PSG បំបាក់ Monaco ចាស់ដៃ ដើម្បីទៅវគ្គផ្តាច់ព្រ័ត្រនៃ French Cup

ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​អប​អរ​ការ​បន្ត​កុង​​ត្រា​ថ្មី​របស់​គេ​ជា​មួយ​នឹង​ការ​​រក​​គ្រាប់​បាល់​បញ្ចូល​ទី​លើក​ទី​៤៥​របស់​គេ​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Paris Saint-Germain បាន​​បំ​បាក់​ក្រុម​គ្មាន​បទ​ពិសោធ Monaco យ៉ាង​ចាស់​ដៃ​ក្នុ​ង​លទ្ធ​ផល ៥-០ ដើម្បី​ឈាន​​​ទៅ​ជួបក្រុម Angers ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន French Cup នៅ​ខែ​ក្រោយ​។

ខ្សែ​បម្រើ​ប្រយុទ្ធ Julian Draxler បាន​ជួយ​ឲ្យ PSG មាន​​គ្រាប់​បាល់​​នាំ​មុខ​នៅ​នាទី ទី​២៦ នា​កីឡដ្ឋាន Parc des Princes ហើយ Cavani ដែល​ទើប​តែ​​បាន​បន្ត​កុង​ត្រា​ថ្មី​រហូត​ដល់​ឆ្នាំ​២០២០​កាល​ពី​ថ្ងៃ​អង្គារ​នោះ បាន​បន្ថែម​ការ​នាំ​មុខ​រ​បស់​​ក្រុមខ្លួន ខណៈដែល​ក្រុម​របស់​លោក Unai Emery បាន​គ្រប់​គ្រង​លើ​គូ​ប្រកួត​របស់​ខ្លួន​ទាំង​ស្រុង​។ ខ្សែ​ការ​ពារ Safwan Mbae បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​​ឯង​​នៅ​តង់​ទី​២ ហើយ Blaise Matuidi បាន​​រក​គ្រាប់​បាល់​ទី​៤ នៅមុន​ពេល Marquinhos បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​សម្រាប់​ក្រុម​​ម្ចាស់​ផ្ទះ​នៅ​នាទី​ចុងក្រោយ​។

ក្រុម PSG ធ្លាប់​បាន​ផ្តួល​ក្រុម Monaco ៤-១ កាល​ពី​ដើម​ខែ​នេះ ដើម្បី​លើក​ពាន League Cup ជា​លើក​ទី​៤​ជាប់​ៗ​​គ្នា​របស់​ពួក​គេ និង​កំពុង​តែ​ប្រមាញ់​រក​​​ការ​​ឈ្នះ​ពាន Ligue 1 ជា​លើក​ទី​៣​ជាប់​ៗ​គ្នា​របស់​ពួក​គេ​នៅ​បារាំង​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Monaco កំពុង​មាន​ពិន្ទុ​នាំ​មុខ​លើ​ក្រុម​ម្ចាស់​កា​រពារ​តំណែង​ជើង​​​​​ឯក​មួយ​នេះ ដោយ​សារ​តែ​មាន​​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង និង​​នៅ​សល់​មួយ​ប្រកួ​តក្នុង​​ដៃ​​​ក្នុង​ក្រប​ខ័ណ្ឌ Ligue 1 ខណៈដែល​ក្រុម​របស់​លោក Leonardo Jardim ក៏​នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​ក្រុម​សេះ​បង្កង់ Juventus ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នា​សប្តាហ៍​ក្រោយ ផងដែរ​៕

ទស្សនាវីដេអូ៖

ប្រភព​ពពី៖ Mirror

Advertisement