បាក់​រលំសណ្ឋាគារ​នៅ​ចិន៖ 4នាក់​បាន​ស្លាប់ និង​38នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ33​នាក់​កំពុង​…

មនុស្ស​យ៉ាង​តិច​4នាក់​ បាន​បាត់​បង់ជីវិត និង​33នាក់​ផ្សេង​ទៀត​ជាប់​នៅ​ក្រោម​គំនរបាក់​បែក​ ក្នុង​ករណី​បាក់​រលំសណ្ឋាគារ​មួយ​ដែល​គេ​ប្រើសម្រាប់​ដាក់​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​​ Covid-19​ នៅឯខេត្ត Fujian ប្រទេស​ចិន ​កាល​ពី​ម្សិល​មិញ​។

“ក្រុម​អ្នក​សង្គ្រោះ​ បាន​ជួយយក​មនុស្ស​38នាក់​ដែល​នៅ​មាន​ជីវិត​ ចេញ​ពី​គំនរ​បាក់​បែក​ ក្នុង​នោះ​មាន​5នាក់​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​បំផុត​។ នៅ​ក្នុង​អំឡុង​អគារ​នេះ​ត្រូវ​បាក់​រលំ គឺ​មាន​មនុស្ស​ចំនួន​71នាក់​កំពុង​ស្ថិត​នៅ​ក្នុង​នោះ​” នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្រសួង​គ្រប់​គ្រងគ្រោះ​អាសន្ន​នៃ​ប្រទេស​ចិន​។

សណ្ឋាគារ​កម្ពស់​5ជាន់​ ឈ្មោះ Xinjia នៅ​ក្នុង​ខណ្ឌ​ Licheng ក្រុង Jinan ខេត្ត​ Fujian បាន​បាក់​រលំកាល​ពី​វេលា​ម៉ោង​ប្រហែល​19:30​ម្សិល​មិញ​។ សណ្ឋាគារ​នេះ​ ត្រូវ​បាន​អាជ្ញា​ធរ​ប្រើ​ប្រាស់​ជា​មជ្ឈ​មណ្ឌល​សម្រាប់​ដាក់​អ្នក​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ Covid-19។

ក្រោយ​ការ​បាក់​រលំ​នៃ​អគារ​នេះបន្តិច ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​​​ចំនួន 800នាក់ និង​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន 200​នាក់ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​។ ក្រៅ​ពី​នេះ​ក៏​មាន​អ្នក​ស្វែង​រក​ និង​អ្នក​សង្គ្រោះ​ចំនួន​11ក្រុម រួម​នឹង​សុក​​ជំនាញ​ចំនួន​7ក្បាល​ ក៏បាន​ចូល​រួម​ស្វែង​រក​ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ហេតុ​ការណ៍​នេះផងដែរ​។

អាជ្ញាធរ​ខេត្ត Fujian បាន​ឱ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី​6មីនា ខេត្ត​នេះ មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន 296នាក់ និង​អ្នក​ដែលត្រូវ​បាន​តាម​ដាន​សុខ​ភាព​ជាពិសេស​ចំនួន 10,819​នាក់​។ នៅ​ថ្ងៃទី​8មីនា​នេះ ប្រទេស​​ចិន​បាន​ប្រកាស​ថា មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​44នាក់​បន្ថែម​ទៀត​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​27ករណី ដែល​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្នុងខេត្ត Hubei។ ប្រទេស​នេះ បច្ចុប្បន្ន មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ 80,695​នាក់ និង​អ្នក​ស្លាប់​បាន​ឡើង​ដល់ 3,097នាក់​។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។

Covid-19 បាន​ឆ្លង​រាល​ដាល​នៅ​ទីក្រុង​ Wuhan​ កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វា​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស និង​ដែនដី​​ចំនួន202​ នៅ​ទូទាំង​ពិភពលោក​ បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​ជំងឺ​រាត​ត្បាត​នេះ ចំនួន​ 106,165​នាក់ ក្នុង​នោះ​មាន​អ្នកស្លាប់​​ជិត 3,600នាក់ និង​អ្នក​បាន​ជា​សះស្បើយ​ មាន​ចំនួន59,963​នាក់៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement