កំពុងទន្ទឹងចាំយូរ! ភាពយន្ដកំប្លែងសើចចុកពោះ «កុមារី២៥ឆ្នាំ វគ្គ៣ » ចេញ Trailerហើយ

ទីបំផុតខ្សែភាពយន្តកំប្លែងដ៏ថ្មីសន្លាងមួយរបស់ផលិតកម្មកងចក្រដែលជាការដឹងសម្ដែងដោយ អ្នកស្រី ពាន់ ភួងបុប្ផា រឿង «កុមារី២៥ឆ្នាំ វគ្គ៣ » បានបញ្ចេញTrailerហើយ បង្វែរទស្សនីយភាពថ្មីប្លែកអារម្មណ៍សម្រាប់ទស្សនិកជនដែលកំពុងទន្ទឹងចាំ។

តាមការប្រកាសរបស់ផេចហ្វេសប៊ុករបស់ផលិតកម្មកងចក្រ បានឱ្យដឹងថា « ចេញហើយ! វីដេអូ Teaser Trailer របស់ភាពយន្តបែបកំប្លែងរឿងកុមារី ២៥ ឆ្នាំ – 25 Year Old Girl វគ្គ ៣ ។ គ្រាន់តែមើល Trailer គឺសើចមុនបាត់ទៅហើយ ព្រោះប្រជុំដោយអ្នកកំពូលកូរ ចាក់បញ្ចាំងចាប់ពីថ្ងៃទី ០២ មេសា ២០២០ នៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា »

ការបញ្ចេញវីដេអូខ្លីពេលនេះ អ្វីដែលកាន់តែសំខាន់ទៀតនោះ ទស្សនិកជនភាគច្រើន ជាពិសេសអ្នកគាំទ្ររឿងនេះផ្ទាល់ ប្រាកដជាបានទស្សនានូវការត្រឡប់មកវិញរបស់តារាសម្ដែងស្រីដ៏ល្បីឈ្មោះ អ្នកនាង នី មុល្លិកា បន្ទាប់ពីអ្នកនាងបានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្រាប់ផ្ទាំងរូបភាពប្រកាសភាពយន្ដបង្ហាញឱ្យឃើញពីតួអង្គសំខាន់ៗ ខាងក្រុមការងាររបស់ខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះបានបង្ហាញពីរូបភាពរបស់តួអង្គតែបួនរូបប៉ុណ្ណោះ រួមមាន អ្នកនាង នី មុល្លិកា សម្ដែងជាតួអង្គកណ្ដូប លោក ញ៉ែម សុគន្ធ សម្ដែងជាតួអង្គ សុគន្ធ ហើយ នាយក្រូច សម្ដែងជាតួអង្គនាយស្វិត និងលោកជីវ័ន្ត សម្ដែងជាតួអង្គ នាយក្រញ៉ាញ់។

សូមជម្រាបថា រឿង កុមារី ២៥ឆ្នាំ វគ្គ៣ ជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងផលិតដោយ ផលិតកម្ម កងចក្រ ភីជឈ័រ ហើយគ្រោងនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់នៅថ្ងៃទី២ ខែមេសា ខាងមុខនេះហើយ៕

Advertisement