ការធ្វើនវានុវត្តន៍ ឬការបង្កើតផលិតផលថ្មី ជារឿងសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅរបស់មនុស្សម្នាក់ៗ តែអ្វីដែលជាឧបសគ្គសំខាន់ក្នុងការធ្វើឱ្យមនុស្សជាច្រើនមិនអាចបង្កើតគំនិតថ្មីៗបាន គឺការមិនហ៊ានចាប់ផ្តើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ូ សាវឿន អ្នកបណ្តុះបណ្តាលធនធានមនុស្សបានលើកឡើងថា ការបង្កើតគំនិតថ្មីជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សនាពេលបច្ចុប្បន្ន ព្រោះមិនថាការធ្វើអាជីវកម្ម ឬការធ្វើការងារនោះទេ អ្នកដែលមានសមត្ថភាពបង្កើតគំនិតថ្មី ឬអ្នកដែលអាចបង្កើតសមិទ្ធផលថ្មីៗ ភាគច្រើនជាអ្នកដែលមានប្រៀប និងសំខាន់លើគ្រប់បញ្ហាទាំងអស់។
គំនិតបង្កើតថ្មីអាចធ្វើឱ្យមនុស្សទាក់ទាញបាននូវដំណោះស្រាយបញ្ហាថ្មីៗ រួមទាំងបង្កើតបានភាពទាក់ទាញក្នុងចំណោមមនុស្សជាច្រើន ដែលធ្វើឱ្យគាត់ងាយប្រកួតប្រជែងនៅក្នុងពិភពដែលគាត់កំពុងធ្វើថែមទៀតផង។ ប្រសិនបើគាត់ជាអ្នកធ្វើការងារ ឬជាអ្នកលក់ដូរ គាត់នឹងទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន តែប្រសិនបើគាត់ជាម្ចាស់អាជីវកម្មវិញ អាជីវកម្មរបស់គាត់នឹងមានភាពល្អប្លែកគេ (Unique)។ ទោះជាយ៉ាងនេះក្តី បើទោះបីជាមនុស្សគ្រប់គ្នាដឹងថា ការបង្កើតថ្មី ជារឿងសំខាន់យ៉ាងណាក៏ដោយ ក៏មានមនុស្សមិនច្រើនទេ ដែលហ៊ានចាប់ផ្តើមធ្វើ។
លោក ស៊ូ សាវឿន បាននិយាយថា៖ «បញ្ហាដែលធ្វើឱ្យមនុស្សជាច្រើនមិនហ៊ានបង្កើតអ្វីដែលថ្មីគឺមកពីពួកគេមិនហ៊ានចាប់ផ្តើម ឬរង់ចាំគំនិតឥតខ្ចោះសិន ទើបចាប់ផ្តើម»។
លោកបន្តថា គ្មានការចាប់ផ្តើមណាសុទ្ធតែល្អឥតខ្ចោះនោះទេ ព្រោះការបង្កើតថ្មីភាគច្រើនកើតឡើងពីការមើលឃើញពីបញ្ហាមួយចំនួននៅក្នុងការរស់នៅ ហើយបន្ទាប់ពីមើលឃើញបញ្ហាទាំងអស់នោះ ដំណោះស្រាយក៏នឹងលេចឡើងដោយផ្អែកលើចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួន។ ជាធម្មតាទេ នៅក្នុងដំណាក់កាលការចាប់ផ្តើមនេះ គំនិតរបស់យើងតែងតែមិនសូវល្អឥតខ្ចោះប៉ុន្មានទេព្រោះបទពិសោធ និងចំណេះដឹងរបស់យើងអាចនៅមានកម្រិត តែប្រសិនបើយើងបន្តព្យាយាមស្វែងយល់ ហើយបន្តអភិវឌ្ឍវាម្តងបន្តិចៗនោះ យើងនឹងអាចទទួលបានលទ្ធផលល្អនៅថ្ងៃណាមួយមិនខាន។ ជាឧទាហរណ៍ជាក់ស្តែង ប្រសិនបើយើងមើលទៅលើគំនូរជីវចល (Cartoon) របស់ផលិតកម្មល្បីៗលើពិភពលោកមួយចំនួន ដូចជារូបកណ្តុរ មីគីយ៍ (Mickey Mouse) កាលពីដំបូងឡើយ យើងនឹងឃើញថា វាគ្រាន់តែជារូបគំនូរសាមញ្ញ និងពិបាកមើល 1សន្លឹកតែប៉ុណ្ណោះ តែបន្តិចម្តងៗ វាត្រូវបានអភិវឌ្ឍរហូតក្លាយជាតួតុក្កតាដ៏គួរឱ្យស្រឡាញ់។ ហេតុនេះសម្រាប់អ្នកចង់បង្កើតគំនិតថ្មី ឬបង្កើតសមិទ្ធផលថ្មីៗ ក៏ដូចគ្នាដែរ យើងអាចនឹងចាប់ផ្តើមពីគំនិតធម្មតាៗ បន្ទាប់មកក៏អភិវឌ្ឍវា រហូតឱ្យក្លាយជាផលិតផល ឬគំនិតប្រកបដោយគុណតម្លៃខ្ពស់នាពេលអនាគតបាន។
