តារាក្បាច់គុនក្នុងរឿង John Wick 3 ត្រៀមបង្ហាញខ្លួននៅក្នុងភាពយន្ដខ្មែរខ្នាតធំ

តាមការប្រកាសបញ្ជាក់របស់ផលិតកម្មកងចក្រ បានឱ្យដឹងថា តារាក្បាច់គុនរបស់ប្រទេសឥណ្ឌូនេស៊ី ធ្លាប់បង្ហាញមុខនៅក្នុងភាពយន្ដJohn Wick 3 ត្រៀមមកបង្ហាញខ្លួន សម្ដែងនៅភាពយន្ដខ្នាតធំ Jailbreak 2 ដែលជាខ្សែភាពយន្តដែលបានជាប់ពានរង្វាន់ជាខ្សែភាពយន្តដ៏អស្ចារ្យមួយរបស់មហោស្រពភាពយន្ត Fantasia កាលពីឆ្នាំ2017។

ខ្សែភាពយន្ត Jailbreak បានបញ្ចូលក្បាច់គុនល្បុក្កតោទៅក្នុងសាច់រឿងដែលបានបង្ហាញពីភាពអង់អាច មោះមុត បង្កប់ទៅដោយតិចនិកនៃការវាយលុកសត្រូវពោរពេញទៅដោយស្មារតីក្លាហានគួរឱ្យចាប់អារម្មណ៍។ យ៉ាងណាមិញ រឿង Jailbreak 2 បានត្រឡប់មកវិញដោយមានការចូលរួមសម្តែងពីតួអង្គសំខាន់ដូចជា៖

● តារាភាពយន្តក្បាច់គុនឥណ្ឌូនេស៊ីទាំង2រូបគឺលោក Yayan Ruhian និង លោក Cecep Arif Rahman ដែលបានសម្តែងជាតួអង្គសំខាន់ក្នុងរឿង The Raid និង រឿង John Wick 3 – Parabellum ។
● តារាភាពយន្តក្បាច់គុនល្បុកតោខ្មែរទាំងបីគឺ លោក ហ្សង់ ប៉ូលី (Jean Paul Ly) លោក អ៊ួ​ តារា (Dara Our) និង កញ្ញា សំ ថារ័ត្ន (Sam Tharoth)។

ភាពយន្តខ្នាតធំនេះនឹងដឹកនាំរឿងដោយលោក Jimmy Henderson ដែលសហការជាមួយផលិតករភាពយន្ត គឺលោកតែឡូយដូចគ្នានឹងវគ្គ1 ដដែល។ បើតាមការគ្រោងទុក ភាពយន្តនេះនឹងចាប់ផ្តើមថតនៅឆ្នាំ 2021 ក្រោមកិច្ចសហការផលិតរួមគ្នាដោយ ផលិតកម្មកងចក្រភីកឈ័រ Kongchak Pictures និង ក្រុមហ៊ុនចែកចាយភាពយន្តវេស្ទិចមេឌាលីមីតធីត WML+ ៕

Advertisement