រំលែកទុក្ខក្រៀមក្រំ ! លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន តួអង្គព្រាហ្មណ៍ស្មូម តាជូជក ពេលនេះលោកមរណភាពហើយ

យោងតាមការបង្ហោះរបស់ផេកសិល្បករកម្ពុជា បានរៀបរាប់ថា « ទោះបីគាត់ឈឺធ្ងន់យ៉ាងណារហូតដល់ទទួលមរណភាពថ្ងៃនេះក៏គាត់មិនដែលលើកដៃ សុំអំណោយគេឡើយ សូមចូលរួមសោកស្តាយ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈ ដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក» នៅក្នុងយីកេររឿងព្រះវេសន្តរអំឡុងឆ្នាំ80ជាង ។ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបបន្ថែមថា ព្រឹទ្ធាចារ្យ​​សិល្ប ព្រីង សាឃន (ប្រហែល​ជា​កើត​នៅ​ឆ្នាំ 1936 ឬ 1937) កើត​នៅ​ ភូមិ​​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខែត្រ​កំពង់ចាម ។ នៅ​ឆ្នាំ 1953 លោក​បាន​ចូល​រៀន​ផ្នែក​ល្ខោន​និយាយ​នៅ​អតីត​សាលា​ល្ខោន​ជាតិ ដែល​ក្រោយ​មក​ប្ដូរ​ឈ្មោះ​មក​ជា សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។ បន្ទាប់​ពី​រៀន​ចប់​ហើយ លោក​បាន​សម្ដែង​នៅ​លើ​ឆាក​ជា​ច្រើន​រឿង តែ​ក្នុង​តំណែង​ជា​តួ​រាយរង​ប៉ុណ្ណោះ ។

នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​ទៅ គាត់​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ដោយ​ប្រកប​អាជីព​ជា​អ្នក​សម្ដែង​​ជា​តួ​រាយរង​ដ​ដែរ ។ តួអង្គ​ដែល​ធ្វើ​ឲ្យ​​ទស្សនិកជន​ស្គាល់​គាត់​ច្បាស់​បំផុត​នោះ គឺ​ការ​សម្ដែង​ជា​ តា​ជូជក ក្នុង​រឿង​ព្រះ​វេស្សន្ដរ នៅ​ឆ្នាំ 1993 ។
នៅ​ថ្ងៃ9 ខែមករា 2013 គាត់​បាន​ទទួល​ងារ​ជា​ នាដ​កោសល្យ​វដ្តី យោង​តាម ព្រះរាជ​ក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មត៌ក​មនុស្ស​រស់ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង ការ​លះបង់​ និង​ការ​ពុះ​ពារ​ឥត​ខ្លាច​នឿយ​ហត់ ក្នុង​ការ​​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ និង​ដោយ​ផ្អែក​លើ​តម្លៃ​គុណ​សម្បត្តិ ដូច​ជា ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ស្នាដៃ​ឯក​ ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី ។ ជាមួយគ្នានេះដែរគាត់​ទទួល​បាន​ មេដាយ​មាស​ការងារ​ ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង​ដែរ៕

Advertisement