម្ភ​ខាងលើ ថ្មីៗនេះ​គេ​បាន​រកឃើញថា កម្មវិធី TikTok បាន​ប្រើ​ភាព​ចន្លោះប្រហោង​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ដើម្បី​ទាញយក MAC address របស់​អ្នកប្រើប្រាស់ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារពត៌មាន The Wall Street Journal។ សម្រាប់​លោកអ្នក​ដែល​ពុំទាន់​ស្គាល់​ថា​អ្វី​ទៅជា MAC address នោះ វា​គឺជា​លេខ​សម្គាល់ (អាសយដ្ឋាន) របស់ ឧបករណ៍ network ដើម្បី​ប្រើប្រាស់ ក្នុងការ​ទំនាក់ទំនង​គ្នា។

ទោះបី​ក្រុមហ៊ុន Google បាន​ព្យាយាម​បិទ​មិនឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬ​ជន​ទី​បី​អាច​ទាញយក MAC address បាន​តាំងពី​ឆ្នាំ២០១៥ ហើយក៏​ដោយ ក៏​ក្រុមហ៊ុន ByteDance ដែលជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី TikTok បាន​ប្រើ​ភាព​ចន្លោះប្រហោង​ដើម្បី​ទាញយក និង​រក្សាទុក MAC address របស់​អ្នកប្រើប្រាស់​នៅពេលដែល​ពួកគេ​ដំឡើង​កម្មវិធី​លើកដំបូង ដោយ​មិន​ទាំង​មានការ​អនុញ្ញាត​ពី​អ្នកប្រើប្រាស់​បាន​ថែម​ទៀតផង។ សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី MAC address គឺមាន​តម្លៃ​បំផុត​សម្រាប់​ពួកគេ ដើម្បី​តាមដាន​ការប្រើប្រាស់​ទូរ​សព្ទ សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្វីដែល​អស្ចារ្យ​នោះ​គឺ​ក្រុមហ៊ុន ByteDance បាន​ព្យាយាម​ប្រើប្រាស់​វិធី​ម្យ៉ាង ដោយ​បន្ថែម​កម្រិត encryption ដើម្បី​លាក់​ពី​ការទាញយក​ទិន្នន័យ​របស់​ពួកគេ។ បើតាម​ការប៉ាន់ស្មានរ​បស់​អ្នកស្រាវជ្រាវ​ឃើញថា ក្រុមហ៊ុន ByteDance បាន​រំលោភ​ក្នុងការ​ទាញយក MAC address អស់​រយៈពេល​យ៉ាងតិច​បំផុត ១៥ខែ ហើយ​ពួកគេ​ទើបតែ​បាន​បញ្ឈប់​ការរំលោភបំពាន​នេះ​នៅពេល​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី TikTok នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​កន្លងទៅ៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement