ប្រព័ន្ធ Thunderbolt គ្រាន់តែ 5នាទី អាចចូលលួចយកទិន្នន័យក្នុងកុំព្យូទ័របាន

​មើលថែកុំព្យូទ័ររបស់លោកអ្នកឱ្យបានល្អ ព្រោះគ្រាន់តែ 5នាទីប៉ុណ្ណោះ ក៏គេអាចចូលលួចយកទិន្នន័យក្នុងកុំព្យូទ័ររបស់អ្នកបានដែរ។ វាមិនមែនជារឿងចម្លែកពេកទេ ដែលកុំព្យូទ័ររបស់លោកអ្នកអាចត្រូវបានវាយប្រហារពីជនអនាមិក ល្គឹកណាលោកអ្នកធ្វើការដោយប្រើប្រាស់ឧបករណ៍ទាំងនោះ ជាពិសេសក្នុងពេលមានការតភ្ជាប់ជាមួយប្រព័ន្ធអ៊ិនធើណិត។

ក្នុងពេលថ្មីៗនេះ សូម្បីនៅក្នុងប្រព័ន្ធ Thunderbolt ក៏នៅតែមានចំណុចខ្សោយ ដែលអាចឱ្យអ្នកវាយប្រហារលួចយកទិន្នន័យក្នុងកុំព្យូទ័រលោកអ្នកបាន ដោយគ្រាន់តែចំណាយពេលប្រហែល 5នាទីប៉ុណ្ណោះ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពនៅសាកលវិទ្យាល័យ Eindhoven។

ការវាយប្រហារនេះត្រូវបានគេឱ្យឈ្មោះថា Thunderspy ហើយមានការប៉ះពាល់ដល់កុំព្យូទ័រដែលផលិតមុនឆ្នាំ2019 ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows ឬ Linux ជាមួយនឹងឈីប Intel ដើម្បីធ្វើការវាយប្រហារនេះ ពួកគេគ្រាន់តែបើកគម្របខាងក្រោយកុំព្យូទ័រ ហើយប្រើឧបករណ៍តូចមួយដើម្បីធ្វើការផ្លាស់ប្ដូរ firmware ដែលគ្រប់គ្រងប្រព័ន្ធរបស់ Thunderbolt ជាការស្រេច។

ខាង​ក្រោម​នេះ​គឺ​ជា ​ព័ត៌មាន​ខ្លះៗ​ទាក់ទងនឹងបច្ចេកវិទ្យា Thunderbolt សម្រាប់​អ្នក​ដែល​មិនទាន់ស្គាល់ពីវា…៖

-Thunderbolt គឺជាប្រព័ន្ធរន្ធភ្ជាប់នៅក្នុងកុំព្យូទ័រសម្រាប់តភ្ជាប់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗ មានដូចជា monitor និង hard drive ជាដើម ដែលអាចបញ្ជូនទិន្នន័យលឿនជាងបច្ចេកវិទ្យា USB។

ដើម្បីទទួលបានល្បឿនដ៏លឿននេះ ប្រព័ន្ធ Thunderbolt ត្រូវបាននិម្មាបនកម្មដែលអាចផ្លាស់ប្តូរទិន្នន័យដោយផ្ទាល់ជាមួយកុំព្យូទ័រ memory ដែលជាហេតុនាំឱ្យមានចំណុចខ្សោយនេះ។

ដើម្បីចៀសវាងពីការវាយប្រហារនេះ លោកអ្នកអាចបិទការប្រើប្រាស់ប្រព័ន្ធ Thunderbolt នៅក្នុងប្រព័ន្ធប្រតិបត្តិការ ដោយប្រើរន្ធភ្ជាប់នេះ សម្រាប់តែជាមួយនឹង monitor ប៉ុន្តែវិធីនេះក៏មិនអាចចៀសវាងពីការវាយប្រហារបានទាំងស្រុងនោះដែរ។

អ្វីដែលល្អបំផុតនោះគឺ អ្នកគួរតែចៀសវាងកុំទុកកុំព្យូទ័រចោល ដែលអាចឱ្យជនអនាមិកមានឱកាសអាចប៉ះពាល់បាន ដូចជានៅក្នុងបន្ទប់សណ្ឋាគារ ជាដើម៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement