អីយ៉ា!! ជិតឆ្លងឆ្នាំ2019 ស៊ូ ស៊ីរីកា ដាក់មួយឃ្លា« គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ»

ដំបូងស្មានតែតារាចម្រៀងស្រីនៅផលិតកម្មថោនកញ្ញា ស៊ូ ស៊ីរីកា បង្ហើបពីរឿងរ៉ាវស្នេហារបស់នាង តែតាមពិតបទចម្រៀង « គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» នាងកំពុងច្រៀងតំអូញតម្អែដាក់អ្នកគាំទ្រយ៉ាងស៊ីអារម្មណ៍ ស្ដាប់ហើយចង់ហូរទឹកភ្នែកអ៊ីចឹងសោះ។

កញ្ញា ស៊ូ ស៊ីរីកា ជាតារាចម្រៀងដ៏ពេញនិយមនៅក្នុងដួងចិត្តមិត្តយុវវ៍័យ រាល់បទចម្រៀងរបស់នាង តែងតែធ្វើឱ្យអ្នកគាំទ្រស្ដាប់ហើយចូលតួតាម។ ជាក់ស្ដែងថ្មីៗនេះមួយបទដែលមានចំណងជើងចាក់ដោត « គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» កំពុងតែវាយឡុកអ្នក Single ជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ហេតុអ្វីបានគ្រប់គ្នាដ្រាម៉ានៅតែម្នាក់ឯងគ្មានអ្នកចាប់អារម្មណ៍អ៊ីចឹង? ពិតជាមានមូលហេតុ ទើបបានជាតារាចម្រៀងស្រីរូបនេះលើកយកមកបកស្រាយ។

ជិតបិទទំព័រឆ្នាំ២០១៩ហើយ បទចម្រៀង« គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» របស់កញ្ញា ស៊ូ ស៊ីរីកា ត្រូវគេឮចាក់បន្លឺនៅតាមហាង និងទីសារធារណៈនាប៉ុន្មានថ្ងៃនេះ ដោយអ្នកស្ដាប់ភាគច្រើនសុទ្ធតែយល់ថា មួយបទនេះទាំងពីរោះ និងមានអត្ថន័យចាក់ដោត ជាពិសេសគឺបទមួយនេះ ហាក់ធ្វើស៊ីអារម្មណ៍អ្នកឯកោនៅពេលមនុស្សគូភាគច្រើន សុទ្ធតែបង្អួតគម្រោងដើរលម្ហែកាយស្វីតៗមុនថ្ងៃឆ្លងឆ្នាំ និងឆ្លងឆ្នាំ។ ទឹកដមសំលេងរបស់នាងនៅក្នុងបទនេះ ក៏ស្ដាប់ទៅប្លែកត្រចៀកខុសពីបទមុនៗផងដែរ ទើបគ្រាន់តែចេញ MV មិនទាន់បានប៉ុន្មាន ក៏ទទួលបានការគាំទ្រតែម្ដង។ ជាក់ស្ដែងក្រឡេកទៅមើលសង្គមហ្វេសប៊ុក និងយូធូប ក៏មានការចែកចាយបទនេះ គួរអោយកត់សម្គាល់ផងដែរ បន្ថែមពីលើការចាក់បន្លឺ ដែលគេបានឮនៅតាមទីសាធារណៈ៕

Advertisement