4 រឿងដែលធ្វើឱ្យកូន happy ក្លាយជាក្មេងល្អ ពូកែ ងាយស្រួលចិញ្ចឹម

ឪពុកម្តាយជាច្រើននាក់ចង់ចិញ្ចឹមមើលថែកូនឱ្យធំធាត់ឡើងក្លាយជាក្មេងល្អ ពូកែ និងឆ្លាត ដូច្នេះទើបថ្ងៃនេះ ឡារ៉ែនមានពាក្យណែនាំងាយៗក្នុងការបណ្តុះនិស្ស័យល្អៗដល់កូន។ រឿងទាំងអស់នេះគឺជារឿងដែលនឹងធ្វើឱ្យបេះដូងរបស់កូនរីកស្គុះស្គាយ មានអារម្មណ៍ល្អ និងមានសេចក្តីសុខ នៅពេលដែលលោកអ្នកអាចប្រគល់រឿងល្អៗទាំងនោះទៅឱ្យកូនបានហើយនោះ ឡារ៉ែនសូមប្រាប់ទៅចុះថា ការចិញ្ចឹមកូននឹងដំណើរការទៅយ៉ាងងាយស្រួលភ្លាមតែម្តង និងថែមទាំងធ្វើឱ្យកូនៗក្លាយជាក្មេងដែលចេះស្តាប់បង្គាប់ ទន់ភ្លន់ និងពូកែតាមបែបរបស់គេយ៉ាងដែលលោកអ្នកនឹកស្មានមិនដល់ទៀតផង។

1. ឱ្យគេបានធ្វើនូវអ្វីដែលគេចង់ធ្វើ

ក្មេងគ្រប់គ្នាកើតមកព្រមជាមួយទេពកោសល្យ ការចូលចិត្ត ឬភាពថ្នឹកចំណានដែលខុសប្លែកពីគ្នា ដូច្នេះទើបគេមានសិទ្ធិក្នុងការជ្រើសរើសចង់ក្លាយជាអ្វីមួយ ឬចង់ធ្វើអ្វីក៏បាន ជាពិសេសការរៀនសូត្រ បើគេចូលចិត្តរៀនអ្វី ក៏គួរតែបណ្តោយឱ្យគេបានទទួលសិទ្ធិជ្រើសរើសរៀនអ្វីមួយនោះដោយខ្លួនឯង ឪពុក និងម្តាយមានតួនាទីត្រឹមតែផ្តល់នូវសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យគេបានសិក្សានូវអ្វីដែលថ្នឹកចំណានយ៉ាងល្អបំផុត តែប៉ុណ្ណឹងក៏ល្អណាស់ទៅ។

2. ប៉ា និងម៉ាក់លេងជាមួយកូន

លោកឪពុកអ្នកម្តាយដឹងទេថា របស់លេងដែលល្អបំផុតសម្រាប់កូននោះគឺ ខ្លួនលោកឪពុកអ្នកម្តាយហ្នឹងឯង ដូច្នេះចូរព្យាយាមឧស្សាហ៍រកពេលវេលាលេងជាមួយកូនខ្លះ ទោះជានៅក្នុងផ្ទះអាចនឹងមិនមានរបស់លេងអ្វីច្រើនណាស់ណាក៏ដោយ តែសុំត្រឹមតែលោកអ្នកទៅអង្គុយប្រឡែងលេង នាំគេសើចសប្បាយយ៉ាងរីករាយ មិនថាតែចង់លេងអ្វីក៏ដោយដែលមានលោកអ្នករួមសប្បាយជាមួយគេដែរ នោះគឺជាអ្វីដែលកូនៗត្រូវការខ្លាំងបំផុត លើសពីរបស់លេងល្អៗតម្លៃថ្លៃៗដែលលោកអ្នកបានទិញមកឱ្យគេទៅទៀត។ បានដឹងបែបនេះហើយ ក៏កុំមើលរំលងអំឡុងពេលនេះជាដាច់ខាត ចូរផ្តល់នូវអ្វីដែលមានតម្លៃនេះដល់រៀងរាល់ថ្ងៃ នោះកូនរបស់លោកអ្នកនឹងមានអារម្មណ៍សប្បាយរីករាយ មានវិវឌ្ឍនាការខាងខួរក្បាល និងសតិបញ្ញា និងថែមទាំងជាក្មេងដែលមានអារម្មណ៍ល្អ ងាយស្រួលចិញ្ចឹមទៀតផង។

