ពិព័រណ៍ជំនាញ និងការសិក្សាជំរុញសិស្សកម្ពុជាឱ្យដើរលើផ្លូវត្រូវ

ការជ្រើសរើសជំនាញសិក្សាត្រឹមត្រូវជារឿងមួយដែលសំខាន់សម្រាប់និស្សិតម្នាក់ៗ និងសង្គមទាំងមូល ព្រោះនៅពេលដែលសង្គមជាតិសម្បូរដោយមនុស្សមានសមត្ថភាព ឬជំនាញច្បាស់លាស់ នៅពេលនោះគ្រប់វិស័យនឹងមានការរីកចម្រើន។

ដើម្បីផ្តល់ជូននូវព័ត៌មានស្តីពីអាជីពការងារនានាដល់សិស្សានុសិស្សនៅកម្ពុជា សមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright បានរៀបចំពិព័រណ៍ជំនាញ និងការសិក្សា ឆ្នាំ 2017 ដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិព័រណ៍ជំនាញ និងការសិក្សាថា ការសិក្សារបស់មនុស្សនាពេលបច្ចុប្បន្ននេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅ ហើយជំនាញទាំងអស់នោះចាំបាច់ត្រូវតែឆ្លើយតបជាមួយនឹងបញ្ហានានាដែលកំពុងកើតឡើង ឬជាប្រភពនៃចំណេះដឹងដើម្បីដោះស្រាយបញ្ហាមនុស្ស។

ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ «យុវជនកម្ពុជា គួររៀនស្គាល់ជំនាញឱ្យបានច្បាស់ ហើយព្យាយាមប្រើប្រាស់ចំណេះដឹងដែលមាននោះឱ្យអស់លទ្ធភាពដើម្បីដោះស្រាយបញ្ហានានាដែលកើតមានឡើងនៅក្នុងការរស់នៅ និងក្នុងសង្គម»។
នៅក្នុងពិព័រណ៍ជំនាញ និងការសិក្សាឆ្នាំ 2017 នេះក៏មានការចូលរួមផងដែរពី ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងអ្នកជំនាញជាច្រើនទៀតដែលបានចែករំលែកបទពិសោធលើប្រធានបទមួយចំនួនដូចជា ការជ្រើសរើសជំនាញសិក្សា កម្រងសំណួរដើម្បីស្គាល់ខ្លួនឯង កិច្ចពិភាក្សាពីមុខជំនាញសិក្សា និងការសិក្សាតាមអេឡិចត្រូនិក ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអ៊ីនធើណេត ដើម្បីអភិវឌ្ឍជំនាញ ជាដើម។ល៕

Advertisement