អបអរ!! ភាពយន្ដ «លោកឪពុក» សម្ដែងដោយតារាជើងចាស់ យស បូវណ្ណៈ ឈ្នះពាននៅទីក្រុងម៉ាកាវ

ភាពយន្តរឿង «លោកឪពុក» ជាប់ជារឿង ដែលមានតួសំខាន់ គឺលោក យស បូវណ្ណៈ សម្ដែងបានសក្តសមជាងគេ និងជាប់ពានផ្នែកតួរងឆ្នើម ក្នុងព្រឹត្តិការណ៌ មហោស្រពភាពយន្តអន្តរជាតិ អាស៊ានប៉ាស៊ីហ្វិកលើកទី59 នៅម៉ាកាវ ខណៈដែលភាពយន្តរឿង«ព្រលឹង» របស់មហាហង្ស បានជាប់ជម្រើសជាភាពយន្តល្អបំផុតផ្នែក Best Visual effect top 3 ក្នុងចំណោមប្រទេសជាង១០ និងភាពយន្តជាង២០ នៅលើពិភពលោកចូលរួម។

លោក អ៉ិន សុភិន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលភាពយន្តរឿង”លោកឪពុក”ទទួលបានពានមួយលើឆាកអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តលើកទី៥៩ អាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន។ បើទោះជាពានដែលទទួលបាននោះ គឺបានទៅលើតួឪពុកក្នុងរឿងឆ្នើម ដែលមិនសំដៅដល់ភាពយន្តទាំងមូល ប៉ុន្តែក៏ត្រូវបានលោកចាត់ទុកថា គឺជាមោទនភាពដ៏ធំក្នុងនាមជាផលិតករខ្មែរផងដែរ ដែលយករឿងមកប្រកួតលើឆាកអន្តរជាតិ ហើយទទួលបានពានមួយ ដើម្បីអោយពិភពលោកដឹងថាខ្មែរក៏មានឪកាសលើពានមួយក្នុងចំណោមពានសំខាន់ៗ នៅមហោស្រពភាពយន្តអន្តរជាតិ។

លោកថា លោក យស បូវណ្ណៈ អត់បានដឹងថាខ្លួនត្រូវបានគណកម្មការជម្រើសអោយជាប់ជាតួរងប្រុស ឬ តួឪពុកឆ្មើមបែបនេះទេ ប្រសិនបើបានដឹងមុន គឺលោក ក៏ប្រហែលមកចូលរួមផងដែរ។ លោក និង លោក យស បូវណ្ណៈ បានឯកភាពហើយថាសម្រាប់ពាន គឺលោកនឹងតម្កល់ទុកនៅក្នុងក្រុមហ៊ុន ចំណែកប័ណ្ណសរសើរ គឺនឹងផ្ញើអោយលោក យស បូវណ្ណៈ នៅសហរដ្ឋអាមេរិក។

Advertisement