រឿង «មន្ដស្នេហ៍លេខា» ធ្វើឱ្យ ភិន សុដាលីស មានទឹកមាត់លេបវិញ

បន្ទាប់ពីរឿង «មន្ដស្នេហ៍លេខា» ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើននោះ នាពេលថ្មីៗនេះ មានការស្ទង់មតិរបស់ក្រុមហ៊ុន Agency មួយបានបញ្ជាក់ថា ភាពយន្តរឿង «មន្ដស្នេហ៍លេខា» ទទួលបានប្រជាប្រិយភាពជាប់លំដាប់លេខ14 ក្នុងចំណោមកម្មវិធីដែលពេញនិយមទាំងអស់នៅគ្រប់កញ្ចក់ទូរទស្សន៍។

ជាមួយមោទនភាពនេះអ្នកនាង ភិន សុដាលីស ជាតួឯកស្រីនៅក្នុងរឿង «មន្ដស្នេហ៍លេខា» បានសម្ដែងអារម្មណ៍រីករាយជាខ្លាំង គ្រាដែលទទួលបានសម្ទុះនៃការគាំទ្ររបស់ប្រិយមិត្ដយ៉ាងច្រើន នេះជាកម្លាំងចិត្តដ៏សម្បើមមួយសម្រាប់នាងក្នុងការសម្ដែង បើទោះជាពេលខ្លះនាងមានអារម្មណ៍ថានឿយណាយក៏ដោយ។

អ្នកនាង ភិន សុដាលីស បញ្ជាក់ថា ការដាក់ទុនយ៉ាងច្រើនក្នុងការសម្ដែងរឿងនេះវាពិតជាមិនធ្វើឱ្យនាងខុសបំណងមែន ពោលគឺនាងត្រូវចំណាយពេលនៅឆ្ងាយពីកូនយ៉ាងច្រើនគ្រាដែលកូននាងនៅតូចនៅឡើយ។ ពិសេសក្នុងការសម្ដែងរឿងនេះក៏មានប្រើភាពស្និទ្ធស្នាល មានឈុតឱបថើបជាមួយតួប្រុសច្រើនជាងរឿងផ្សេងៗទៀតផង។

តារាសម្ដែងរូបនេះបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យនាងខំប្រឹងបែបនេះព្រោះនាងគិតថា រឿងនេះអាចជួយជំរុញឱ្យនាងទទួលបានការចាប់អារម្មណ៍ឡើងវិញ ដូចរឿង «ពេជ្រក្នុងបេះដូង» និង «អច្ឆរិយស្នេហ៍» ដែលបានចាក់បញ្ចាំងកាលពីប៉ុន្មានឆ្នាំមុនដែរ។ ជាមួយគ្នានេះដែរ នាងក៏បាននឹករំពឹងទុកដែរថា រឿងដែលនាងកំពុងតែថតសព្វថ្ងៃនេះជាច្រើនទៀតនោះ នឹងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់រឿង «មន្ដស្នេហ៍លេខា» នេះឡើយ។

លោក អ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានអះអាងថា រឿងនេះជាឆ្អឹងរឿងរបស់ក្រុមហ៊ុនធំមួយដោយផលិតកម្មរបស់លោកគឺជាអ្នកចេញមុខផលិត។ លោកបន្ដថា នៅក្នុងសាច់រឿងទាំងមូលមានរសជាតិប្លែក ព្រោះរឿង «មន្ដស្នេហ៍លេខា» ជារឿងដែលមានការផលិតដោយក្រុមធំ 2 បញ្ចូលគ្នា ដែលផ្ដោតយ៉ាងពិសេសលើគុណភាព (បច្ចេកទេសបូករួមជាមួយនឹងសាច់រឿង និងការជ្រើសរើសតារាសម្ដែង) ដូច្នេះទើបត្រូវបានស្ថានីយទូរទស្សន៍ PNN ទិញសិទ្ធិចាក់បញ្ចាំង។

រឿង «មន្ដស្នេហ៍លេខា» កំពុងតែចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង 8យប់។ រឿងនេះក៏មានគម្រោងនឹងចាក់បញ្ចាំងនៅលើរោងភាពយន្ដនាពេលខាងមុខនេះដែរ៕

Advertisement