ការសប្បាយជ្រុល ជាមូលហេតុមួយដែលត្រូវអប់រំដើម្បីបង្ការបទល្មើសក្នុងសង្គម

ជារៀងរាល់ថ្ងៃ នៅតាមបណ្តាសារព័ត៌មានបានបង្ហាញពីបទល្មើសនានានៅក្នុងសង្គម ដូចជាហិង្សា ការលួច ឆក់ ប្លន់ជាដើម គឺជាដើមហេតុធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ័យខ្លាច និងរំខានដល់អាជ្ញាធររបស់សង្គមថែមទៀតផង។ អ្នកអប់រំនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បានរកឃើញថា ការសប្បាយជ្រុល និងសម្ភារនិយមរបស់យុវជនជាមូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុនានាដែលនាំឱ្យមានបទល្មើសផ្សេងៗកើតឡើង។

ជាធម្មតា នៅគ្រប់ប្រទេសទាំងអស់តែងតែមានកន្លែងកម្សាន្ត ហើយក៏តែងតែមានឧបករណ៍ទំនើបៗហូរចូលមកដើម្បីសម្រួលដល់ការរស់នៅ។ ឧបករណ៍ទាំងអស់នោះអាចហុចនូវលទ្ធផលវិជ្ជមាន ប្រសិនបើមនុស្សចេះប្រើប្រាស់វាឱ្យបានត្រូវគោលដៅ និងស្របតាមសមត្ថភាពរបស់ខ្លួន តែវានឹងជះផលអវិជ្ជមានផងដែរប្រសិនបើយុវជនប្រើវាមិនត្រូវគោលដៅ។

នៅពេលដែលអាណាព្យាបាលបណ្តោយឱ្យកូនៗសប្បាយជ្រុលជាមួយនឹងសម្ភារនិយមតាំងពីនៅវ័យក្មេងខ្លាំងពេក គាត់នឹងអាចក្លាយជាមនុស្សដែលចង់បានខ្លាំង និងញៀនជាមួយនឹងឧបករណ៍ទាំងអស់នោះ ហើយព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីឱ្យបានឧបករណ៍ដែលមានតម្លៃហួសពីសមត្ថភាពរបស់ខ្លួនមកប្រើ។ ម្យ៉ាងវិញទៀត ជនល្មើសមួយចំនួនត្រូវបានគេរកឃើញថា បានប្រព្រឹត្តបទល្មើសដោយសារតែគ្មានថវិកាគ្រប់គ្រាន់សម្រាប់ការសប្បាយ រួមទាំងការផ្គត់ផ្គង់ផ្ទាល់ខ្លួន បើទោះបីជាពួកគេមានអាជីពមួយដែលមានចំណូលច្បាស់លាស់ហើយក៏ដោយ។

ការសប្បាយខ្លាំងជ្រុលអាចធ្វើឱ្យមនុស្សបាត់បង់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ហេតុនេះហើយទើបមនុស្សមួយចំនួនបានចំណាយអស់ប្រាក់ចំណូលរបស់ខ្លួនត្រឹមតែរយៈពេល1ថ្ងៃ ឬ2ថ្ងៃប៉ុណ្ណោះ។ បញ្ហានេះបានជំរុញឱ្យអ្នកញៀនជាមួយនឹងភាពសប្បាយ ត្រូវតែដាច់ចិត្តប្រព្រឹត្តបទល្មើសដើម្បីបានផ្គត់ផ្គង់ដល់ចំណង់នៃភាពរីករាយរបស់ខ្លួន៕

Advertisement