Man City យល់ព្រមលើតម្លៃខ្លួន50លានដើម្បីនាំយក Walker ពី Spurs

Kyle Walker នឹងត្រូវក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោក និងជាកីឡាករអង់គ្លេសដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត ក្រោយពីក្លិបមាន់ខ្នាយមាស Tottenham Hot Spurs ព្រមទទួលយកសំណើដេញថ្លៃក្នុងទឹកប្រាក់53លានផោន (ស្មើនឹង68.5លានដុល្លារអាមេរិក) ពីក្លិប Manchester City។ កញ្ចប់ថវិកានេះបូករួមទាំងទឹកប្រាក់ឧបត្ថម្ភបន្ថែម3លានផោនផងដែរ ហើយនឹងធ្វើឲ្យ Walker ឡើងទៅឈរពីលើ David Luiz នៅលើបញ្ជីក្នុងនាមជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត និងពីលើ Raheem Sterling ក្នុងនាមជាកីឡាករអង់គ្លេសមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត។

ខ្សែការពារ David Luiz មានតម្លៃខ្លួន50លានផោនក្នុងពេលដែលរូបគេបានផ្ទេរពីក្លិប Chelsea ទៅកាន់ក្លិប Paris Saint-Germain កាលពីឆ្នាំ2014 ហើយ Man City បានចំណាយប្រាក់49លានផោនទៅឲ្យក្លិប Liverpool ក្នុងនោះរាប់បញ្ចូលទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផង ដើម្បីទិញយក Sterling កាលពីឆ្នាំ2015។ ការផ្ទេររបស់ Walker នេះត្រូវបានរំពឹងទុកថា នឹងកើតឡើងខណៈដែលលោក Pep Guardiola បានចាត់ទុកខ្សែការពាររូបនេះជាកីឡាករអាទិភាពដែលត្រូវទិញចូលដើម្បីទទួលតួនាទីក្នុងតំបន់ការពារស្លាបស្តាំ។ Man City ក៏កំពុងតែព្យាយាមចុះហត្ថលេខាជាមួយនឹងខ្សែការពារស្លាបឆ្វេង Benjamin Mendy ពីក្លិប Monaco ផងដែរ។ ការចរចាផ្សេងៗទៅលើការផ្ទេរ Walker ត្រូវបានពន្យារពេលដោយសារតែលោក Daniel Levy ប្រធានក្លិប Spurs ចង់បានតម្លៃខ្លួនដ៏ខ្ពស់។ លោក Levy ចង់បានតម្លៃខ្លួន50លានផោន ហើយ Man City មិនចង់ចំណាយប្រាក់ច្រើនជាង40លានផោនឡើយ ប៉ុន្តែនៅទីបំផុតពួកគេនៅតែត្រូវបង់ប្រាក់ក្នុងចំនួនដ៏ខ្ពស់នោះដដែល៕
ប្រភពពី៖ The Guardian

Advertisement