“អ្នក​ស្នងមរតក” របស់​ Samsung រួច​ទុក្ខ​ភ័យ​បាន​មួយ​គ្រា​ទៀត​ហើយ

តុលាការកូរ៉េ​ខាង​ត្បូង​​យល់​ថា ភ័ស្តុ​តាង​មិន​ទាន់​គ្រប់គ្រាន់​ ដូច្នេះ​ លោក​ Lee Jae-yong ក៏​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ​។

អនុប្រធាន​​របស់​ក្រុម​ហ៊ុន​ Samsung Electronics លោក Lee Jae-yong បាន​រួច​ខ្លួន​ពី​បទ​បញ្ជា​ចាប់​ខ្លួន​ ក្រោយ​ពី​តុលាការ​ទីក្រុង​ Seoul បាន​ច្រាន​ចោល​ការ​ស្នើ​ឱ្យ​ចាប់​ខ្លួន​​​ពី​រដ្ឋ​អាជ្ញា​។ ក្រុម​រដ្ឋ​អាជ្ញា​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ដើម្បីធ្វើ​ការ​ចាប់​ខ្លួន​លោក Lee Jae-yong ក្នុង​បំណង​បម្រើ​ដល់​ការ​ស៊ើប​អង្កេត​លើ​សកម្ម​ភាព​បន្លំ​​ និង​ឧបាយកល​ក្នុង​ការ​រៀប​ចំ​ទី​ផ្សារ។ មុន​នោះ​ លោក Lee ក៏​ធ្លាប់​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ ព្រោះ​តែ​អំពើ​ពុក​រលួយ​។

លោក Lee Jae-yong អនុប្រធាន​ក្រុម​ហ៊ុន Samsung Electronics ចាក​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​បន្ទាប់​ពី​ការ​រង់​ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​ដីកា​ចាប់​ខ្លួន

យោង​តាម​របាយ​ការណ៍​របស់​ Nikkei តុលាការ​ទីក្រុង​ Seoul បាន​ឱ្យ​ដឹងថា ក្រុម​រដ្ឋ​អាជ្ញា​ប្រមូល​បាន​ភ័ស្តុ​តាង​ជា​ច្រើន​ ប៉ុន្តែ​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ឱ្យ​ធ្វើ​ការ​កាត់​ទោស​ និង​មិន​មាន​ហេតុ​ផល​សមស្រប​ដើម្បី​ឃាត់​ខ្លួន​លោក​ Lee បាន​នៅ​ឡើយ​។ ប្រការ​នេះ​មាន​ន័យ​ថា លោក​ Lee មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នោះ​ដែរ​។

ក្រុម​រដ្ឋ​អាជ្ញា​នៅ​តែ​បន្ត​ធ្វើការ​ស៊ើប​អង្កេត​ ហើយ​នឹង​អាច​ស្នើ​ឱ្យចាប់​ខ្លួន​លោក​ Lee ម្ដងទៀត​ បន្ទាប់​ពី​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​។ Nikkei បាន​ឱ្យ​ដឹង​ថា ក្រុម​រដ្ឋ​អាជ្ញា​យល់​ថា ការ​សម្រេច​របស់​តុលាការ​គឺពិត​ជា​គួរ​ឱ្យ​សោក​ស្ដាយ​ ប៉ុន្តែ ការ​ចោទ​ប្រកាន់​មិន​ទាន់​បានបញ្ចប់​នៅ​ឡើយ​ ហើយ​ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​ទៅ​មុខ​។

ការ​ចោទ​ប្រកាន់​ខាងលើ​ ទាក់ទង​ទៅនឹង​​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុម​ហ៊ុន​ចំនួន​ពីរ​របស់​ Samsung Group នោះ​គឺ​ក្រុម​ហ៊ុន​ Cheil Industries និង​ Samsung C&T។ លោក​ Lee ត្រូវ​បាន​គេ​គិត​ថា​ បាន​ប្រើ​ប្រាស់​ករណី​ច្របាច់​បញ្ចូល​គ្នា​នេះ​ដើម្បី​មាន​អំណាច​ច្រើន​ជាង​មុន​ក្នុង​ការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Samsung។ ទន្ទឹម​នឹង​នេះ ករណី​ច្របាច់​បញ្ចូល​គ្នា​នោះ​ក៏​មាន​បញ្ហា​មិ​ន​ច្បាស់​លាស់​ ទាក់​ទិន​នឹង​កិច្ច​ការ​សវនកម្ម​ផងដែរ​៕

ប្រភព៖ The Verge

Advertisement