ចំនួនលក់ស្មាតហ្វូនសរុបនៅប្រទេសចិនមានការថយចុះ 3% បើធៀបនឹងឆ្នាំមុន ដោយបានថយចុះពី 100.6លានគ្រឿង មកនៅត្រឹម 97.8លានគ្រឿង។
ក្រុមហ៊ុនស្រាវជ្រាវ និងសិក្សាទីផ្សារ Canalys បានបញ្ចេញរបាយការណ៍ថ្មីស្ដីពីទីផ្សារស្មាតហ្វូននៅប្រទេសចិនប្រចាំត្រីមាសទី3 ឆ្នាំ2019 នេះ។ តួលេខបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនទាំងឡាយ មានតែ Huawei ប៉ុណ្ណោះមានការកើនឡើងចំនួនលក់ បើធៀបនឹងឆ្នាំមុន ដែលបានកើនឡើងដល់ 66% ជាមួយចំនួនលក់ 41.4លានគ្រឿងក្នុងពេល 3ខែ និងក្ដោបក្ដាប់ទីផ្សារបាន 42.4%។
ក្រុមហ៊ុនឈរនៅតំណែងបន្ទាប់ពី Huawei គឺ vivo ដែលលក់ស្មាតហ្វូនបាន 17.5 លានគ្រឿង ថយចុះ 23% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ OPPO, Xiaomi និង Apple ឈរនៅតំណែងបន្តបន្ទាប់គ្នា ដែលចំនួនលក់មានការថយចុះដូចគ្នា។ ក្រុមហ៊ុនដទៃទៀតដែលស្ថិតក្នុង ”Others” ក៏មានការធ្លាក់ចុះចំនួនលក់ផងដែរ៕