បណ្តាញសារព័ត៌មាន និងសង្គម រិះគន់ចៅក្រម ក្រោយ Horn ឈ្នះ Pacquiao

ក្រុមការងារ និងកីឡាករ Manny Pacquiao ផ្ទាល់ នៅថ្ងៃអាទិត្យបានធ្វើការរិះគន់ទៅលើមន្ត្រីចៅក្រម ក្រោយពីតារាប្រដាល់ដ៏ឆ្នើមរបស់ហ្វីលីពីនរូបនេះ បានរបូតខ្សែក្រវាត់ WBO ក្នុងទម្ងន់ 66.7គីឡូក្រាមរបស់គេ ក្រោយពីចាញ់ពិន្ទុទាំងចម្រូងចម្រាសពេលប្រកួតជាមួយនឹងកីឡាករអូស្ត្រាលី Jeff Horn កាលពីថ្ងៃអាទិត្យ។

លោក Justin Fortune គ្រូបង្វឹកផ្នែកកម្លាំងរបស់ Pacquiao និងជាអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យមរបស់អូស្ត្រាលីដែរនោះ បាននិយាយទាំងខឹងសម្បាថា៖ «អាជ្ញាកណ្តាលពិតជាខ្ជះខ្ជាយ ហើយចៅក្រមវិញកាន់តែឆ្កួតទៅទៀត» ហើយទាក់ទងនឹងកីឡាករ Horn ដែលបានបញ្ចប់ការប្រកួតនេះដោយមានមុខហើមយ៉ាងខ្លាំង និងត្រូវតែទទួលការដេរស្នាមរយះនៅលើចិញ្ចើមស្តាំរបស់ខ្លួននោះ គ្រូបង្វឹករូបនោះបានបន្ថែមទៀតថា៖ «Manny ចាញ់ការប្រកួតនេះ ប៉ុន្តែមុខរបស់ Jeff Horn ហើមប៉ោងដូចជាផ្លែល្ពៅអ៊ីចឹង»។ ចៅក្រមទាំងបីបានផ្តល់ពិន្ទុឈ្នះ 117-111, 115-113 និង115-113 ទៅឲ្យកីឡាករ Horn។ លទ្ធផលនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ពីសំណាក់កីឡាករប្រដាល់ឆ្នើមៗ និងបណ្តាញសារព័ត៌មានកីឡា។

អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Lennox Lewis បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «នេះគឺជាអ្វីដែលមានកំហុសក្នុងកីឡាប្រដាល់។ Horn បានប្រើប្រាស់ស្នៀតការពារច្រើន ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា វាជារឿងដែលមិនគួរឲ្យជឿដែលរូបគេអាចឈ្នះការប្រកួតនេះ តាមរយៈការចាញ់ប្រៀបបែបនេះ»។

ស្របពេលជាមួយគ្នានេះ ស្ថិតិនៃការប្រកួត ហាក់ដូចបង្ហាញថា Pacquiao បានទទួលពិន្ទុគ្រប់គ្រងក្នុងការឈ្នះផងដែរ។ ទូរទស្សន៍ ESPN បានបញ្ជាក់ថា Pacquiao បានវាយចេញ 182កណ្តាប់ដៃ ខណៈដែល Horn បានវាយចេញត្រឹមតែ82កណ្តាប់ដៃប៉ុណ្ណោះក្នុងការប្រកួតទាំង 12ទឹក ចំពោះមុខអ្នកគាំទ្រច្រើនជាង 51,000នៅទីក្រុង Brisbane។

Pacquiao ម្ចាស់ខ្សែក្រវាត់ពិភពលោក8ប្រភេទទម្ងន់រូបនេះ បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Filipino TV ថា៖ «យើងបានគិតថា យើងបានឈ្នះការប្រកួតនេះ តែវាគ្មានបញ្ហានោះឡើយសម្រាប់ខ្ញុំ ប្រសិនបើមានការប្រកួតសងសឹក ហើយវានឹងក្លាយជារឿងល្អ ប្រសិនបើការប្រកួតសងសឹក នឹងត្រូវរៀបចំឡើងនៅប្រទេសហ្វីលីពីននោះ»៕
ប្រភពពី៖ Reuters

Advertisement