យល់​ថា​ចិន​ស៊ី​ខ្សែ​លើ ទីក្រុង​វ៉ាស៊ីង​តោន​ ហាម​មិន​ឱ្យ​អាកាស​ចរណ៍​ចិន​ដឹក​ភ្ញៀវ​​ទៅកាន់​​ទឹក​ដី​អាមេរិក

ទីក្រុង​វ៉ាស៊ីង​តោន​ហាម​យន្ត​ហោះ​ដឹក​ភ្ញៀវ​ពី​ប្រទេស​ចិន​ចូល​មក​ទឹក​ដី​អាមេរិក​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ក្រោយ​ពី​ទីក្រុង​ប៉េកាំង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​ដំណើរ​ការ​ជើង​ហោះ​ហើរ​ទៅ​ប្រទេស​ចិន​ឡើង​វិញ​។

“បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​បាន​ស្នើ​ឱ្យ​មាន​ការ​តភ្ជាប់​សេវា​ដឹក​អ្នក​ដំណើរ​ជាមួយ​ប្រទេស​ចិន​ឡើង​វិញ​ ចាប់​ពី​ថ្ងៃទី​1មិថុនា​។ ការ​ដែល​រដ្ឋាភិបាល​ចិន​មិន​យល់​ព្រម​តាម​សំណើរនេះ គឺជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ផ្នែក​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​រវាង​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​”។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាមេរិក​​ ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​3​មិថុនា​​។

ការ​ហាម​របស់​សហរដ្ឋ​អាមេរិក​ខាងលើ​នេះ តាម​គម្រោង​នឹង​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃទី​16​មិថុនា​ខាង​មុខ​ ប៉ុន្តែ​អាច​ត្រូវ​បាន​ជំរុញ​​ឱ្យ​បាន​ឆាប់​ជា​ង​នេះ​។ បណ្ដា​ក្រុម​ហ៊ុន​អាកាស​ដែល​ទទួល​រង​ផល​វិបាក​​​ពី​បម្រាម​នេះ​ មាន​ដូច​ជា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍ Air China, China Eastern Airlines Corp, China Southern Airlines Co និង Hainan Airlines Holding Co។

បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​មាន​ដូចជា Delta Air Lines និង​ United Airlines នៅ​ដើម​ខែ​នេះ​បាន​ស្នើ​ឱ្យ​ចិន​​បើក​ផ្លូវ​ឱ្យ​ពួក​គេ​អាច​ហោះ​ទៅកាន់​ប្រទេស​ចិន​ ប៉ុន្ត ទីក្រុង​ប៉េកាំង​មិន​យល់​ព្រម​ បើ​ទោះជា​បណ្ដា​ក្រុមហ៊ុន​អាកាស​ចរណ៍​ចិននៅ​តែ​អាច​​បន្ត​ធ្វើ​ការ​ហោះ​ហើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ក៏​ដោយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement