ដឹងទេថា តូតា ចូលចិត្ដក្លិនទឹកអប់ម៉ាកអ្វី?

ដើម្បីទទួលបានទំនុកចិត្ដ និងភាពស្រស់ស្រាយនៅពេលបំពេញការងារ តារាអ្នកសិល្បៈភាគច្រើន និយមប្រើទឹកអប់បាញ់លើរាងកាយរបស់ពួកគេ ជាក់ស្ដែងកញ្ញា ម៉ាក សែន សូនីតា (ហៅតូតា) ក៏មិនខុសពីតារាសិល្បៈដទៃដែរ ពោលគឺនាងក៏ជាតារាម្នាក់ដែលនិយមប្រើប្រាស់ទឹកអប់ផងដែរ។

គ្រាន់តែឈរក្បែរកញ្ញា ម៉ាក សែនសូនីតា (តូតា) មួយភ្លែតយើងក៏ទទួលបានក្លិនក្រអូបភាយចេញពីខ្លួននាងភ្លាម ដែលគេអាចដឹងបានថាជាក្លិនទឹកអប់ម៉ាកល្បី ប៉ុន្តែគេមិនបានដឹងថា វាជាម៉ាកអ្វីឡើយ។ តើនាងបាញ់ទឹកអប់ម៉ាកអ្វីបានជាក្រអូបម៉្លេះ?

កញ្ញា តូតា បង្ហើបប្រាប់ថា នាងនិយមប្រើទឹកអប់ច្រើនម៉ាកប្លែកៗគ្នាព្រោះនាងត្រូវការប្ដូរផ្លាស់ទៅតាមពេលវេលា។ ទោះយ៉ាងណាទឹកអប់ដែលនាងប្រើនោះសុទ្ធតែជាម៉ាកល្បីដូចជា  ឆាណែល វើសាក ឆយ។ « ចំពោះការប្រើប្រាស់ទឹកអប់ ទោះបីខ្ញុំនិយមប្រើទឹកអប់ច្រើនម៉ាកក៏ពិតមែន ប៉ុន្ដែក្លិនដែលខ្ញុំពេញចិត្ដក្លិន Chanel CoCo ព្រោះក្លិនវាក្រអូបផ្អែម និងប្រើប្រាសជាប់បានយូរ» នេះជាការបញ្ជាក់របស់តូតា។

នាងបន្ដថា ទឹកអប់ទាំងនោះភាគច្រើនទិញមកពីក្រៅប្រទេស ដូចជាប្រទេសថៃ អាមេរិកជាដើម ក្នុងតម្លសជាមធ្យម 1ដបក្នុង ថ្លៃ 150ដុល្លារដុល្លារ។ ពេលនាងចេញទៅក្រៅប្រទេសម្ដងៗ នាងបានទិញវាមកម្ដង 4ទៅ 5ដប។ ការពិតទៅទឹកអប់ម៉ាកល្បីទាំងនោះ មានលក់នៅក្នុងប្រទេសយើងដែរ ប៉ុន្ដែពុំសូវ បានទិញប្រើទេ ព្រោះមិនដឹងថាវាមានគុណភាពដើម ឬយ៉ាងណា? ដូច្នេះទើបនាងសម្រេចចិត្ដទិញពីក្រៅប្រទេសតែម្ដង។

កញ្ញាតូតា ប្រាប់ទៀតថា៖ «មុនពេលចូលប្រឡូកក្នុងសិល្បៈ ខ្ញុំអត់ចូលចិត្ដប្រើទឹកអប់ទេ ប៉ុន្ដែក្រោយពីខ្ញុំចូលសិល្បៈបានមួយរយៈ ខ្ញុំក៏ចាប់ផ្ដើមប្រើវា។ ទឹកអប់ដែលខ្ញុំប្រើដំបូងគឺម៉ាក Chanel  ហើយខ្ញុំបន្ដប្រើវារយៈពេល 7ឆ្នាំហើយ»។ នាងបញ្ជាក់ថា ក្រោយពីប្រើទឹកអប់នេះហើយ មានអារម្មណ៍ថា ជឿជាក់លើខ្លួនឯង ព្រោះការប្រើប្រាស់ទឹកអប់ជាចំណង់ចំណូលចិត្ដរបស់មនុស្សស្រីភាគច្រើន ដែលចូលចិត្ដនៅក្លិនក្រអូប ធ្វើឱ្យខ្លួនឯងស្រស់ស្រាយ។ ពិសេសនៅពេលយើងបំពេញការងារសិល្បៈដូចជាច្រៀង ឬថត បែកញើសមក គឺយើងពុំចាំបាច់បារម្ភនូវក្លិនមិនល្អចេញមកពីរាងកាយយើងឡើយ។ ទោះយ៉ាងណាកញ្ញា តូតា ក៏បានបញ្ជាក់ទាំងផ្ទុះសំណើចដោយលើកឡើងថា ខ្ញុំប្រើទឹកអប់ច្រើនម៉ាក ច្រើនក្លិន  មិនមែនបញ្ជាក់ថា ខ្ញុំមានចិត្ដរាយមាយរឿងស្នេហាទេ មនុស្សចិត្ដរាយមាយក៏មិនមែនស្ថិតនៅលើការប្រើទឹកអប់ឡើយ»៕

Advertisement