តើការជ្រើសរើសជំនាញសិក្សាខុសធ្វើឱ្យយុវជនត្រូវប្រឈមនឹងអ្វីខ្លះ?

ការជ្រើសរើសជំនាញសិក្សារបស់យុវជន គឺអាចជាការកំណត់វាសនាអនាគតធនធានមនុស្សរបស់សង្គមទាំងមូល។ នៅពេលយុវជនជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវ ហើយស្របនឹងតម្រូវការរបស់សង្គមនោះ វិស័យធនធានមនុស្សនឹងមានភាពរីកចម្រើនដែលធ្វើឱ្យបណ្តាវិស័យផ្សេងៗក៏អាចអភិវឌ្ឍទៅបានដោយរលូនដែរ។ ផ្ទុយទៅវិញបើយុវជនជ្រើសរើសជំនាញខុសនោះអាចនឹងប៉ះពាល់ដល់អនាគតរបស់ខ្លួន ជាពិសសេនឹងជះឥទ្ធិពលខ្លាំងចំពោះសង្គម ដូចជា បញ្ហាកង្វះធនធានមនុស្សធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេស ក៏ដូចជាការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុងតំបន់។

ម្យ៉ាងវិញទៀត ការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យក៏ដូចជាការជ្រើសរើសផ្លូវដើរដំបូងបំផុតសម្រាប់ជីវិតពួកគេផងដែរ។ មានន័យថា ពេលយុវជនសម្រេចចិត្តជ្រើសរើសជំនាញណាមួយមកសិក្សា គាត់ច្បាស់ជាត្រូវចាប់យកអាជីពនោះពេញមួយជីវិត។តែទោះបីជាយ៉ាងណាក៏ដោយ កន្លងមកមានយុវជនកម្ពុជាមិនតិចនាក់ទេ ដែលជ្រើសរើសជំនាញសិក្សាមិនត្រឹមត្រូវ ដោយសារតែមិនមានអ្នកតម្រង់ទិស ឬមិនយល់ដឹងពីគន្លឹះក្នុងការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ។

ឆ្លើយតបនឹងបញ្ហាកង្វះខាតចំណេះដឹងក្នុងការជ្រើសរើសជំនាញសិក្សារបស់យុវជន អតីតឯកអគ្គរាជទូតយុវជនស្ម័គ្រចិត្តរបស់អូស្ត្រាលី និងជាសហអ្នកនិពន្ធសៀវភៅបុគ្គលជោគជ័យជ្រើសរើសជំនាញត្រឹមត្រូវ លោក រិន រ៉ាវុធ បានថ្លែងថា ការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវគឺត្រូវផ្តោតលើកត្តាសំខាន់ៗចំនួន ២យ៉ាង គឺចំណង់ចំណូលចិត្ត និងទេពកោសល្យដែលខ្លួនមានពីកំណើត។ យុវជនត្រូវស្វែងរកឱ្យឃើញថា អ្វីជាចំណុចដែលខ្លួនស្រឡាញ់ពិតប្រាកដ មុននឹងសម្រេចចិត្តជ្រើសជំនាញណាមួយ ព្រោះក្តីស្រឡាញ់ជាកម្លាំងជំរុញអរូបិយមួយ ដែលធ្វើឱ្យយុវជនអាចបញ្ចេញអស់នូវសក្តានុពលរបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវដោយមិនខ្លាចនឿយហត់ ចំណែកឯទេពកោសល្យវិញ គឺរឹតតែចាំបាច់ដែលជំរុញឱ្យការសិក្សាទទួលបានជោគជ័យ។

លោក រិន រ៉ាវុធ បាននិយាយថា៖ “គំរូនៃភាពថ្កុំថ្កើងរបស់បុគ្គលណាម្នាក់ ដែលយុវជនបានឃើញធ្វើឱ្យយុវជនចង់អនុវត្តដូចបុគ្គលដែលអស្ចារ្យនោះដែរ តែរូបភាពខាងក្រៅនេះ អាចធ្វើឱ្យយុវជនសម្រេចចិត្តជ្រើសរើសមុខវិជ្ជា ដែលប្រាសចាកពីទេពកោសល្យរបស់ខ្លួន”។

លោក រ៉ាវុធ បានបន្តទៀតថា ធម្មជាតិបានផ្តល់ឱ្យមនុស្សនូវភាពខ្លាំងរៀងៗខ្លួន ហេតុនេះគ្រាន់តែស្រឡាញ់លើមុខវិជ្ជាណាមួយមិនគ្រប់គ្រាន់នោះទេ យុវជនត្រូវស្គាល់ពីចំណុចខ្លាំងរបស់ខ្លួន ដែលធម្មជាតិបានផ្តល់ឱ្យ ទើបអាចអភិវឌ្ឍសមត្ថភាពស្របនឹងសក្តានុពលរបស់ខ្លួនបាន។

ផ្ទុយពីគំនិតខាងលើ លោក ស៊ិន បញ្ញាវុឌ្ឍី អតីតប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច នៃសាកលវិទ្យាល័យបាត់ដំបង បានបង្ហាញថា ចំណង់ចំណូលចិត្តគឺជារឿងសំខាន់មួយ ចំពោះការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា តែពេលខ្លះមុខវិជ្ជាដែលគាត់ស្រឡាញ់អាចមិនស្របទៅនឹងទីផ្សារការងារដែលសង្គមត្រូវការ ទីបំផុតគាត់ត្រូវបង្ខំចិត្តធ្វើការខុសជំនាញ។ ហេតុនេះយុវជនគួរពិចារណាលើគុណតម្លៃនៃមុខវិជ្ជា និងទីផ្សារការងារបន្ថែមលើក្តីស្រឡាញ់​ និងទេពកោសល្យដែលខ្លួនមាន ព្រោះគុណតម្លៃនៃចំណេះដឹងរបស់គាត់អាចត្រូវបានគេទទួលយកលុះត្រាតែទីផ្សារត្រូវការអាជីពដែលគាត់មាន។

ស្របនឹងគំនិតនេះដែរ កញ្ញា ភឿក សៅរតនា មន្ត្រីសម្របសម្រួលគម្រោងបណ្តុះ បណ្តាលភាពជាអ្នកដឹកនាំរបស់យុវជននៃអង្គការ វីឌូ (Wedu) ប្រចាំនៅកម្ពុជាបានបង្ហាញថា ដើម្បីជ្រើសរើសជំនាញ បានត្រឹមត្រូវយុវជន គួរសិក្សាឱ្យបានច្បាស់ពីទីផ្សារការងារ ហើយការស្វែងយល់ពីទីផ្សារការងារត្រូវមានភាពឆ្លាតវៃ ស្របជាមួយនឹងទិសដៅនៃការអភិវឌ្ឍរបស់សង្គមនាពេលអនាគត។

កញ្ញា ភឿក សៅរតនា បាននិយាយថា៖ “កន្លងមកយុវជនមិនបានយកចិត្តទុកដាក់ពីការជ្រើសរើសជំនាញតាមតម្រូវការទីផ្សារការងារជាក់ស្តែង ដែលធ្វើឱ្យគាត់ត្រូវប្រឈមមុខនឹងភាពលំបាកក្នុងការរកការងារធ្វើនៅពេលដែលគាត់រៀនចប់”៕

Advertisement