Real Madrid ខិតកាន់តែកៀកក្នុងការនាំយក Mbappe ក្នុងតម្លៃខ្លួន 180លានអឺរ៉ូ

ក្លិប Real Madrid បានឈានដល់ការព្រមព្រៀងគ្នាក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកមួយ ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Kylian Mbappe ពីក្លិប Monaco ក្នុងតម្លៃខ្លួន180លានអឺរ៉ូ (ស្មើនឹង210លានដុល្លារអាមេរិក) ដើម្បីបញ្ចប់ការផ្ទេរមួយក្នុងចំណោមដំណើរការផ្ទេរដ៏ក្តៅគគុកបំផុតនៅរដូវក្តៅនេះ។

កាសែតកីឡាប្រចាំថ្ងៃរបស់អេស្ប៉ាញ Marca ដែលបានបង្ហើបឱ្យដឹងពីប្រភពជិតដិតទៅនឹងការចរចានេះបានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យក្មេង Mbappe ដែលបានបង្ហាញពីទម្រង់លេងយ៉ាងល្អអស្ចារ្យកាលពីរដូវកាលមុននោះ ត្រូវបានរំពឹងទុកថា នឹងចូលរួមជាមួយនឹងក្លិប Real ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងកិច្ចសន្យារយៈពេល6ឆ្នាំ ជាមួយនឹងចំណូល7លានអឺរ៉ូ ក្នុងមួយឆ្នាំ។ កាសែតបារាំង Le Parisien និង Nice Matin បានចេញផ្សាយភ្លាមៗថា ក្លិប Monaco បានច្រានចោលចំពោះការលើកឡើងរបស់កាសែតអេស្ប៉ាញ Marca។ ប៉ុន្តែការផ្ទុះឡើងនូវពាក្យចចាមអារ៉ាមទៅលើការផ្ទេរថ្មីៗចុងក្រោយនេះ បានបង្កើតឲ្យមានការលើកឡើងម្តងទៀតជុំវិញអនាគតរបស់តារាឆ្នើមវ័យក្មេងប្រកបដោយទេពកោសល្យបំផុតរបស់អឺរ៉ុបរូបនេះ។

ប្រសិនបើការផ្ទេរនេះត្រូវបានបំពេញជាផ្លូវការ ក្លិប Real នឹងបំពេញការងារដ៏ធំមួយតាមរយៈការនាំយកកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងវិស័យកីឡាបាល់ទាត់ ក្រោមការប្រជែងទិញពីសំណាក់ក្លិបធំៗរបស់អឺរ៉ុបជាច្រើនក្នុងនោះរាប់បញ្ចូលទាំងក្លិប PSG និងក្លិបយក្សរបស់ក្របខ័ណ្ឌ Premier League ដូចជា Manchester City ផងដែរ។

កាសែត Marca ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្លិប Real Madrid នោះ បានបញ្ជាក់ថា Real នឹងត្រូវចំណាយប្រាក់ចន្លោះពី150 ទៅ160លានអឺរ៉ូ រួមជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមផ្សេងទៀតពីចន្លោះ20 ទៅ30លានអឺរ៉ូសម្រាប់ការនាំយក Mbappe នេះ៕
ប្រភពពី៖ AFP

Advertisement