Nissan ចំណាស់ អាយុ 13ឆ្នាំ ជិះ​បាន 1.6លាន​គីឡូម៉ែត្រ ត្រូវបាន​ក្រុមហ៊ុន​ប្តូរ​ឱ្យ​ថ្មី 1វិញ

រថយន្ត Nissan Frontier ដែលមាន​រហស្សនាម​ថា “Million Mile Frontier” នេះ គឺជា​កម្មសិទ្ធិ​របស់លោក Brian Murphy ជា​អ្នក​ដឹកទំនិញ​ម្នាក់​ក្នុង​ទីក្រុង Chicago ដោយ​លោក​បាន​ប្រើ​វា​អស់​រយៈពេល 13ឆ្នាំ​មកហើយ។

រថយន្ត Nissan ម៉ូ​ដែល Frontier ឆ្នាំ2007 នេះ បានធ្វើ​ដំណើរ​អស់​ចម្ងាយ 1លាន​ម៉ា​យល៍ (1.6លាន​គីឡូម៉ែត្រ) ឥឡូវនេះ វា​ត្រូវ​ចូលនិវត្តន៍​ហើយ។ វា​នឹង​ត្រូវគេ​ដាក់តាំង​នៅឯ​រោងចក្រ Nissan Smyrna Vehicle Assembly Plant ក្នុង​ទីក្រុង Smyrna រដ្ឋ Tennessee សហរដ្ឋអាមេរិក ជាទី​តាំង​ដែល​វា​ចាប់កំណើត។

អំ​ប្រ៊ី​យ៉ា​លើ​រថយន្ត Frontier របស់លោក Murphy អាចមាន​អាយុកាល​ដល់ 801,000ម៉ា​យល៍ (1.28លាន​គីឡូម៉ែត្រ) ខណៈ​ច្រវាក់ ត្រូវការ​ផ្លាស់ប្តូរ​នៅពេល​កុង​ទ័​រ​វិល​ដល់​លេខ 700,000ម៉ា​យល៍ (1,12លាន​គីឡូម៉ែត្រ) ធុង​ទឹក និង​ដុំ​ភ្លើង អាច​ស៊ូ​បាន 450,000ម៉ា​យល៍ (724,000គីឡូម៉ែត្រ) ខណៈ​កៅអី​អ្នកបើកបរ ធន់​បានត្រឹមតែ 500,000ម៉ា​យល៍ (800,400គីឡូម៉ែត្រ) នឹងត្រូវ​ប្តូរ​ចេញ ដាក់​ថ្មី។

ក្រោយពេល​មើលឃើញថា រថយន្ត​នោះ​នៅ​ស្អាត​ភ្លឹង​បែបនេះ  ក្រុមហ៊ុន Nissan បាន​ជូន​កាដូ​រថយន្ត Frontier ស៊េរី​ឆ្នាំ2020 ថ្មី 1គ្រឿង​ទៅ​លោក Murphy ដើម្បី​ជាការ​លើកទឹកចិត្ត៕

Advertisement