ការប្រឡងបាក់ឌុប និងថ្នាក់ទី9 ត្រូវបានពន្យារជាថ្មីទៅខែធ្នូវិញ

ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​មុននេះ​បន្តិច​ពី​ការប្រឡង​មធ្យមសិក្សា​ទូ​តិ​យ​ភូមិ​សម្រាប់​ឆ្នាំ 2019-2020 ដែល​នឹងត្រូវ​លើក​ទៅ​ចុងខែ​ធ្នូ​វិញ។

ក្រសួង​បាន​បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អុ​ញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី9 និង​ថ្នាក់​ទី12 នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ ចូលរៀន​នៅក្នុង​ដំណាក់កាល​ទី2 នៃ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា នៅ​កំឡុង​នៃ​ខែកញ្ញា ឆ្នាំ2020 ក្នុង​ទ្រង់ទ្រាយ​តូច 15នាក់​មួយ​ថ្នាក់ ដោយ​គោរព​តាម​វិធាន​អនាម័យ​នៃ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ត្រៀម​ចូលរួម​ការប្រឡង។

ក្នុងន័យនេះ ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា 2019-2020 នៅ​ខែធ្នូ ឆ្នាំ2020ខាងមុខ។ ចំពោះ​ការរៀបចំ​ការសិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​សម្រាប់​សិស្ស​ថ្នាក់​ដទៃទៀត ក្រសួង​នឹង​រៀបចំ​តាម​ក្រោយ។

ជាមួយគ្នានេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែលជា​តំណាង​គ្រឹះស្ថានសិក្សា​ឯកជន និង​គ្រឹះស្ថានសិក្សា​ឯកជន​ដទៃទៀត បាន​ស្ម័គ្រចិត្ត​ពន្យារពេល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ជាមួយ​ការប្រឡង​ថ្នាក់ជាតិ​នៅ​ខែធ្នូ ឆ្នាំ2020 ជាមួយនឹង​គ្រឹះស្ថានសិក្សា​សាធារណៈ៕

Advertisement