Mark Zuckerberg ៖ គ្រប់គ្នាគួរជួយប្រទេសរបស់ខ្លួន ទោះបីជាអ្នកមានតួនាទីជាអ្វីក៏ដោយ

លោក Mark Zuckerberg ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានឥទ្ធិពលម្នាក់ក្នុងពិភពលោក ព្រោះបណ្តាញសង្គមដែលគាត់បានបង្កើតជាបណ្តាញដែលជួយដល់មនុស្សច្រើនបំផុតលើលោកយើងនេះ។

ផ្តើមចេញពីនិស្សិតនៃសាកលវិទ្យាល័យ Harward លោកបានបង្កើតបណ្តាញសង្គម Facebook ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលខណៈរូបលោកផ្ទាល់សន្យាក្នុងចិត្តថា លោកនឹងបញ្ចប់សញ្ញាបត្រពីសាកលវិទ្យាល័យល្បីនេះឱ្យបានបើទោះបីជាលោកបានចាកឆ្ងាយសាលាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។

គំនិត និងគំរូល្អរបស់សហគ្រិនលំដាប់ពិភពលោករូបនេះ បានធ្វើឱ្យមនុស្សជាច្រើនកត់ត្រាទុក រហូតអ្នកខ្លះយកមកសរសរជាសៀវភៅ អ្នកខ្លះយកជាក្បួនធ្វើអាជីវកម្ម ជាក្បួនសម្រាប់ការរស់នៅ និងមានស្ថាប័នអប់រំខ្លះក៏បានអញ្ជើញរូបគាត់ឱ្យទៅចែករំលែកគំនិតដល់និស្សិតរបស់ខ្លួនផងដែរ។

ថ្មីៗនេះ លោក Mark Zuckerberg បានសរសេរនៅក្នុងបណ្តាញសង្គមរបស់លោកថា៖ «អ្នកគ្រប់គ្នាគួរជួយសង្គមរបស់ខ្លួន ទោះបីជាអ្នកមានតួនាទីជាអ្វីក៏ដោយ (Everyone should be able to serve their country — no matter who they are.)»។

គំនិតមួយនេះ ជាចំណុចមួយដែលអាចដាស់មនុស្សលើពិភពលោកឱ្យបានឃើញពីតម្លៃខ្លួនឯង ក្នុងនាមជាប្រជាជននៃប្រទេសមួយ។ មិនថាលក្ខខណ្ឌណាក៏ដោយ ឬអ្នកជាអ្នកណាក៏ដោយ ជានិស្សិត ជាបុគ្គលិកធម្មតា ជាអ្នកជំនួញ ជាអ្នកធ្វើការក្នុងស្ថាប័នសំខាន់ៗ ឬជាអ្នកសម្រេចចិត្តក្នុងសង្គមនោះទេ អ្នកគួរតែប្រើគ្រប់លទ្ធភាពរបស់ខ្លួនដើម្បីជួយដល់សង្គមរបស់ខ្លួន ព្រោះថាទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ អ្នកនៅតែអាចជួយប្រទេសរបស់ខ្លួនបាន ប្រសិនបើអ្នកចង់ជួយ។

ការជួយសង្គម មិនមែនទាល់តែជួយដល់មនុស្សច្រើន ឬជួយការពារសង្គមទាំងមូលទើបរាប់ថាជាការជួយសង្គមនោះទេ។ ការគោរពច្បាប់ ការខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សខ្លាំងក្នុងសង្គម ការផ្សព្វផ្សាយពីអំពើល្អ ការបង្កើតសមិទ្ធផលថ្មីៗ និងការជួយក្នុងកិច្ចការងារសង្គមនានា សុទ្ធតែជាសកម្មភាពដែលគ្រប់គ្នាអាចធ្វើបាន។ ហេតុនេះការចាប់ផ្តើមជួយខ្លួនឯងឱ្យបានល្អបំផុត ក៏រាប់ថាជាការជួយសង្គមបានដែរ ហើយមិនចាំបាច់រង់ចាំថ្ងៃណានោះទេ សូមចាប់ផ្តើមពីថ្ងៃនេះ ដើម្បីត្រៀមខ្លួនជាប្រជាជនល្អរបស់ប្រទេសរបស់ខ្លួន និងជាសមាជិកល្អម្នាក់របស់ពិភពលោក៕

Advertisement