លោក Koeman បញ្ជាក់ថា Barkley នឹងចាកចេញពីក្លិប Everton

លោក Ronald Koeman បានបង្កើតឲ្យមានការចាប់អារម្មណ៍ទៅលើការប្រមាញ់ទិញកីឡាករ Ross Barkley កាលពីថ្ងៃពុធ តាមរយៈការបញ្ជាក់ថា រូបគាត់មានភាពច្បាស់លាស់ 100ភាគរយថា ខ្សែបម្រើអន្តរជាតិអង់គ្លេសដ៏មានឥទ្ធិពលរូបនេះ នឹងចាកចេញពីកីឡដ្ឋាន Goodison Park។

Barkley កំពុងតែស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេជាមួយនឹងក្លិប Everton ហើយកាលពីរដូវកាលមុន រូបគេត្រូវបានប្រាប់ដោយលោក Koeman ថា រូបគេនឹងត្រូវលក់ចេញ ប្រសិនបើរូបគេមិនចុះហត្ថលេខាទៅលើកុងត្រាថ្មីរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ។ លោក Koeman បានប្រាប់ថា Barkley បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេចង់ចាកចេញ ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ រំពឹងទុកថា រូបគេនឹងសម្រេចបំណងរបស់គេ ខណៈដែលក្លិប Arsenal និង Tottenham សុទ្ធសឹងចង់ចុះហត្ថលេខាជាមួយនឹងកីឡាករវ័យ 23ឆ្នាំរូបនេះ។

នៅពេលដែលត្រូវបានចោទសួរថា តើលោកមានភាពជឿជាក់ 100ភាគរយ ឬយ៉ាងណាថា Barkley នឹងចាកចេញ? លោក Koeman បានប្រាប់អ្នកយកព័ត៌មានថា៖ «ស្ថានភាពជាលក្ខណៈបុគ្គលរបស់គេពិតជាមិនលំបាកឡើយ។ យើងបានផ្តល់សំណើដ៏ល្អមួយសម្រាប់រូបគេ ក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីមួយ ប៉ុន្តែ រូបគេបានបដិសេធ និងបានប្រាប់ខ្ញុំថា រូបគេំពុងតែសម្លឹងរកការប្រជែងថ្មីមួយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជាការសម្រេចចិត្តរបស់គេ ខ្ញុំត្រូវគោរពការសម្រេចចិត្តនោះ ហើយបន្ទាប់មក យើងនឹងរង់ចាំមើលថា មានអ្វីកើតឡើង ប៉ុន្តែ អ្វីដែលខ្ញុំបានឮពីក្រុមប្រឹក្សាគឺថា វាមិនទាន់មានសំណើដ៏ជាក់លាក់ណាមួយសម្រាប់ក្លិប Ross នៅឡើយទេ»៕
ប្រភពពី៖ Sport24

Advertisement