3. និយាយថា ស្រឡាញ់កូនរាល់ថ្ងៃ

អ្វីដែលកូនៗគ្រប់គ្នាត្រូវការអំពីឪពុកម្តាយខ្លាំងបំផុតនោះគឺ សេចក្តីស្រឡាញ់ហ្នឹងឯង ដូច្នេះការនិយាយថា ស្រឡាញ់កូនរៀងរាល់ថ្ងៃគឺជាការបង្ហាញចេញដែលងាយស្រួលបំផុត ដែលលោកអ្នកអាចធ្វើឱ្យគេបានដឹងថា តើលោកអ្នកស្រឡាញ់គេប៉ុនណា ក្រៅពីនោះក៏គឺ ការសម្តែងចេញដែលលោកអ្នកមានចំពោះគេយ៉ាងទន់ភ្លន់ យកចិត្តទុកដាក់ ការឱបថើប ការនិយាយស្តីពិរោះពិសា និងការផ្តល់នូវការយល់ចិត្តដល់គេបានគ្រប់ៗរឿង នឹងធ្វើឱ្យគេកក់ក្តៅក្នុងចិត្តជាមួយលោកអ្នកខ្លាំងបំផុត។ រឿងនេះនឹងធ្វើឱ្យគេបានទទួលការបណ្តុះតែរឿងល្អៗតាំងពីក្មេង ហើយធ្វើឱ្យគេធំធាត់ក្លាយជាមនុស្សល្អរបស់គ្រួសារបានយ៉ាងពិតប្រាកដ។

4. និយាយជាមួយកូនពិរោះៗ និងត្រូវតែនិយាយក្នុងន័យវិជ្ជមានតែប៉ុណ្ណោះ

ជឿឬទេថា ការប្រើពាក្យសំដីដែលល្អជាមួយកូន អាចធ្វើឱ្យគេបានដឹងអំពីភាពកក់ក្តៅក្នុងចិត្ត និងធ្វើឱ្យគេដឹងថា ប៉ាម៉ាក់ស្រឡាញ់គេយ៉ាងអស់ពីចិត្តពិតប្រាកដ គេនឹងគ្មានអារម្មណ៍ថា ខ្លួនឯងខ្វះ ឬបានទទួលសេចក្តីស្រឡាញ់ពីលោកអ្នកកាន់តែតិចទៅឡើយ ក្នុងខណៈដែលការប្រើពាក្យសំដីបែបអវិជ្ជមាននឹងរឹតតែធ្វើបាបផ្លូវចិត្តកូនខ្លាំងឡើង ក្លាយជាចំណុចអាក្រក់ ឬដំបៅដែលដក់ជាប់នៅក្នុងចិត្តកូនយ៉ាងស្ងាត់ៗ ដូច្នេះហើយទើបឪពុកម្តាយមិនគួរបន្ទោស ជេស្តី និងវាយកូនជាដាច់ខាត ព្រោះវាអាចនឹងធ្វើឱ្យគេមានអារម្មណ៍មិនល្អ និងក្លាយជាក្មេងមានសម្ពាតក្នុងចិត្ត លែងនិយាយស្តី និងលែងហ៊ានសម្តែងចេញ។ ចូរប្រើពាក្យសំដីពិរោះៗ ផ្អែមទន់ភ្លន់ជាមួយកូន និងគួរឧស្សាហ៍និយាយអប់រំប្រដែប្រដៅដោយពាក្យសំដីបែបវិជ្ជមានតែប៉ុណ្ណោះ ឡារ៉ែនធានាថា រឿងតូចៗងាយៗប៉ុណ្ណឹង គឺជាការបណ្តុះបណ្តាលឱ្យកូនធំធាត់ឡើងក្លាយជាក្មេងល្អ និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមានបានយ៉ាងពិតប្រាកដ។

ចង់ចិញ្ចឹមកូនឱ្យបានល្អ គ្រាន់តែលោកឪពុកអ្នកម្តាយធ្វើតាមរឿងទាំង 4 យ៉ាងនេះឱ្យបានជាប់ជាប្រចាំ ធានាថាគេនឹងមិនមែនជាក្មេងធម្មតាទូទៅយ៉ាងពិតប្រាកដ ហើយលោកអ្នកនឹងមានអារម្មណ៍មោទនភាពបំផុតដែលបានអប់រំប្រដែប្រដៅ និងអាចផ្តល់សេចក្តីស្រឡាញ់ ក្តីយល់ចិត្តកូនក្នុងផ្លូវដែលស័ក្តិសមត្រឹមត្រូវបានយ៉ាងពិតប្រាកដ៕

Advertisement