ជា​លើក​ដំបូង​ហើយ ដែល​​អ្នក​​វិទ្យា​សាស្ត្រ​​បាន​រកឃើញ​ផ្កាយ​មួយ​ មាន​រូប​រាង​ដូច​តំណក់​ទឹក

ដោយ​សារ​តែ​កម្លាំង​ទំនាញ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះនេះ ផ្កាយ​ HD74423 ក្នុង​កាឡាក់ស៊ី មីលគីវ៉េ (Milky Way Galaxy) របស់​យើង​ ត្រូវ​បាន​ទាញ​ឱ្យ​ប្រែ​រូប​នៅ​​តំបន់​អឌ្ឍគោល​ដែល​នៅ​ទល់​មុខកូន​ផ្កាយ​របស់វា​។

ការ​រកឃើញនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​តារាវិទូអន្តរជាតិ ដែល​ដឹក​នាំ​ដោយ​លោក​បណ្ឌិត​ Simon Murphy មក​ពី​មហាវិទ្យា​ល័យ​ Dydney របស់​អូស្ត្រាលី ដោយ​ប្រើ​ប្រាស់​កែវ​យឹត​អវកាស​ TESS របស់​អង្គការ​ NASA។ ផ្កាយ​ខាង​លើ​នេះ មាន​ទម្ងន់​ធ្ងន់​ជាង​ព្រះអាទិត្យ​​របស់​យើង​ ជិត​ 1,7​ដង ហើយ​វា​មាន​ចម្ងាយ​ពី​ភព​ផែន​ដី​ ប្រមាណជា 1,500​ឆ្នាំ​ពន្លឺ​ (1ឆ្នាំ​ពន្លឺ​ មាន​ប្រវែង 9,46 លានលាន​គីឡូម៉ែត្រ)។

“ផ្កាយ​បែប​នេះ​តែង​តែ​សម្បូរ​ទៅ​ដោយ​លោហធាតុ ប៉ុន្តែ HD74423 គឺ​ផ្ទុយ​ពី​នេះ ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ផ្កាយ​ដែល​ក្ដៅ​កម្រ​បាន​ជួប” នេះ​បើ​តាម​លោកបណ្ឌិត Murphy។

HD74423 ត្រូ​វ​បាន​គេ​ចាត់​ចូល​ក្នុង​ប្រភេទ​ផ្កាយ​ “ចង្វាក់​បេះ​ដូង” (ជា​ពាក្យ​ដែល​សំដៅ​ទៅ​លើ​ផ្កាយ​ដែល​មាន​ពន្លឺ​ប្ដូរ​ទៅ​តាម​វដ្ដ) ដែល​បង្ក​ឡើង​ដោយ​កម្លាំង​ទំនាញ​របស់​ផ្កាយ​1ទៀត​ដែល​នៅ​ក្បែរ​វា។ នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ នៅ​ពេល​ផ្កាយ​1ដែល​មានគន្លង​គោចរ​​រាង​ elip (រាង​ពង​ក្រពើ) ទៅ​ជិត​ផ្កាយ​1ទៀត ដែល​ជា​ដៃ​គូ​របស់​វា នោះ​កម្លាំង​ទំនាញនឹង​ទាញ​វា​ឱ្យ​ប្រែ​រាង​ ពី​​មូល​ទៅ​ជា​ពង​ក្រពើ ធ្វើ​ឱ្យ​ពន្លឺ​របស់​វា​ត្រូវ​ប្រែប្រួល​។ ផ្កាយ​ដែល​មាន​រូប​រាង​ដូច​ពង​ក្រពើ​ដែល​ត្រូវ​បាន​រក​ឃើញ​កន្លង​មក សុទ្ធ​តែ​ប្រែ​រូប​រាង​នៅ​ត្រង់​តំបន់​​អឌ្ឍគោល​ទាំង​2។ ក៏ប៉ុន្តែ​ ផ្កាយ HD74423 គឺជាផ្កាយ​ដំបូង​ដែល​ត្រូវ​គេ​រក​ឃើញ​ថា ប្រែ​រូប​តែ​មួយ​ចំហៀងប៉ុណ្ណោះ​ ធ្វើ​ឱ្យ​វា​មាន​រូប​រាង​ដូច​តំណក់​ទឹក​។ នេះបើ​តាម​សារ​ព័ត៌មាន CNN។

ក្នុង​ករណី​របស់​ផ្កាយ HD74423 ការ​ដែល​រូប​រាង​របស់​វា​ខុស​ប្រក្រតី​បែប​នេះ​ គឺ​កើត​ឡើង​ដោយ​សារ​ផ្កាយ​តូច​ក្រហម​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​ជាមួយ​គ្នា។ ផ្កាយ​ទាំង​2នេះ វិល​ជុំ​វិញ​គ្នា​យ៉ាង​លឿន ដោយ​1ជុំ​ ពួក​វា​ប្រើ​ពេល​មិន​ដល់​2ថ្ងៃ​ផង។ កត្តា​នេះ​ក៏ជួយ​ឱ្យផ្កាយ​ធំ ត្រូវ​ប្រែ​រូប​រាង​ទៅ​ជា​រូប​តំណក់​ទឹក​។ ទិន្ន​ន័យ​លម្អិត​អំពី​ប្រព័ន្ធ​ផ្កាយ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Nature Astronomy កាល​ពី​ថ្ងៃទី​9មីនា​កន្លង​ទៅ​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស

Advertisement