លោក Donald Trump រំឭកដល់ការសន្យារបស់នាយក Apple

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងរំឭកម្ដងទៀតអំពីការសន្យារបស់នាយកប្រតិបតិ្តក្រុមហ៊ុន Apple គឺលោក Tim Cook ដែលថា នឹងសាងសង់ “រោងចក្រធំៗចំនួន 3” នៅសហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសជាមួយកាសែត The Wall Street Journal។

លោក Trump បានប្រាប់ថា៖ «ខ្ញុំបាននិយាយទៅកាន់លោក Cook ហើយគាត់បានសន្យាថា នឹងធ្វើឱ្យខ្ញុំនូវគម្រោងធំៗ 3»។ នេះមិនមែនជាលើកទីមួយទេដែលលោក Trump បាននិយាយថា គាត់បាននិយាយជាមួយ Cook អំពីការបង្កើតរោងចក្រផលិតកម្មធំមួយក្នុងទឹកដីសហរដ្ឋអាមេរិក។ ខណៈកាលពីក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក លោក Trump បានហៅ CEO របស់ក្រុមហ៊ុន Apple ជាច្រើនដងដើម្បីឱ្យមកបង្កើតរោងចក្រនៅលើទឹកដីកំណើតវិញ។

គិតមកដល់ពេលនេះក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ចំពោះដំណើរនៃការបង្កើតរោងចក្រក្នុងទឹកដីសហរដ្ឋអាមេរិកនេះ បើទោះបីជាលោកនាយកប្រតិបត្តិ Tim Cook ធ្លាប់បានឆ្លើយប្រាប់ទៅពិធីករលោក Jim Cramer នៅក្នុងបទសម្ភាស Mad Money របស់ប៉ុស្តិ៍ CNBC កាលពីថ្ងៃទី03 ខែឧសភា ឆ្នាំ2017 កន្លងទៅថា ក្រុមហ៊ុនលោកបានត្រៀមខ្លួននឹងធ្វើការវិនិយោគមួយដ៏ធំសម្រាប់ពលរដ្ឋអាមេរិកដើម្បីឆ្លើយតបនឹងការស្នើសុំរបស់លោកប្រធានាធិបតី។ ទឹកប្រាក់ 1 ពាន់លានដុល្លារ នឹងត្រូវបានត្រៀមសម្រាប់ការសាងសង់រោងចក្រ និងសម្ភារជាច្រើនទៀត ដើម្បីបម្រើដល់ចង្វាក់ផលិតកម្មទូរស័ព្ទ iPhone៕

Advertisement