ស្របជាមួយគ្នានេះដែរ លោក អ៊ុន មាសសម្បត្តិ សហស្ថាបនិកគម្រោង Wechould ដែលជាគម្រោងបច្ចេកវិទ្យាសម្រាប់ជួយអ្នកទេសចរឱ្យជួលម៉ូតូបានជិះយ៉ាងងាយស្រួលនោះ ក៏បានលើកឡើងដែរថា គ្រប់គំនិតបង្កើតថ្មី សុទ្ធតែមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា គ្រាន់តែភាពជោគជ័យរបស់វាអាស្រ័យលើសេចក្តីក្លាហានរបស់យើងក្នុងការបង្កើតវាឡើង ឬមិនហ៊ានបង្កើតវាឡើងតែប៉ុណ្ណោះ។
ប្រសិនបើយើងហ៊ានបង្កើតគំនិតថ្មីៗទាំងអស់នោះឡើង យើងអាចនឹងប្រឈមនឹងឧបសគ្គខ្លះៗ តែក្រោយពេលឆ្លងកាត់ឧបសគ្គមួយចំនួននោះបានហើយ យើងនឹងមើលឃើញថា ស្នាដៃ ឬគំនិតរបស់យើងនឹងកាន់តែមានតម្លៃសម្រាប់មនុស្សគ្រប់គ្នា។ មុននឹងបង្កើតសមិទ្ធផលថ្មី ឬគំនិតនវានុវត្តន៍នីមួយៗឡើង សុទ្ធតែមានបញ្ហាប្រឈមដែលធ្វើឱ្យយើងមានគំនិតរារែកចិត្ត ដូចជាការមិនសូវឱ្យតម្លៃពីមនុស្សជុំវិញខ្លួន អ្នកដទៃមិនទាន់មើលឃើញពីប្រយោជន៍នៃអ្វីដែលយើងកំពុងធ្វើព្រមជាមួយការរិះគន់ ជាដើម។ តែទោះជាយ៉ាងនេះក្តី ប្រសិនបើយើងជម្នះវា ដើម្បីអភិវឌ្ឍជាប់ជាប្រចាំ នោះយើងនឹងឃើញថា ថ្ងៃណាមួយអ្វីដែលយើងបង្កើតនោះនឹងត្រូវទទួលស្គាល់ដោយមនុស្សជាច្រើន។
លោក អ៊ុន មាសសម្បត្តិ បាននិយាយថា៖ «ពីមុនក្រុមរបស់ខ្ញុំក៏មិនទាន់មានគំនិតបង្កើតកម្មវិធីដូចបច្ចុប្បន្ននេះដែរ តែអ្វីដែលយើងចង់ធ្វើ គឺបង្កើតកម្មវិធីអ្វីម្យ៉ាង ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលមនុស្សទូទៅកំពុងជួបប្រទះ»។
លោកបានបន្ថែមថា បន្តិចម្តងៗយើងចាប់ផ្តើមស្វែងយល់ពីបញ្ហាប្រឈមនានានៅជុំវិញខ្លួនរហូតបង្កើតបានគំនិតថា យើងគួរតែបង្កើតគម្រោងដើម្បីជួលរបស់ តែគំនិតដំបូងនោះលំបាកអនុវត្តសម្រាប់ស្ថានភាពជាទូទៅនៅក្នុងប្រទេសរបស់យើង។
ហេតុនេះយើងក៏បន្តអភិវឌ្ឍវាបន្ថែមទៀតឱ្យក្លាយជាកម្មវិធីភ្ជាប់ទំនាក់ទំនងរវាងប្រតិបត្តិករទេសចរណ៍ ឬអ្នករកស៊ីជួលម៉ូតូក្នុងតំបន់ទេសចរណ៍ និងអ្នកទេសចរដែលត្រូវការសេវាកម្មនេះ។ លោកថា តាមពិតទៅគំនិតដំបូងក៏មិនទាន់ល្អដែរ ហើយក៏មានមនុស្សជាច្រើនយល់ថា មិនគួរធ្វើ តែអ្វីដែលយើងអាចធ្វើបាន គឺបន្តសកម្មភាព និងការគិត ដើម្បីសម្រួចអ្វីដែលយើងចង់ធ្វើនោះឱ្យក្លាយជាកម្មវិធីដ៏មានប្រយោជន៍មួយ៕