ក្រៅពីអាជីពសម្ដែងភាពយន្ដ ទ្រី ដារ៉ាវុធ ព្យាយាមពង្រឹងតម្លៃខ្លួនជាពិធីករ

តារាសម្ដែងប្រុសមានឈ្មោះល្បីនៅភាពយន្ដ «កុំងាកក្រោយ » លោក ទ្រី ដារ៉ាវុធ បាន​ឱ្យដឹងថា មួយរយៈចុងក្រោយនេះខ្លួនកំពុងមមាញឹកខ្លាំងលើការថតភាពយន្តភាគឱ្យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក តែក៏ឈ្លៀតពេលខ្លះធ្វើជាពិធីករតាមកម្មវិធីទូទៅផងដែរ។

រំលឹកពីបទពិសោធន៍ជាពិធីករ តារាសម្តែង និងជាតារាម៉ូដែលរូបនេះបានទម្លាយប្រាប់អ្នកសារព័ត៌មានថា ដំបូងបំផុតនៃអាជីពជាពិធីករខ្លួនទទួលបានប្រាក់តម្លៃកម្លាំងពលកម្មត្រឹម ២០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតម្លៃពលកម្មនេះបានប្រែប្រួលហើយ ដោយខ្លួនអាចទទួលបានចន្លោះពី៣៥០ដុល្លារទៅ៥០០ដុល្លារក្នុងមួយកម្មវិធី។ ត្បិតតម្លៃនេះមិនច្រើនស្មើរពិធីករ ពិធីការនីអាជីពតែម្តងក្តី តែ ដារ៉ាវុធ រីករាយណាស់ដែលខ្លួនអាចទទួលបានវា ព្រោះវាជាអ្វីដែលខ្លួនខិតខំប្រឹងប្រែងក្នុងនាមជាសិល្បករមួយរូប។

ជានិច្ចកាលគេតែងឃើញ អតីត Freshie Boy ចំណាត់ថ្នាក់លេខ១ប្រចាំ២០១៦ កាន់ម៉ៃក្រូហ្វូនក្នុងទឹកមុខប្រកបដោយភាពរីករាយតាមកម្មវិធីនានា។ ទ្រី ដារ៉ាវុធ ជាតារាម៉ូដែលម្នាក់ តែងធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ តាមរយៈរូបភាពសិចស៊ីប្លែកភ្នែកជាច្រើនសន្លឹកកាលពីពេលកន្លងទៅ ដោយលោកតែងស្លៀកតែលីអូ និងដោះអាវបញ្ចេញសាច់ដុំទ្រូងទាំងដុំៗ៕

Advertisement