គីម ច័ន្ទបរមី មិនអាចបោះបង់ចោលសិល្បៈក្រោយមានគម្រោងបង្កើតអាជីវកម្ម

ក្រោយពីទំនាក់ទំនងស្នេហាជាមួយចៅប្រុសរបស់ថ្នាក់ដឹកនាំប្រទេសត្រូវបានប្រកាសជាសាធារណៈមកគេសន្និដ្ឋានថា គឹម ច័ន្ទបរមីនឹងផ្អាកពីការងារសិល្បៈមិនខាន។ តែផ្ទុយទៅវិញ នាងនៅតែបន្ដការងារក្នុងអាជីពនេះដដែល ខណៈដែលនាងក៏គ្រោងនឹងបង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

កញ្ញា គឹម ច័ន្ទបរមី បញ្ជាក់ថា បច្ចុប្បន្ននាងកំពុងតែបន្ដអាជីពសិល្បៈរបស់ខ្លួនជាធម្មតា ព្រោះវាជាការងារដែលនាងស្រឡាញ់តាំងពីយូរមកហើយ ម្យ៉ាងសង្សារនាងក៏ពុំបានហាមប្រាមទៅលើការងារនេះដែរ។ បរមីបញ្ជាក់ថា៖ «បច្ចុប្បន្នខ្ញុំកំពុងតែថតបញ្ចប់រឿងដែលទទួលបានពីឆ្នាំចាស់ និងទើបតែបញ្ចប់ការថតរឿងចំនួនពីរដែលរឿងទាំងនេះគ្រោងនឹងចាក់បញ្ចាំងនៅក្នុងលើកញ្ចក់ទូរទស្សន៍នាពេលខាងមុខ»។

នាងបន្ដថា នាងពិតជាពិបាកដកខ្លួនចេញឱ្យដាច់ពីការងារសិល្បៈទាំងស្រុងណាស់ ខណៈនាងកំពុងតែសិក្សាទៅលើផ្នែកថែរក្សាសម្ផស្ស ដើម្បីបើកអាជីវកម្មក្នុងការនាំចូលផលិតផលថែរក្សាសម្ផស្ស ដែលការងារសិល្បៈក៏វាផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មដែលនាងគ្រោងនឹងបើកនេះដែរ។ កញ្ញាគីម ច័ន្ទបរមី ប្រាប់ថា៖ «ប្រសិនបើខ្ញុំបើកអាជីវកម្មនេះគឺគ្រាន់តែនាំយកផលិតផលមកលក់ប៉ុណ្ណោះ មិនបើកជាកន្លែងវះកាត់អ្វីឡើយ»។ នាងបន្ដថា គម្រោងអាជីវកម្មនេះមិនទាក់ទងនឹងសង្សាររបស់នាងទេ គឺជាគំនិតរបស់គ្រួសារនាងចង់ឱ្យនាងចាប់អាជីព ឬប្រកបអាជីវកម្មអ្វីមួយដែលមានលក្ខណៈរឹងមាំជាងការងារសិល្បៈ។

ជាមួយគ្នានេះដែរ កញ្ញាគីម ច័ន្ទបរមី បញ្ជាក់ថា ក្រោយពីទំនាក់ទំនងស្នេហារបស់នាងបានកើតឡើងរយៈពេលពីរឆ្នាំមកហើយនោះ ឃើញថា វាបានបង្ហាញពន្លឺយ៉ាងល្អ ខណៈនាងអះអាងថា ស្នេហារបស់នាងគឺជាស្នេហាពិតប្រាកដ។ មិនតែប៉ុណ្ណោះនឹងអាចឈានទៅដល់ការដឹកដៃគ្នាចូលរោងជ័យក្នុងរង្វង់3ឆ្នាំខាងមុខទៀតផង៕

Advertisement