Kim Jong-un ជូនពរ​កូរ៉េខាង​ត្បូង​ ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​ ខណៈ​ប្រទេស​នេះ​ មាន​អ្នក​ផ្ទុក​ Covid-19 ជាង 6,088​នាក់​

មេដឹក​នាំ​កូរ៉េខាង​ជើង លោក Kim Jong-un បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​កូរ៉េខាង​ត្បូង សម្ដែង​ការ​ជឿ​ជាក់​ថា ប្រទេស​នេះ​នឹងឆាប់​ទទួល​បាន​ជោគ​ជ័យ​លើ​រោគ​រាត​ត្បាត Covid-19 និង​អាច​ការ​ពារ​សុខ​ភាព​របស់​ប្រជា​ជន​។

លេខាធិការ​សារព័ត៌​មាន​នៃ​វិមាន​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា “ប្រធាន​រដ្ឋ​ Kim Jong-un មាន​បំណង​លើក​ទឹក​ចិត្ត​ប្រជា​ជន​ (កូរ៉េខាង​ត្បូង) ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​។​ គាត់​ជឿ​ជាក់​ថា យើង​នឹង​ទទួល​បាន​ជ័យ​ជំនះ ហើយ​សង្ឃឹម​ថា​ សុខ​ភាព​របស់​ប្រជា​ជន​កូរ៉េខាង​ត្បូង​នឹង​ត្រូវ​បាន​ការ​ពារ​”។

​លិខិត​មួយ​ច្បាប់​នោះ ត្រូវ​បាន​លោក​ Kim ផ្ញើ​ទៅ​កាន់​ប្រធានាធិប​តី​កូរ៉េខាង​ត្បូង លោក Moon Jae-in កាល​ពី​ថ្ងៃ ទី4មីនា​ ឆ្នាំ​2020​។ នៅ​ក្នុង​លិខិត​នោះ លោក​ Kim Jong-un បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខ​ភាព​របស់​ថ្នាក់​ដឹក​នាំ​កូរ៉េខាង​ត្បូង ព្រម​ទាំង​បាន​បក​ស្រាយ​អំពី “គំនិត​ស្មោះ​ត្រង់” របស់​លោក Kim Joong-un អំពី​ស្ថាន​ការណ៍​នៅ​លើ​ឧបទ្វីប​​កូរ៉េ​នា​បច្ចុប្បន្ន​។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ លោក Moon Jae-in ក៏បា​ន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តបទៅ​កាន់​កូរ៉េខាង​ជើង ក្នុង​នោះ​លោក Moon បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​របស់​ប្រធាន​រដ្ឋ​កូរ៉េខាង​ជើង​ផង​ដែរ​។

កូរ៉េខាង​ត្បូង ថ្ងៃ​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​ Covid-19 បន្ថែម​ចំនួន​ជាង​332នាក់ នាំ​ឱ្យ​ចំនួន​អ្នក​បាន​​ឆ្លង​មេរោគ​នេះ សរុប​ឡើង​ដល់​ជាង 6,088​នាក់​ ក្នុង​នោះ​មាន​ 35នាក់​បាន​បាត់​បង់​ជីវិត និង​ជាង​40​នាក់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ប្រទេស​នេះ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភព​លោកបន្ទាប់​ពី​ប្រទេស​ចិន​។

ចំណែក​នៅ​ទូទាំង​ពិភពលោក​វិញ មនុស្ស​ចំនួន​ 95,748​នាក់​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ឆ្លង​មេរោគ Covid-19 ក្នុង​នោះ​មាន 3,286​នាក់ បាន​ស្លាប់​ និង 53,423​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement