កូរ៉ូណា Covid-19 “ស៊ីដាច់​” 444​ពាន់លាន​ដុល្លារអាមេរិក ​របស់​មហាសេដ្ឋី​ពិភព​លោក

ទឹក​ប្រាក់​ 444​ពាន់​លាន​ដុល្លារ​អាមេរិករបស់​អ្នក​មាន​បំផុត​ទាំង​500នាក់​ នៅ​លើ​ផ្សារ​មូល​បត្រ​ បាន​បាត់​បង់​គ្មាន​សល់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​1សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់​ពី​អាសន្ន​រោគ​កូរ៉ូណា​ Covid-19​ ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភព​លោក​។

លោក Jeff Bezos ស្ថាបនិករបស់​ Amazon

សន្ទស្សន៍​មធ្យម​របស់​ឧស្សហ​កម្ម Dow Jones (Dow Jones Industrial Average Index ) បានថយ​ចុះ​12% ដែល​ជា​អត្រា​ថយ​ចុះ​ទាប​បំផុតនៃ​តម្លៃ​មូលបត្រ​នៅ​លើ​ផ្សារហ៊ុន​ Dow Jones ​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ (ដែលបាន​កើត​ឡើង​កាល​ពី​ឆ្នាំ​2008) បណ្ដាល​ឱ្យតម្លៃ​​មូល​បត្រ​ទូទាំង​ពិភពលោក​បាត់​បង់​6លាន​លាន​ដុល្លារ​អាមេរិក។

យោង​តាម​ស្ថិតិ​របស់​ Bloomberg Billionaires Index (តារាង​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​ប្រចាំ​ថ្ងៃ​) ភាព​ច្របូក​ច្របល់​នៃទី​ផ្សារមូល​បត្រ​ បាន​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​ចំណេញ​78​ពាន់​លាន​ដុល្លារ​​ដែល​អ្នក​មាន​បំផុតទាំង​​​500នាក់​​នៅ​លើ​ផ្សារ​មូល​បត្រ ​ដែល​បាន​សន្សំ​ទុក​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​សប្ដាហ៍​មុននេះ​។

មហាសេដ្ឋី3រូប​ ​ដែល​មាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ពិភពលោក​ គឺ​លោក Jeff Bezos(ស្ថាបនិករបស់​ Amazon) លោក​ Bill Gates(ស្ថាប​និក​របស់ Microsoft) និង​លោក Bernard Arnault(អគ្គនាយក​របស់​ LVMH) ត្រូវ​រង​ការ​ខាត​បង់​ច្រើន​បំផុត​ ដោយ​បាត់​បង់​ប្រាក់​ប្រមាណ​ជា 30​ពាន់​លាន​ដុល្លារ​។ លោក Elon Musk(ស្ថានិក​របស់​ SpaceX) ដែល​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​25​ក្នុង​ពិភពលោក​ បាន​ខាត​បង់​ 9ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​ត្រឹម​តែ1សប្ដាហ៍​ប៉ុណ្ណោះ នៅ​ពេល​តម្លៃ​មូល​បត្រ​ Tesla បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​។

 លោក​ Bill Gates ស្ថាប​និក​របស់ Microsoft
លោក Bernard Arnault អគ្គនាយក​របស់​ LVMH

មហា​សេដ្ឋី​ប្រមាណជា​ 80% នៅ​លើ​តារាងចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​ Bloomberg បានខាត​បង់​មិន​តិច​នោះ​ដែរ​។ អគ្គ​នាយក​ Micky Arison របស់​ក្រុម​ហ៊ុន​ Carnival Corp បាន​បាត់​បង់​ 1ពាន់​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​នេះ​ នៅ​ពេល​ក្រុម​ហ៊ុនគ្រប់​គ្រង​នាវា​ទេស​ចរណ៍​ធំបំផុត​ក្នុង​ពិភព​លោក រក្សា​ភ្ញៀវ​ទេស​ចរ​នៅ​លើ​នាវា​របស់​ពួក​គេ​នៅ​ឯកំពង់​ផែ​របស់​ជប៉ុន​ ជា​កន្លែង​ដែល​មាន​អ្នក​ទេសចរ​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណាយ៉ាង​តិច​5នាក់​។ ក្រៅ​ពីនេះ នៅ​មាន​មហា​សេដ្ឋី និង​សេដ្ឋី​ជា​ច្រើន​ក្នុង​ពិភពលោក​ បាន​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​ផងដែរ​។

បច្ចុប្បន្ន​ ក្រុម​មន្ត្រី​សុខា​ភិបាល​នៃ​ប្រទេស​នានា​ កំពុង​តែ​ប្រឹង​ប្រែងប្រយុទ្ធ​ប្រឆាំង​នឹងវីរុស​ Covid-19។ មុន​នេះ​1 ឬ​2សប្ដាហ៍ នៅ​ពេល​អាសន្ន​រោគ​កូរ៉ូណា​នៅ​ជា​បញ្ហា​របស់​ប្រទេស​ចិន​នៅ​ឡើយ សេណា​រីយ៉ូដែល​ថា សេដ្ឋ​កិច្ច​នឹង​ងើប​ឡើយ​វិញ​ក្នុង​អនាគត​ឆាប់​ៗ​ខាង​មុខ​ គឺជា​រឿង​សម​ហេតុ​ផល។ ប៉ុន្តែពេល​នេះ អ្នក​ជំនាញ​របស់​ Bloomberg លោក Mohamed A. El-Erian មិន​គិត​ថា សេដ្ឋ​កិច្ច​ពិភព​លោក​នឹងងើប​ឡើង​វិញ​ក្នុងពេល​ដ៏ខ្លី​ខាង​មុខ​នោះ​ទេ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement