ការអប់រំ​ឌីជីថល​មិនមែន​រៀន​តែ​កុំព្យូទ័រ​ទេ​ តែ​ត្រូវការ​ធាតុផ្សំ​ផ្សេងទៀត​ដើម្បី​ជោគជ័យ​

បើ​និយាយ​ពី​ការអប់រំ​ឌីជីថល​ មនុស្ស​ជាច្រើន​ប្រហែលជា​គិតថា​ វា​ជា​ការ​បង្រៀន​ឱ្យ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ ឬបច្ចេកវិទ្យា​ ដើម្បី​ឱ្យ​សិស្ស​ចេះ​បច្ចេកវិទ្យា​សម្រាប់​ធ្វើការងារ​ ឬបម្រើ​ដល់​ការរស់នៅ​ តែ​ក្នុង​ស្ថានភាព​ជាក់ស្តែង​ ដើម្បី​ឱ្យ​សិស្ស​មាន​អនាគត​ល្អ​ និង​ជោគជ័យ​ នៅក្នុង​ការ​បង្រៀន​គេ​ត្រូវការ​ធាតុ​ចូល​ជាច្រើន​ទៀត​ក្នុង​ការអប់រំ​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋ​ មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​ការអប់រំ​ឱ្យ​ក្លាយជា​ការអប់រំ​បែប​ឌីជីថល​ទាន់​ការប្រែប្រួល​ និង​ការ​អភិវឌ្ឍ​របស់​ពិភពលោក​។ អក្ខរកម្ម​ឌីជីថល​ ខុសពី​អក្ខរកម្ម​ប្រពៃណី​ដែល​គ្រាន់តែ​បង្រៀន​ឱ្យ​មនុស្ស​ចេះ​សរសេរ​ ចេះ​អាន​ និង​ចេះ​លេខនព្វន្ត​ តែ​អក្ខរកម្ម​ឌីជីថល​ត្រូវការ​បំណិន​ជីវិត​ជាច្រើន​បន្ថែម​ទៀត​ដើម្បី​បណ្តុះបណ្តាល​។

នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ ប្រជាជន​មិនមែន​ត្រូវការ​តែ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ កុំព្យូទ័រ​ ឬកូដ​ប៉ុណ្ណោះ​ទេ​ តែ​ពួកគេ​ត្រូវការ​ជំនាញ​ទន់​ជាច្រើន​ផ្សេងទៀត​ ដូច​ជា​ជំនាញ​វិភាគ​ពិចារណា​ស៊ីជម្រៅ​ ជំនាញ​ប្រាស្រ័យ​ទាក់ទង​ ការ​ធ្វើការងារ​ជា​ក្រុម​ ការសម្រប​សម្រួល​ និង​ជំនាញ​ជាច្រើន​ទៀត​ដែលគេ​ហៅ​កាត់​ថា​ 8C​។

លើស​ពីនេះ​ទៅទៀត​ មនុស្ស​ជំនាន់​ថ្មីនេះ​ក៏​ត្រូវការ​ចំណុច​សំខាន់​មួយចំនួន​ទៀត​ដែលគេ​តែងតែ​ហៅថា​ 2L​ គឺ​ភាពជា​អ្នកដឹកនាំ​ (Leadership​) និង​រៀន​ដើម្បី​ចេះ​រៀន​ (Learning​ to​ Learn​)។

ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ “បច្ចុ​ប្ប​បន្ន​នេះ​ ក្រសួងអប់រំយុវជន​ និងកីឡា​កំពុង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ដូចជា​អង្គការ​ Smart​ ដើម្បី​ផ្តល់​ឱកាស​ និង​ជំរុញ​សិស្ស​និស្សិត​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​តាមរយៈ​ការបង្កើត​ Apps​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​នានា​ ដូចជា​បញ្ហា​កសិកម្ម​ ចរាចរណ៍​ ការ​ផ្តល់​សេវា​ និង​ការអប់រំ​ផ្សេង​”។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ សកម្មភាព​នេះ​ គឺ​យើង​បាន​ជំរុញ​ឱ្យ​សិស្ស​និស្សិត​ជួបជុំគ្នា​ដើម្បី​ទទួល​បានការ​បង្រៀន​បន្ថែម​ពី​ការ​ត្រិះរិះ​ពិចារណា​ ភាពជា​អ្នកដឹកនាំ​ នវានុវត្តន៍​ និង​បច្ចេកវិទ្យា​។ កាលណា​យុវជន​គាត់​ចេះតែ​បច្ចេកវិទ្យា​ គាត់​នឹង​មិន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នោះ​បាន​ទូលំទូលាយ​ទេ​ ប្រសិនបើ​គាត់​មិន​យល់ដឹង​ពី​ផ្នែក​ផ្សេង​ៗទៀត​ពាក់ព័ន្ធ​នឹង​ការរស់នៅ​ និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម​។

ហេតុនេះ​ហើយ​ទើប​គាត់​ចាំបាច់​ត្រូវការ​ការវិភាគ​ពិចារណា​ ដើម្បី​ឱ្យ​ការ​គិត​របស់​គាត់​កាន់តែ​ស៊ីជម្រៅ​ និង​រក​ឱ្យ​ឃើញ​ពី​វិធីសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការកែច្នៃ​ទម្រង់​នៃ​បច្ចេកវិទ្យា​នោះ​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​ការរស់នៅ​។

លើស​ពីនេះ​ទៅទៀត​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅពី​ការ​មើលឃើញ​ពីសា​រៈសំ​ខាន់​ និង​សហការ​ជាមួយ​ដៃគូ​នានា​ហើយ​ ក្រសួង​ក៏​បាន​រៀបចំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​បង្រៀន​ផង​ដែរ​ ដើម្បី​ដើរ​ឱ្យ​ទាន់​របត់​ថ្មីនេះ​។ ដើម្បី​ឆ្លើយតប​ជាមួយនឹង​របត់​នៃ​ការអប់រំ​បែប​ឌីជីថល​ វិធីសាស្ត្រ​បង្រៀន​ចាប់តាំងពី​កម្រិត​បឋមសិក្សា​ រហូតដល់​ឧត្តម​សិក្សា​ត្រូវតែ​មានការ​រៀបចំ​ឱ្យ​បាន​ល្អ​។ នៅ​កម្រិត​បឋមសិក្សា​យើង​បង្រៀន​សិស្ស​ឱ្យ​ចេះ​សរសេរ​ ចេះ​អាន​ និង​ចេះ​គណិត​កម្រិត​មូលដ្ឋាន​ជាមុន​សិន​ ព្រោះ​ប្រសិនបើ​សិស្ស​មិន​ចេះ​អាន​ មិន​ចេះ​សរសេរ​ និង​មិន​ចេះ​គណនា​ទេ​នោះ​ យើង​ក៏​មិន​អាច​បញ្ចូល​បច្ចេកវិទ្យា​បាន​ដែរ​។ បន្ទាប់មក​ទៀត​ នៅ​កម្រិត​មធ្យមសិក្សា​យើង​នឹង​បញ្ចូល​ការអប់រំ​ដោយ​បណ្តុះបណ្តាល​ពួកគេ​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​ ចេះ​ស្រាវជ្រាវ​ ធ្វើការងារ​ជា​ក្រុម​ ពិភាក្សា​ និង​ចេះ​ធ្វើ​បទ​បង្ហាញ​ ដើម្បី​ឱ្យ​ពួកគេ​មានគំនិត​ស៊ីជម្រៅ​ស្រប​ពេល​ដែល​យើង​បញ្ចូល​កម្មវិធី​បច្ចេក​វិទ្យា​ខ្លះ​ៗដល់​ពួកគេ​។

បន្ថែម​ពីលើ​នេះ​ យើង​ក៏បាន​បង្រៀន​មេរៀន​ក្រៅ​កម្មវិធី​មួយចំនួន​ផង​ដែរ​ ដូចជា​កម្មវិធី​សរសេរ​កូដ​ ក្លិប​សិក្សា​ និង​កម្មវិធី​នវានុវត្តន៍​ផ្សេងទៀត​តាមរយៈ​សាលា​ជំនាន់​ថ្មី​ ដូច​ដែល​ថ្មី​ៗនេះ​សាលា​ E2STEM​ នៃ​វិទ្យាល័យ​ព្រះ​យុគ​ន្ធ​បាន​ទទួលជោគជ័យ​ក្នុង​ការប្រកួត​ Robotics​ Olympiad​ លំដាប់​ពិភពលោក​ជាដើម​។

ឯកឧត្តម​បាន​បន្ថែម​ថា​ ចំពោះ​កម្រិត​ឧត្តម​សិក្សា​វិញ​ យើង​មាន​សាកល​វិទ្យាល័យ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ Cyber​ University​ ដោយ​ក្នុង​នោះ​និស្សិត​ទទួល​បានការ​អប់រំ​យ៉ាង​ទូលំទូលាយ​ជា​អន្តរជាតិ​ តាមរយៈ​ការ​ផ្លាស់​ប្តូរ​មេរៀន​គ្នា​ជាមួយ​សាកល​វិទ្យាល័យ​ជាច្រើន​។ ក្នុង​នោះ​មាន​សាកល​វិទ្យាល័យ​ចំនួន18​ នៅ​ប្រទេស​ដែល​ជាស​មា​ជិ​កអាស៊ាន​ រួម​ទាំងសាកល​វិទ្យាល័យ​មក​ពីជ​ប៉ុន​ និង​កូរ៉េ​បន្ថែម​ទៀត​។

ស្រប​ជាមួយគ្នា​នេះ​ដែរ​ យើង​ក៏​រៀបចំ​ឱ្យ​មាន​ Flip​ Classroom​ ដែល​ជា​ការអប់រំ​បែប​ថ្មី​តាម​បច្ចេកវិទ្យា​ ដោយ​និស្សិត​ត្រូវការ​សិក្សា​នូវ​មេរៀន​ដែល​សាស្ត្រា​ចារ្យ​ដាក់​ឱ្យ​ជាមុន​ តាមរយៈ​ការ​មើល​វីដេអូ​បង្រៀន​របស់​សាស្ត្រា​ចារ្យ​ និង​ការស្រាវជ្រាវ​បន្ថែម​ពី​ YouTube​ ជាដើម​។ ហើយ​នៅពេល​ចូល​ដល់​ថ្នាក់រៀន​ពិតប្រាកដ​ គ្រូ​នឹង​មិន​ពន្យល់​ ឬបង្រៀន​មេរៀន​ដដែល​នោះ​ទេ​ គាត់​នឹង​ដឹកនាំ​និស្សិត​ពិភាក្សា​ សួរ​-ឆ្លើយ​ និង​ដោះស្រាយ​បញ្ហា​ស៊ីជម្រៅ​តែម្តង​ដែល​ជា​ចម្ងល់​របស់​សិស្ស​៕

Advertisement