Liverpool ភ័យបុកពោះខ្លាំង ក្រោយលីកកំពូលៗនៅអឺរ៉ុប 3ក្របខ័ណ្ឌ ប្រកាសបិទ បន្តកន្ទុយគ្នា

គិតមកទល់នឹងពេលនេះ មានលីកកំពូលៗរបស់ប្រទេសនៅតំបន់អឺរ៉ុប ចំនួន 3ហើយ ដែលបានប្រកាសបិទ បន្តបន្ទាប់គ្នា ដោយសារតែវិបត្តិកូវីដ-19 និងក៏ដើម្បីជាការបង្ការជំំងឺដែលបង្កដោយមេរោគមួយនេះដែរ។

ក្នុងនោះដែរ ហូឡង់គឺជាប្រទេសទី1 ដែលបានប្រកាសឆាចោលរាល់ការប្រកួតទាំងអស់កន្លងមកនៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់ខ្លួន គឺ Eredivisie ក្រោយស្ថានភាពហាក់មិនសមប្រកប និងចៀសវាងការទន្ទឹងរង់ចាំរបស់ក្លិបបាល់ទាត់នានា។

បារាំងជាប្រទេសបន្ទាប់ ដែលប្រកាសលុបចោលក្របខ័ណ្ឌលីកដូចគ្នា ដោយសារតែរដ្ឋាភិបាលបារាំង បានដាក់កំហិតឱ្យបិទគ្រប់សកម្មភាពកីឡាទាំងអស់នៅក្នុងប្រទេសក្នុងឆ្នាំ2020នេះ។

បន្ទាប់មកគឺ លីកកំពូលរបស់ប្រទេសប៊ែលហ្ស៊ិក Belgian Pro League គឺជាប្រទេសទី 3ហើយ ដែលទើបតែបានប្រកាសបិទជាបន្ត ក្រោយរដ្ឋាភិបាលរបស់ប្រទេសនេះ បើកភ្លើងក្រហមឱ្យបញ្ឈប់កីឡាមួយនេះជាបន្ទាន់។

ចំពោះក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេស ដែលជាប្រទេសរងការរាតត្បាតដោយមេរោគកូវីដ-19 ខ្លាំងជាងគេនៅតំបន់អឺរ៉ុបវិញនោះ ក៏ហាក់មានសញ្ញានៃការបិទនេះដែរ ដែលបានធ្វើឱ្យក្លិប ក៏ដូចជាអ្នកគាំទ្ររបស់ក្លិប Liverpool មានការស្រងាកចិត្តយ៉ាងខ្លាំង ព្រោះក្រុមមួយនេះ ហាក់បានឈានទៅកៀកនឹងការលើកពានទៅហើយ ដោយត្រូវការឈ្នះតែ 2ប្រកួតទៀតប៉ុណ្ណោះ ខណៈនៅសល់ក្នុងដៃដល់ទៅជាង 10ប្រកួតទៀតឯណោះ៕

Advertisement