អតីត Frshie Boy លោក ហ៊ី ប៊ុន្ថា ត្រូវបានអ្នករៀបចំកម្មវិធីប្រកួត Mister Tourism ជាបេក្ខភាពតំណាងប្រទេសកម្ពុជា ចេញទៅប្រកួតឈុតតំណាងជាតិនៅលើឆាកអន្ដរជាតិ។
ការចេញដំណើរពីប្រទេសកម្ពុជាដើម្បីចេញទៅប្រកួតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ Mister Tourism and Culture Universe 2019 លោក ហ៊ី ប៊ុន្ថា បានបង្ហាញពីការរំពឹងទុកយ៉ាងខ្លាំង ថាខ្លួននឹងឈ្នះពានមួយត្រលប់មកវិញ ជាពិសេសគឺពានអ្នកគ្រងឈុតតំណាងជាតិលេចធ្លោ។ យ៉ាងណាមិញលោកក៏បានត្រៀមចិត្តផងដែរ ប្រសិនបើការប្រកួតរបស់លោក មិនទទួលពានណាមួយត្រលប់មកវិញ។
Mister Tourism លំដាប់ពិភពលោក ត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ខែសីហា នេះ ដោយលោកបានយកឈុតរាជបុត្រនាគរាជដែលច្នៃយ៉ាងផ្ចិតផ្ចង់ពីអ្នកច្នៃម៉ូដខ្មែរអស់ទឹកប្រាក់ប្រមាណ ៦ពាន់ដុល្លារ យកទៅប្រកួត។ លោក ហ៊ី ប៊ុន្ថា បានបង្ហាញពីអារម្មណ៍សប្បាយរីករាយនៅពេលលោកមានសំណាងបានគ្រងឈុតនេះ ដោយលោកបញ្ជាក់ថាមានសង្ឃឹមមិនក្រោម៨០ភាគរយ សម្រាប់ការទទួលពាននោះផង។ ការប្រកួតនេះ មានទាំងបេក្ខជន និងបេក្ខនារី មកពីប្រទេសផ្សេងៗរហូតដល់ជាង៣០ នៅជុំវិញពិភពលោកចូលរួមប្រកួតប្រជែង។
ហេតុផលដែលលោកជឿជាក់ គឺដោយសារឈុតនាគរាជដែលបានច្នៃឡើង ជាឈុតដែលរចនាបថបែបខ្មែរ ហើយមានម៉ូដម៉ាយស្រស់ស្អាត ដែលស័ក្តសមនឹងដងខ្លួនរបស់លោកផង។ លោករំពឹងបែបនេះ គឺបន្ទាប់ពីបេក្ខជនដែលធ្លាប់ចេញទៅប្រកួតកាលពីឆ្នាំមុនៗ ក៏ធ្លាប់ឈ្នះពានឈុតតំណាងជាតិស្អាតធ្វើអោយពិភពលោកកាន់តែស្គាល់ពីកម្ពុជា។ លោកថាឈុតតំណាងជាតិឆ្នាំនេះ ស្រស់ស្អាតជាងមុន រចនាបថល្អជាងមុន ទើបលោកហ៊ានរំពឹង។ អតីត Frshie រូបនេះបន្តថា ក្រៅតែពីបង្ហាញឈុតសំលៀកបំពាក់នាគរាជច្នៃដោយកូនខ្មែរ ក៏ត្រៀមបង្ហាញសិល្បៈក្បាច់គុនល្បុក្កតោរបស់ខ្មែរទៅបង្ហាញព្រឹត្តិការណ៍នេះផងដែរ បន្ទាប់ពីបានចំណាយពេល១ខែកន្លះហ្វឹកហាត់។ លោកស្នើឱ្យទស្សនិកជនជួយចូលរួមបោះឆ្នោតឱ្យខ្លួនក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីឱ្យលោកមានសង្ឃឹមដណ្ដើមពានប្រជាប្រិយភាពមួយទៀត។
មកស្គាល់អតីត Frshie Boy ហ៊ី ប៊ុន្ថា ចេញទៅប្រកួតឈុតដំណាងជាតិកម្ពុជាក្នុងកម្មវិធី Mister Tourism
Advertisement