សុខ ស្រីម៉ុច បដិសេធគ្មានអ្នកជួយនៅពីក្រោយ

តារាសម្ដែង សុខ ស្រីម៉ុច មួយរយៈចុងក្រោយនេះហាក់មានការតុបតែងខ្លួនប្លែកខុសពីពេលមុនៗ ភាគច្រើននាងនិយមប្រើប្រាស់សម្ភារថ្លៃៗ។ ជុំវិញសកម្មភាពនេះត្រូវបានគេសន្និដ្ឋានថា ទំនងជានាងមានគូកំណាន់ចិត្ដនៅពីក្រោយខ្នងចាំជួយឧបត្ថម្ភរូបនាងជាមិនខាន។

ជួបជាមួយកញ្ញាសុខ ស្រីម៉ុច នាងបានច្រានចោលចំពោះការលើកឡើងបែបនោះដោយនាងបញ្ជាក់ថា៖ ”គ្មានបុរសណាគេយកលុយមកចំណាយលើខ្ញុំនោះទេ។ មួយថ្ងៃៗ ខ្ញុំប្រឹងធ្វើការងារសិល្បៈស្ទើរគ្មានពេលសម្រាក បែរជាមានគេនិយាយបែបនេះទៅវិញ ខ្ញុំពិតជាហួសចិត្ដខ្លាំងណាស់  ព្រោះខ្ញុំមិនមែនជាតារាដែលយកវិស័យសិល្បៈធ្វើជាស្ពានទេ”។

នាងបញ្ជាក់បន្ថែមថា បច្ចុប្បន្នការងារសិល្បៈរបស់នាងមានការមមាញឹកជាងបណ្ដាឆ្នាំកន្លងទៅ ហើយក៏រកប្រាក់ចំណូលបានក្រែលគួរសមដែរ តែមិនទាន់អាចជួយលើកស្ទួយកម្រិតជីវភាពរបស់នាងឱ្យធូរធារបាននៅឡើយទេ។ នាងបន្ដថា អ្វីដែលមហាជនមើលឃើញពីភាពហ៊ឺហារខាងក្រៅរបស់នាងនោះវាគ្រាន់តែជាការរៀបចំខ្លួនតែប៉ុណ្ណោះ ព្រោះនាងជាតារាសិល្បៈបើនាងមិនចេះតុបតែងខ្លួនឱ្យប្លែកទេ វាក៏មិនអាចទាក់ទាញយកទីផ្សារការងារបានដែរ។

កញ្ញាសុខ ស្រីម៉ុច ទស្សនិកជនបានស្គាល់នាងតាមរយៈការសម្ដែងរឿង ”ពន្លកស្នេហ៍ក្បែរជាយដែន” និងរឿង ”ជីវិតនាងរក្សា” ព្រមទាំង ”ល្បិចនាយកម្សត់” ជាដើម។​ គ្រាដែលនាងបោះជំហានចូលសិល្បៈដំបូងៗ នាងមិននិយមការតុបតែងខ្លួនទេ ព្រោះនាងមិនចង់ចំណាយថវិកាខ្ជះខ្ជាយ ខណៈនាងត្រូវការប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពនាង។

តារាសម្ដែងមានបទពិសោធរូបនេះបញ្ជាក់ថា៖ ”ការពិតចំណូលដែលខ្ញុំរកបានពីការងារសិល្បៈមកបានច្រើនគួរសម ប៉ុន្ដែវាគ្រាន់តែយកមកទប់ទល់ នឹងចំណាយលើសម្ភារប្រើប្រាស់ និងគ្រឿងតុបតែងខ្លួនប៉ុណ្ណោះ វាមិនទាន់នៅសល់សម្រាប់ឱ្យខ្ញុំយកមកសន្សំទុកដាក់សម្រាប់ធ្វើការរកស៊ីទៅអនាគតបានឡើយ”។

កញ្ញា ស្រីម៉ុច បញ្ជាក់ថា យើងជាតារាសិល្បៈមិនអាចធ្វើខ្លួនឱ្យសាមញ្ញពេកទេ ពេលខ្លះយើងដឹងថា សម្ភារដែលប្រើប្រាស់ទាំងនោះវាថ្លៃ  តែក៏មិនដល់ថ្នាក់ខ្ជះខ្ជាយថវិកាពេកដែរ យើងត្រូវចេះប៉ាន់ស្មានទៅតាមលទ្ធភាពដែលខ្លួនធ្វើទៅបាន ។ នាងបន្ថែមថា៖”សម្ភារទិញថ្លៃមែន  ប៉ុន្ដែនៅពេលប្រើប្រាស់  វាអាចជួយលើកមុខមាត់យើងក្នុងសង្គមសិល្បៈបាន ពិសេសមិត្ដភ័ក្ដិ និងអ្នកដឹកនាំរឿង ឬកម្មវិធីផ្សេងៗក៏ឱ្យតម្លៃយើងតាមហ្នឹងដែរ”៕

 

Advertisement